Sunday, November 24, 2024
Homeនយោបាយឱ្យថ្លៃមុនទិញ

ឱ្យថ្លៃមុនទិញ

ដោយ អាចារ្យថាំ

ពាក្យបណ្តៅមួយថា “ព្រឹក្សាដុះនៅខាងផ្លូវ អ្នកផងដើរទៅឱ្យថ្លៃមុនទិញ” សំដៅ ដល់ដើមម្កាក់ ឬម៉ាកាក់។ ក្មេងក៏ឱ្យថ្លៃវាមុនទិញ ត្រឹមម៉ាកាក់ ចាស់ក៏ម៉ាកាក់ អត់ឡើងដលម៉ារៀល ដូចគេទេ។

យ៉ាងណាមិញ ពួកប្រឆាំងខ្លះ ដោយធ្លាប់ឃើញមន្ត្រីហ៊្វុនស៊ិនប៉ិច ចុះចូល ជភភ បានបុណ្យ បានស័ក្តិ បានលាភសក្ការៈ ក៏ប្រឹង “តថ្លៃមុនទិញ” កាលនោះ មាន កាសែតខ្លះផ្សាយអត់ភ័ស្តុតាងថា លោកញឹក ប៊ុនឆៃ បាន៥លានដុល្លារ លោក សេរី កុសល បានពាក់ផ្កាយ៤ លោកនេះ លោកនោះ បានរដ្ឋមន្ត្រី៘

គេផ្សាយទូលំទូលាយណាស់ ប៉ុន្តែបក្សកាន់អំណាច ឆ្លើយដោះសាថា បើ មានលុយទិញពួកហ្នឹងមែន យកទៅកសាងសាលារៀន ឬជីកអណ្តូងជូនប្រជា- ពលរដ្ឋប្រើប្រាស់ ចំណេញជាង?

ទំនងជាស្រមើស្រមៃ ចង់បានលាភសក្ការៈដូចគេ ក៏មានពួកប្រឆាំងខ្លះ ដែលជា បណ្ឌិត-បញ្ញវន្ត ពីមុនធ្លាប់វាយប្រហារ ជភភ មិនសំចៃ តែពេលនេះគាត់ឈប់វ៉ៃ ជភភ ដោយងាកមកវ៉ៃសម រង្ស៊ី និងកឹម សុខា ម្តងវិញ។ ពីមុនធ្លាប់សរសើរមេ- ប្រឆាំង ថាជាអ្នកស្នេហាជាតិ និងចោទប្រកាន់មន្ត្រី ជភភ ថា “អាយ៉ងយួន” ក៏ប្តូរ ទិស ងាកទៅដៀមដាមលោកសម រង្ស៊ី ថា ក្បត់ជាតិ និងចោទលោកកឹម សុខា ថា “ងាប់នយោបាយ ព្រោះស្រី” តែគេសរសើរបក្សកាន់អំណាច ថា “ដើរលើផ្លូវត្រូវ”។

បើយកករណីនេះ មកពិចារណា មិនខុសពីដើមម្កាក់ ដុះក្បែរផ្លូវ បើអ្នកស្រុក ទៅឃើញ ក៏ឱ្យថ្លៃ “ម៉ាកាក់” ដែលជាតម្លៃថោកបំផុត។ អ៊ីចឹងពួកប្រឆាំងល្មមៗ ខ្លះធ្លាប់ជាប់គុក ២-៣ដង ទោះជាប្រឹងតថ្លៃ “អង្គុយលើចង្អេរ លើកខ្លួនឯង” យ៉ាង ណា ក៏ថ្លៃខ្លួនគាត់ “ម៉ាកាក់”។

ដូចឃើញស្រាប់ហើយសព្វថ្ងៃ រដ្ឋាភិបាល កំពុងប្រឈមវិបត្តិសេដ្ឋកិច្ច និង វិបត្តិកូវីដ-១៩ ដោះមិនទាន់ចេញផង គេមិនល្ងង់អីទៅចំណាយលុយខ្ជះខ្ជាយ ទិញពួកប្រឆាំង “ចិត្តរេដូចចុងស្រល់” នោះទេ។ ជភភ មិនខ្វះទេធនធានមនុស្ស កម្រិតបណ្ឌិតគ្រប់មុខជំនាញ សម្រាប់បម្រើការងាររដ្ឋាភិបាល មិនចាំបាច់ទិញដូរ ពួកប្រឆាំង មកធ្វើទៀតទេ។ ម៉្យាងទៀត ពួកប្រឆាំងនៃអតីត ជណភ្រ បែកគ្នា ខ្ចាត់ខ្ចាយ មិនចាំបាច់ទាក់ទាញ ក៏គេនៅតែបែក។ មិនចាំបាច់ ជភភ ប្រើលុយទៅ ទិញ “ធ្នាក់លលក” ឱ្យរងាវដៀមដាម “លលកព្រៃ” ឱ្យចូលលប់នោះទេ ព្រោះ កាលៈទេសៈប្រែប្រួលខុសពី ២០ឆ្នាំមុន ដែល ជភភ “ចង់បានមន្ត្រីហ៊ុនស៊ិនប៉ិច សំខាន់ៗ”។

ដូច្នេះ តម្លៃពួកគាត់សព្វថ្ងៃនេះ “តើម៉ាកាក់ ព្រមលក់ទេ?” បើព្រម “នគរធំ” ក៏ហ៊ានទិញដែរ កុំថាដល់ ជភភ ប៉ុន្តែបើកាត់ថ្លៃ ២៥ម៉ឺនដុល្លារ ឡើងទៅ ដូចមាត់ ចាបមាត់ព្រាបថានោះ គ្មានអ្នកណាទិញទេ។ ២៥ម៉ឺនដុល្លារ បើយកទៅជីកអណ្តូង ជូនប្រជាពលរដ្ឋនៅតំបន់ខ្វះទឹកប្រើប្រាស់ តើមិនចំណេញ?

អ្នកចង់ស្វែងលាភ តាមរយៈការកាត់ថ្លៃពីចំណេះជំនាញនោះ ជួនកាល “ផ្កាប់ បំពង់ រង់ទឹកភ្លៀង” ស្មានថាភ្លៀងធ្លាក់ហើយ ទីបំផុត អត់១តំណក់។ ការបន្ទន់ ឥរិយាបថរបស់ពួកប្រឆាំង ភាគច្រើនក្នុងក្រុមអ្នកនៅក្នុងស្រុក សូម្បីតាៗញៀន កាហ្វេ ក៏ថា គាត់ចង់លក់ដែរ តែតម្លៃមិនហួសពីម៉ាកាក់។

បើតម្លៃនេះថោក ឬចង់បាន “ម៉ាណែន” (១ណែន) ក៏ទៅមិនរួចដែរ ដែល សម្រេចទៅ ដើមម្កាក់នេះ អភ័ព្វណាស់ កាលគេចង់បានមុនបោះឆ្នោតអាណត្តិទី៥ គាត់មិនលក់ទេ ព្រោះចង់ឱ្យ ជណភ្រ ឈ្នះឆ្នោត ជាពិសេសពួកគាត់ “បានកៅអី រដ្ឋសភា ព្រឹទ្ធសភា” ចែកគ្នាអង្គុយ បានប្រាក់ខែសើមមាត់។ ដល់ ជណភ្រ ក្លាយ ជាខ្មោច ស្រាប់តែចង់តថ្លៃ ដែលតម្លៃគាត់ទាបហួសថ្លែង។

បើម៉ាកាក់ គាត់ក៏មិនលក់ដែរ សុខចិត្តនៅត្រកសិនចុះ ព្រោះចំណេះជំនាញ គាត់ ដែលភាគច្រើនមានសញ្ញាបត្រពីបរទេសនោះ ទាល់តែម៉ាណែន ទើបលក់ តែបើឱ្យម៉ាកាក់ អត់ត្រូវការទេ។ -ឱ! វាសនាដើមម្កាក់អើយ!…”

RELATED ARTICLES