ភ្នំពេញ៖អ្នកមេម៉ាយកូន១លី ម៉ារីណា ថានាងធ្លាប់អត់អោនរាប់មិនអស់ដល់អតីតស្វាមីទើបតែពេលនេះនាងសូមផ្ដាំទៅលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បតិ្តនាងទៅតាមខ្លួននោះសូមមេត្ដាយកមកសងនាងវិញផង។លី ម៉ារីណា ថ្លែងសារកាលពីថ្ងៃទី១៣ខែឧសភា ដោយប្រកាសស្វែងរកអតីតស្វាមីសាត ចាន់ថន ដែលនាងចោទថាបានលួចយកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការ និងលុយមួយចំនួនហើយគេចខ្លួននោះ សូមមេត្តាយកមកឲ្យនាងវិញផង ព្រោះនាងបានទុកពេលឲ្យលោកចាន់ថន ជាច្រើនថ្ងៃ ដែលទ្រព្យនិងលុយទាំងនោះជាកំលាំងញើសឈាមរបស់នាង ហើយបើធ្វើបែបនេះជាគំរូមិនល្អបន្សល់ដល់កូន ព្រោះទោះជាបែកគ្នាក៍មិនត្រូវធ្វើជាសត្រូវនិងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន។នាងបានចោទលោកចាន់ថន ថែមទៀតថារយៈពេល១០ឆ្នាំមកហើយដែលលោកមិនដែលមើលថែរ និងចិញ្ចឹមនាង១សេនទេ ហេតុអីបានជាលួចយកទ្រព្យរបស់នាងអស់ពីខ្លួនបែបនេះ?នាងថារាល់ថ្ងៃគ្មានកំលាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកឲ្យនាងវិញ ព្រោះត្រូវការចិញ្ចឹមកូនតទៅមុខទៀត ។ម៉ារីណា សង្កត់ថាបើលោកចាន់ថន មិនចង់បានរបស់នាងទេ ហេតុអីមិនយកឲ្យនាងវិញ? នាងថាបានទុកឱកាសឲ្យអតីតប្ដីជាយូថ្ងៃព្រោះតែអាណិតកូន តែពេលនេះនាងអស់ភាពអត់ធ្មត់ទៀតហើយ។

នេះជាការថ្លែងលើកដំបូងរបស់លី ម៉ារីណា ដែលចោទអតីតប្ដីថាបានលួចទ្រព្យរបស់នាងទៅតាមខ្លួនហើយព្យាយាមគេចមិនព្រមយកមកប្រគល់ឲ្យនាងវិញ ក្រោយពួកគបានចែកផ្លូវគ្នាកាលពីចុងខែកុម្ភៈឆ្នាំ២០២២ ។តែម៉ារីណា មិនបញ្ជាក់ទេថាតើគ្រឿងអង្ការនិងទឹកលុយដែលលោកចាន់ថន យកពីនាងនោះគិតជាទឹកប្រាក់មានចំនួនប៉ុន្មានឡើយ។ប៉ុន្ដែតាមតារាដែលជិតដិតម៉ារីណា បង្ហើបថាអ្នកមេម៉ាយរូបនេះមានគ្រឿងពេជ្រខ្លះគ្រាន់តែ១ខ្សែរាប់សែនដុល្លារទៅហើយ ហេតុនេះហើយបើលោកចាន់ថន ពិតជាប្រមូលអស់ពីខ្លួននាងទៅដូចការចោទរបស់នាងមែននោះច្បាស់ជានាំឲ្យអ្នកមេម៉ាយសាច់សខ្ចីរូបនេះប្រឈមហានិភ័យសេដ្ឋកិច្ចជាមិនខានឡើយ។

អ្នកយកព័តមានយើងមិនទាន់អាចសុំការបំភ្លឺពីលោកសាត ចាន់ថន អតីតប្ដីលី ម៉ារីណា បានទេកាលពីពេលថ្មីៗនេះ។តាមព័តមានថាលោកចាន់ថន នៅតែសោកស្ដាយសាច់សខ្ចីរបស់ម៉ារីណា ហេតុនេះហើយលោកចង់ឲ្យមានការផ្សះផ្សារស្នេហ៍ដូចដើមវិញ ប៉ុន្ដែម៉ារីណា មិនត្រឹមតែមិនបង្ហាញភ្លើងខៀវនោះទេ តែពេលនេះនាងបានចោទអតីតប្ដីថាលួចទ្រព្យនាងទៅយ៉ាងសន្ធឹកទៀតផង។

សូមរំលឹកថាលី ម៉ារីណា បានរៀបការជាមួយលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣ ដែលចំណងដៃជាង៩ឆ្នាំនេះពួកគបន្សល់កូនប្រុស១អាយជាង៨ឆ្នាំ ទើបម៉ារីណា និងលោកចាន់ថន បានចែកផ្លូវគ្នាទាំងចម្រូងចម្រាសនៅខែ២ឆ្នាំ២០២២ ៕

