ឱ្យតែដល់រដូវឃោសនាបោះឆ្នោតម្តងៗ ឃោសនិកខាងបក្សកាន់អំណាច ជភភ តែងរកល្បិច បំភ័យរាស្ត្រថា “បើ ជភភ ចាញ់ឆ្នោត ផ្ទុះសង្គ្រាម” ប៉ុន្តែ គាត់អត់ចេះពន្យល់អ្នកស្តាប់ថា មូលហេតុនៃការផ្ទុះសង្គ្រាម បណ្តាលមកពីអ្វី?
ធម្មតាអ្នកចង ត្រូវចេះស្រាយ ឯអ្នកនិយាយពីសង្គ្រាម បើមិនចេះបកស្រាយ ពីសង្គ្រាម គួរកុំឃោសនាអី ខ្មាសរាស្ត្រ!
តាមពិត សង្គ្រាម មានប្រភព ឬមូលហេតុផ្សេងៗ ដូចជា អ្នកដឹកនាំ មាន ចរិតលោភលន់ ក៏បញ្ជាទ័ពចូលលុកលុយប្រទេសតូច ដោយមានលេស “ដេញតាម បច្ចាមិត្ត ឬទប់ស្កាត់ការជួញដូរអាវុធ” ជាដើម ដែលករណីនេះ ច្រើនតែកើតឡើងពី បុរាណ ឯសម័យនេះ មិនសូវមានប្រទេសធំ លុកលុយប្រទេសតូចនោះទេ ឃើញតែ រុស្ស៊ី មួយប៉ុណ្ណោះ ដែលលុកលុយប្រទេសអ៊ុយក្រែន ក្រោមលេស “មិនអព្យាក្រឹត”។
សម្រាប់កម្ពុជា មូលហេតុនៃសង្គ្រាម គឺបណ្តាលមកពីដណ្តើមអំណាចគ្នា ជាកត្តា ធំបំផុត ដោយគេមានលេសចោទគ្នាថា “ក្បត់ជាតិ” ឬលក់ដីឱ្យបរទេសជាដើម។
ករណីសម្តេចនាយករដ្ឋមន្ត្រី អាចបញ្ចៀសសង្គ្រាមបានរាប់សិបឆ្នាំកន្លងមក នេះ គឺមកពីកាន់នយោបាយអព្យាក្រឹត ចិន ក៏ត្រូវ អាមេរិក ក៏មិនខុស រុស្ស៊ី ក៏មិន ភ្លេច បារាំង អង់គ្លេស ក៏មិនចោល។ និយាយរួម កម្ពុជា ព្យាយាមមិនឱ្យមហាអំណាច ទាំង៥នោះ អាក់អន់ស្រពន់ចិត្ត តាមរយៈនយោបាយយ៉ាងប៉ិនប្រសប់របស់ប្រមុខ ជភភ។
ដោយឡែក ប្រទេសវៀតណាម ថៃ ឡាវ ជាប់ភូមិផងរបងជាមួយ ក៏នាយក- រដ្ឋមន្ត្រីកម្ពុជា ចងសម្ព័ន្ធភាពជិតស្និទ្ធ ប្រែក្លាយព្រំដែនធ្លាប់បាញ់ផ្លោងដាក់គ្នា ទៅ ជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ។ ប្រទេសឯទៀតក្នុងសហគមអាស៊ី- អាគ្នេយ៍ (អាស៊ាន) ក៏បានចងភ្ជាប់កតិកាសញ្ញា សន្ធិសញ្ញា គោរពអធិបតេយ្យគ្នា ទៅវិញទៅមក ក្នុងនាមមនុស្សជាតិដូចគ្នា។
ចំពោះ “មូលហេតុផ្ទុះសង្គ្រាម” នៅកម្ពុជា គឺបណ្តាលមកពីការធ្វើរដ្ឋប្រហារ ធ្វើឱ្យអ្នកចាញ់ កើតទុក្ខមិនសុខចិត្ត ចាប់អាវុធតស៊ូយកអំណាចវិញ, អ្នកដឹកនាំប្រទេស យកចរិតសងសឹកដាក់មុខ ដោយចាត់ទុកប្រទេសជិតខាងជា “សត្រូវសួពូជ” ធ្វើឱ្យ ព្រំដែនមានជម្លោះជាអចិន្ត្រៃយ៍, មិនប្រយ័ត្នផ្ទៃក្នុង ទុកឱ្យកម្លាំងចារកម្មប្រទេស ជិតខាង ចូលធ្វើសកម្មភាព, មិនគោរពច្បាប់អន្តរជាតិ៘
របបលន់ នល់ និងរបបប៉ុល ពត កើតសង្គ្រាមឈាមដាបធរណី ទាំងសង្គ្រាម ស៊ីវិល ទាំងសង្គ្រាមក្រៅស្រុក គឺមកពីលោកសេនាប្រមុខ លន់ នល់ និងបងធំ ប៉ុល ពត ចាត់ទុក “យួន ជាសត្រូវសួពូជ” ក៏បញ្ជាកងកម្លាំងវាយលុកចូលស្រុកយួន ដោយ មិនប្រយ័ត្ន កម្លាំងចារកម្មចូលបំបែកផ្ទៃក្នុង ធ្វើឱ្យខ្មែរសម្លាប់ខ្មែរ។
ចំណុចសំខាន់នៃការផ្ទុះសង្គ្រាម គឺមកពីអ្នកដឹកនាំប្រទេសអត់អព្យាក្រឹត នៅ ដាច់ឆ្ងាយពីមជ្ឈដ្ឋានប្រជារាស្ត្រ ភ្លេចគិតថា អ្នកដឹកនាំដែលល្អបំផុត គឺនៅត្រង់ “ចេះយកចិត្តពលរដ្ឋ និងពលរេហ៍”។
ទោះយ៉ាងណា ការចងសម្ព័ន្ធមិត្រជាមួយប្រទេសជិតខាង ត្រូវមើលជើងខ្យល់ ដែរ មិនចេះតែគេបង្គាប់ឱ្យធ្វើយ៉ាងណា ក៏ចេះតែធ្វើតាម អាចរងការរិះគន់ពីរាស្ត្រ ថា “អាយ៉ង”។ យើងគ្រាន់តែចងមិត្តភាព អត់រណបគេទេ ចាំបាច់ត្រូវតែលើក តម្កើងអធិបតេយ្យ បូរណភាពដែនដី មិនឱ្យគេរំលោភបានជាដាច់ខាត។
ហេតុនេះឃោសនិក ជភភ ដែលចូលចិត្តបំភិតបំភ័យរាស្ត្រថា បើ ជភភ ចាញ់ ឆ្នោត ផ្ទុះសង្គ្រាមនោះ ត្រូវពន្យល់រាស្ត្រផងថា មូលហេតុអ្វីបានជាផ្ទុះ? បើមិនចេះ ពន្យល់គេទេ គួរកុំបំភ័យ អត់កើតទេ។ សង្គ្រាម មិនងាយផ្ទុះទេ បើអ្នកដឹកនាំអព្យា- ក្រឹត មិនចូលបក្សសម្ព័ន្ធណា គោរពប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាពិសេស កុំធ្វើ ឱ្យមហាអំណាចទាំង៥ អាក់អន់ស្រពន់ចិត្ត។ សំខាន់បំផុត ចេះចងសម្ព័ន្ធភាពជាមួយ ប្រទេសជាប់របងគ្នា ដោយប្រុងប្រយ័ត្ន ក្រែងមានឆ្មាំព្រំដែនខិលខូចទៅបង្កជម្លោះ ជាមួយឆ្មាំព្រំដែនស្រុកគេ។ សាមគ្គីរវាងខ្មែរនិងខ្មែរ ក៏ជាផ្លូវទៅរម្ងាប់អធិករណ៍ ឬជម្លោះនយោបាយ មិនទុកឱ្យឡើងកម្តៅបានយូរទេ ក៏ជះទឹកអម្រឹត គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ទៅពន្លត់’