នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថាគណៈរដ្ឋមន្ត្រីរបស់លោកបានសម្រេច បន្តកាត់បន្ថយពន្ធប្រេងម៉ាស៊ូតស្តង់ដារសម្រាប់រយៈពេលពីរខែទៀតហើយការកាត់លើកនេះកាន់តែច្រើនជាងមុន។
ថ្លែងបន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ២០ ខែកក្កដា ពន្ធអាករលើប្រេងម៉ាស៊ូតគឺ៥បាតស្មើ នឹងជិត៦០០រៀលក្នុងក្នុងមួយលីត្រ។
ការកាត់ពន្ធថ្មីនេះកើនឡើងពីរបាត លេីសពីលេីកមុនដែលមានចំនួនត្រឹមតែបីបាតប៉ុណ្ណោះ។
លោកបាននិយាយថាការកាត់បន្ថយពន្ធ៥បាតនេះនឹងធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំប្រហែល២០ពាន់លានបាត ហើយមូលនិធិប្រេងឥន្ធនៈក៏ធ្វើអោយរដ្ឋខាតបង់ប្រហែល ៧០ ពាន់លានបាតផងដែរ។
លោកប្រាយុទ្ធបានបន្តថារដ្ឋាភិបាលនឹងពិនិត្យឡើងវិញនូវគោលនយោបាយរបស់ខ្លួនលើតម្លៃប្រេងម៉ាស៊ូតរៀងរាល់ពីរខែម្តង ហើយនឹងដាក់ចេញនូវវិធានការពាក់ព័ន្ធជាច្រើនទៀត។
លោកក៏បាននិយាយដែរថា រដ្ឋាភិបាលនឹងពិចារណាលើការឧបត្ថម្ភធនសម្រាប់ក្រុមជាក់លាក់នៃអ្នកប្រើប្រាស់ប្រេងដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត។
តម្លៃប្រេងម៉ាស៊ូតស្តង់ដារគឺតម្លៃ ៣១,៩៤ បាតក្នុងមួយលីត្រកាលពីថ្ងៃអង្គារក្នុងទីក្រុងបាងកកនិងតំបន់ជុំវិញ។
ប្រសិនបើមិនមានការឧបត្ថម្ភធនសម្រាប់ប្រេងម៉ាស៊ូត តម្លៃរបស់វាចាប់ពី៤០,៣៦-៤៤,៣៩បាតក្នុងមួយ
លីត្រកាលពីថ្ងៃអង្គារ៕