Sunday, November 24, 2024
Homeនយោបាយសម្លកំពឹស

សម្លកំពឹស

ដោយ អាចារ្យថាំ

ពួកប្រឆាំងដែលបែកខ្ញែកគ្នារប៉ាត់រប៉ាយនោះ ទោះបីជាអ្នកចេះដឹង ឬបណ្ឌិត បញ្ញវន្ត ណែនាំឱ្យឈប់ឈ្លោះ ក៏ពួកគេនៅតែឈ្លោះរញ៉េរញ៉ៃ “ដូចសម្លកំពឹស” មើលឃើញតែកំហុសគេ ឯកំហុសខ្លួនឯងមើលមិនឃើញ។

លោកផន ផាន់ណា យុវជនគណបក្សភ្លើងទៀន ដែលជាអ្នកគាំទ្រលោកសម រង្ស៊ី បានផុសសំណេរតាមហ្វេសប៊ុកថា “…ដើម្បីបំបែកកម្លាំងអ្នកប្រជាធិបតេយ្យ ដែលមកចូលរួមជាមួយគណបក្សភ្លើងទៀន បាន គឺហ៊ុន សែន ត្រូវដើរតួដោះ- លែងលោកកឹម សុខា ក្នុងពេលឆាប់ៗនេះ។ ជាបេសកកម្មដំបូង គឺលោកកឹម សុខា ចុះទៅសហរដ្ឋអាមេរិក ដើម្បីប្រមូលអ្នកគាំទ្របំបែកអ្នកគាំទ្របក្សភ្លើង- ទៀន។ បងប្អូននៅអាមេរិក ត្រៀមទទួលលោកកឹម សុខា ផង”។

ដោយឡែកកញ្ញារស់ សុផល អនុប្រធានចលនាយុវជនអតីតគណបក្ស- សង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកគាំទ្រលោកកឹម សុខា សរសេរ ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “ក្រុមអាក្រមួន វាកំពុងភ័យខ្លាចលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មានសេរីភាពពេញលេញឡើងវិញ”។

ចំណែកលោកលិម គិមយ៉ា និងលោកគុជ លី ដែលមាននិន្នាការប្រឆាំង បែកចេញពីខ្មោចបក្សសង្គ្រោះជាតិ (ជណភ្រ) មានទស្សនៈខ្វែងគ្នា ជុំវិញរឿង បុគ្គលអ៊ុក ទូច គប់ស្បែកជើងដាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពោលគឺ លោកលិម គិមយ៉ា ថាជាសិទ្ធិនៃការបញ្ចោញកំហឹង ឯលោកគុជ លី ប្រធានបក្ស ខ្មែរតែមួយ លើកឡើងថា ជាការប្រមាថថ្នាក់ដឹកនាំ។ ដល់ពេលឃោសនាបោះ- ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ពួកប្រឆាំងឈ្លោះគ្នាកាន់តែខ្លាំង ឱ្យរយោងដូច សម្លកំពឹស ខ្លះរិះគន់លោកកឹម សុខា ខ្លះរិះគន់លោកសម រង្ស៊ី ខ្លះវ៉ៃគ្នាឯង រញ៉េរញ៉ៃមែនទែន។

និយាយក្នុងន័យប្រៀបធៀប សព្វថ្ងៃបក្សកាន់អំណាច ប្រៀបដូច “មេឆ្នោត កន្ទុយលេខ” ឯពួកប្រឆាំង ដូច “អ្នកចាក់កន្ទុយលេខ”។ អ្នកចាក់ខ្លះអះអាងថា គាត់យល់សប្តិឃើញរើសបានកំណប់មាស ខ្លះអួតថា យល់សប្តិឃើញឡើងភ្នំ ក៏ នាំគ្នាកាត់សប្តិ ចេញជាកន្ទុយលេខ។ ចំណែកមេឆ្នោត ដេកអេះពោះ “អាណា ចាក់អីចាក់ទៅ” ព្រោះប្រដាប់បង្វិលលេខឆ្នោតនោះ “លាបខ្លាញ់គោរអិលព្រិល” ចាក់តាមចិត្តចុះអាពៅ!

ទីបំផុត មេឈ្នេះរាប់លានរៀល ឯអ្នកចាក់អាង យល់សប្តិយល់សូងនោះ ចាញ់បោសគូទ កើតជាជម្លោះក្នុងគ្រួសារ ប្រពន្ធជេរប្តី ប្តីធាក់ខ្ទប់ជញ្ជាំងអ៊ីចឹងទៅ។

មុនដំបូងក្រុមលោកសម រង្ស៊ី ធ្វើយុទ្ធនាការតវ៉ាឱ្យដោះលែងលោកកឹម សុខា និងលើកពាក្យស្លោកថា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ”។ លុះបានឃើញ លោកកឹម សុខា ចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហូបអាហារសម្រន់ ជាមួយគ្នា ស្រាប់តែក្រុមលោកសម រង្ស៊ី រិះគន់ថា នឹងមានការដោះលែងលោក កឹម សុខា ឱ្យទៅបំបែកកម្លាំងអ្នកប្រជាធិបតេយ្យនៅអាមេរិក។ ពួកគេចង់ឱ្យ លោកកឹម សុខា បន្តជាប់សំណាញ់ច្បាប់ទៅមុខទៀត ខណៈដែលសហការីលោក កឹម សុខា ទាមទារឱ្យដោះលែង និងបន្ទោសមេធាវីលោកកឹម សុខា ថា មិន ក្លាហានតវ៉ាឱ្យដឹងសខ្មៅ ដោយចោទថា បក្សកាន់អំណាច កាត់តសារសំឡេង លោកកឹម សុខា និងមិនហ៊ានចោទអាមេរិក។

នែ៎! ចំជាដូចសម្លកំពឹសមែន! ម្តងអ៊ីចេះ ម្តងអ៊ីចុះ បាយបិណ្ឌជាបាយបាត្រ រកប្រាកដនិយមមិនឃើញ។ ក្រុមលោកសម រង្ស៊ី ដែលទាមទារឱ្យដោះលែង លោកកឹម សុខា បែរជាបន្ទច់បង្អាក់វិញនោះ អត់សមទេ ព្រោះ “មនុស្សយក សម្តី ដំរីយកភ្លុក” កុំម្តងចង់ឱ្យដោះលែង ម្តងថាមិនចង់។

ចុះខ្លាចអី! ឧបមាថាលោកកឹម សុខា មានសេរីភាពបានទៅលេងស្រុក អាគាំង ជួបជុំកូនស្រីទាំងពីរនោះ ទោះជាគាត់តោងទាញអ្នកណា ក៏ទាញទៅ បារម្ភធ្វើអី? ម្នាក់ៗថា លោកកឹម សុខា ងាប់នយោបាយទៅហើយ អ៊ីចឹងទោះ ជាគាត់បានទៅអាមេរិក អូសទាញប្រជាពលរដ្ឋ ក៏ទាញមិនកើតដែរ ព្រោះថា ងាប់នយោបាយ។

បើពិចារណាឱ្យហ្មត់ចត់មែនទែនទៅ ពួកប្រឆាំងដូច “សម្លកំពឹស” នៅពេល រៀបបោះឆ្នោតនេះ បើ ជភភ មានមោទនភាពពេក ក៏អត់ស្រួលដែរ។ បងប្អូន គេៗឈ្លោះគ្នា រួចអង្អែលខ្នងគ្នាវិញ ឯ ជភភ មិនមែនបងប្អូន បើចេះតែធ្លោយ ជឿថា គេឈ្លោះគ្នាមែននោះ ជួនកាលភ្លាត់ស្នៀតរបូតកៅអីក្រែល នៅពេល បោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ…សូមពិចារណាផងទាន!…’

RELATED ARTICLES