Sunday, November 24, 2024
Homeនយោបាយសមជារាជវង្ស

សមជារាជវង្ស

ដោយ អាចារ្យថាំ

ប្រទេសថៃ ប្រទេសជប៉ុន ចក្រភពអង់គ្លេស ជាដើម សុទ្ធតែកាន់របប- រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឱ្យរាជវង្ស ធ្វើនយោបាយ ឬបង្កើត គណបក្ស ចូលរួមការបោះឆ្នោតនោះឡើយ។ បានជាគេហាម ព្រោះរាជវង្សានុវង្ស ជាពូជខ្ពស់ហួសពីរាស្ត្រសាមញ្ញ បើចូលប្រឡូកក្នុងនយោបាយ នឹងចៀសមិនផុត “ជេរគ្នាទៅវិញទៅមក” បានន័យថា បើរាស្ត្រជេរស្តេច ធ្វើឱ្យពូជស្តេច ថយតម្លៃ។

សម្រាប់កម្ពុជា “បើកសិទ្ធិថ្វាយរាជវង្សធ្វើនយោបាយ” ជាហេតុនាំឱ្យមាន ការរិះគន់ ជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ អតីតព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ពីសំណាក់គូប្រជែងព្រះអង្គ។

ឥឡូវព្រះរាជបុត្រព្រះអង្គ ព្រះនាម នរោត្តម ចក្រាវុធ បានបន្តវេន ដឹកនាំ ហ៊្វុនស៊ិនប៉ិច ចូលប្រកួតការបោះឆ្នោត ដោយមិនខ្លាចការរិះគន់ជេរប្រមាថពីគូ ប្រជែង។

ទោះយ៉ាងណា “នគរធំ” ឃ្លាំមើលឃើញថា ព្រះប្រធានហ៊្វុនស៊ិនប៉ិច ថ្មីនេះ “សមជារាជវង្ស” នៅត្រង់ព្រះអង្គធ្វើនយោបាយ មិនឱ្យប៉ះទង្គិចគេ ឬមិនរិះគន់ បក្សណាឡើយ ទើបគ្មានអ្នកជេរតិះដៀលព្រះអង្គ ដូចព្រះបិតា នរោត្តម រណប្ញទ្ធិ ដែលទ្រង់សុគតទៅហើយ។

នយោបាយហ៊្វុនស៊ិនប៉ិច សព្វថ្ងៃធ្វើល្អ សមជារាជវង្សពិតៗ ដូចជាព្យាយាម មិនឈ្លោះប្រកែកជាមួយបក្សកាន់អំណាច ជាពិសេសមិនហ៊ានរិះគន់មន្ត្រី ជភភ, មិនរិះគន់បក្សភ្លើងទៀន, មិនរករឿងបក្សតូចៗឯទៀត។ ម៉្យាងទៀត ទោះបីជា ជភភ ឬបក្សឯទៀត រិះគន់ថា ហ៊្វុនស៊ិនប៉ិច “រកកៅអីមិនបាន” ដោយសារធ្លាក់ ប្រជាប្រិយភាព ក៏ហ៊្វុនស៊ិនប៉ិច មិនខ្ចីតបត។

មន្ត្រីហ៊្វុនស៊ិនប៉ិច សំខាន់ៗ បានចុះចូល ជភភ អស់ហើយ ខ្លះទៀតទៅបង្កើត បក្សថ្មី ឃើញនៅសល់តែមន្ត្រីមិនសូវមានឈ្មោះល្បី ធ្វើការអមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។ ប៉ុន្មានថ្ងៃមុន ឃើញព្រះប្រធានហ៊្វុនស៊ិនប៉ិចថ្មីនេះ យាងចុះ មូលដ្ឋាន សំណេះសំណាលជាមួយប្រជារាស្ត្រ ដែលជាកិច្ចចាប់ផ្តើមធ្វើនយោបាយ ខណៈដែលព្រះអង្គម្ចាស់នេះ “ជារថយន្តថ្មីសន្លាង” មិនធ្លាប់បើកកាត់ភក់ផុង ដូចសម្តេចព្រះអយ្យកោ នរោត្តម សីហនុ និងសម្តេចបិតា នរោត្តម រណប្ញទ្ធិ។

ហ៊្វុនស៊ិនប៉ិច គួរតែរក្សាឥរិយាបថថ្លៃថ្នូរ ឱ្យសមជារាជវង្ស តទៅ ដោយកុំ រវល់សន្សំរឿងជាមួយបុគ្គលពុករលួយ បក្ខពួកគ្រួសារនិយមដែលមាននៅក្នុង បក្សឯទៀត។ ជាពិសេសហ៊្វុនស៊ិនប៉ិច ត្រូវមានវិធីសាស្ត្រឃោសនារកសំឡេង ឆ្នោត ដោយលើកសរសើរតែរបបរាជានិយម, លើកពីព្រះកិត្តិនាមសម្តេចព្រះ- រាជអយ្យកោ បិតាឯករាជ្យជាតិ លើកពីការរៀបចំព្រះនគរ ឱ្យមានអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធណា ចម្រាញ់ចម្រោះយកតែអ្នកចេះពិតប្រាកដ មកបម្រើរាជ- ការ មិនក្លែងបន្លំ ឬអាងសញ្ញាបត្រ, ព្យាយាមចាក់ប្ញសរាជានិយមនៅមូលដ្ឋាន ឱ្យជ្រៅទៅ គឺគ្រប់គ្រាន់ហើយ សម្រាប់ហ៊្វុនស៊ិនប៉ិច។

ផ្ទុយទៅវិញ បើហ៊្វុនស៊ិនប៉ិច បណ្តែតបណ្តោយឱ្យឃោសនិកខ្លះចាប់ក្បាល មីក្រូ ដៀមដាមគេ សុទ្ធតែពុករលួយកប់ឆ្អឹង បានត្រឹមគេជេរបកវិញ ប៉ះពាល់ ដល់រាជវង្ស ដែលមានអង្គព្រះមហាក្សត្រ ជាទីសក្ការៈ។

នយោបាយហ៊្វុនស៊ិនប៉ិច ដែលព្យាយាមធ្វើល្អដូចពេលនេះ “នគរធំ” អាច សន្និដ្ឋានបានថា នឹង “ជាប់លេខ៣” ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃ ០៥ មិថុនា ឆ្នាំ២០២២ នេះ។ ឱ្យតែបានលេខ៣សិនទៅ ចាំរកមធ្យោបាយ យ៉ាងណា ដណ្តើមឱ្យបានលេខ១ ឬលេខ២ ទៅអនាគត អាស្រ័យលើមេដឹកនាំឆ្លាត។

សព្វថ្ងៃរវាង ជភភ និងភ្លើងទៀន ទោះជាគូប្រជែងយ៉ាងស្រួចស្រាល់ ក៏បក្សទាំងពីរនេះ រក្សាឥរិយាបថបានល្អ មិនឌឺដងគ្នាប៉ុន្មានទេ ឯអ្នកឈ្លោះជេរ គ្នានោះ វាកើតចេញពីក្រុមលោកកឹម សុខា និងក្រុមលោកសម រង្ស៊ី តបតគ្នា ទៅវិញទៅមក ដែលគេអាចយល់ដល់ពោះវៀនពោះតាំងអ្នកជេរគ្នានេះដើម្បីអី?

សម្រាប់ហ៊្វុនស៊ិនប៉ិច ដែលរក្សាឥរិយាបថថ្លៃថ្នូរស័ក្តិសមជារាជវង្សនោះ “មិនសរសើរមិនបាន” ដូច្នេះឆ្លៀតឱកាសនេះ “នគរធំ” សូមថ្វាយព្រះពរ ជូនពរ ដល់ហ៊្វុនស៊ិនប៉ិច ឱ្យបានឈ្នះលេខ៣ កុំបីអាក់ខានឡើយ ដើម្បីឈានទៅចាក់ ប្ញសនៅមូលដ្ឋាន ដណ្តើមបានជ័យជម្នះ លេខ១ ឬលេខ២ ទៅអនាគត’

RELATED ARTICLES