Sunday, November 24, 2024
Homeនយោបាយហែរួច...ផឹក ១

ហែរួច…ផឹក ១

ចាស់ៗពីដើម នៅពេលពួកគាត់ត្រូវជាប់កំណែនទៅលើទំនប់ លើកផ្លូវ លុះ ចប់ការងារ មេឃុំ-មេភូមិ ចែកស្រា-សឱ្យហូប តាមក្រុម តាមវង់ ដោយមានមាន់ស្ងោរ ឬជ្រក់ស្ពៃ នាំគ្នាក្លែមក្រោមដើមឈើ។

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និយមផឹកស្រា-ស ស្រាថ្នាំ មិនទាន់មានស្រាបៀរ ដូចសព្វថ្ងៃនេះទេ បើមន្ត្រី បុគ្គលិករដ្ឋ មកពីបំពេញបេសកកម្មអ្វីមួយ ក៏ចូលហាងរកស្រាថ្នាំ ឬស្រានាំចូលពី ប្រទេសជិតខាង។

កាលនោះ តែងមានការហែក្បួន “យុវជនចូលបម្រីកងទ័ព” ដោយបញ្ជូន ទៅវ៉ៃពួកឧទ្ទាមខ្មែរក្រហម ខ្មែរប៉ារ៉ា ដោយមានក្បួនម៉ូតូហុងដា ៧០០ ឬ “អាសេតសង់” នាំមុខ ឯយុវជនទាហានថ្មីនោះ គេបំពាក់កម្រងផ្កាឱ្យគ្រប់គ្នា។

អ្នកទៅហែបែកញើសជោកអាវ លុះហែចប់ ក៏នាំគ្នាចូលតៀមផឹកសម្រន់ ក្តីនឿយហត់ សឹងមានអ្នកកាសែតខ្លះ បានសរសេរពីព្រឹត្តិការណ៍នោះមិនឱ្យភ្លេច។ ជាក់ស្តែង លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលនៅជាអគ្គនិពន្ធ- នាយកកាសែតកម្ពុជា បានសរសេរកំណាព្យមានចំណងជើងថា “កម្រងផ្កា ហុងដា សេតសង់” បែបរិះគន់អ្នកផឹកទាំងនោះថា “ហែរួចបោលក្បាលចូលតៀមផឹក ហេណេស៊ី ប៊ីស្តឹកលេចដល់ក ផឹកម្តងប្រាក់ខែច្រើនឆ្នាំត ចំណីអ្នកក្រត្រកួនស្លែ”។

កំណាព្យនេះ មានប្រជាប្រិយភាពខ្លាំងណាស់ មានគេយកទៅទន្ទេញចាំ រត់មាត់ ទោះជាបាត់ស្នាដៃនោះ ក៏នៅចងចាំក្នុងខួរក្បាលមិនភ្លេច។

ឥឡូវដល់កន្លែង “ហែរួច…ផឹក!” តែមិនផឹកស្រា-ស ស្រាថ្នាំ ឬហេណេស៊ី ប៊ីស្តឹកដូចមុនទេ តែអ្នកហែលំដាប់កាលីប គេផឹក ពៅជ ឯអ្នកហែសាមញ្ញៗ ផឹក អាន់ឆឺរ ហ្គេនស្បើក៘ ការហែបក្សតាមដងផ្លូវពេញមួយព្រឹក ឬពេញ១ល្ងាច នោះ ម្នាក់ៗបែកញើសស្ងួតក បើផឹកទឹកសុទ្ធ ទាញកម្លាំងមកវិញមិនបាន ដូច្នេះ ទាល់តែដាក់ពីរបីកំប៉ុង ឱ្យវាដើរខ្យល់ស្រួល។

នៅភ្នំពេញ សំបូរហាងផឹកស៊ីច្រើនគួរសម នៅថ្ងៃហែបក្សលើកដំបូង ឃើញ អ្នកពាក់អាវគណបក្ស ជល់កែវគ្នាទាំងញញឹមបិទមាត់មិនជិត លុះត្រូវ ពៅជ ក្លែមគោដុត ទឹកប្រហុក អមដោយអន្លក់កញ្ឆែតស្រួយខ្ញោកផងនោះ ក៏ឮពួកគាត់ អួតអាងថា “មិនចាញ់ទេ កនយើង!”, “ផឹកឱ្យណាណីទៅ!”។

តាមពិត រដូវបោះឆ្នោត “ជារដូវទឹកឡើង” ដែលត្រីសម្បូរចំណី តែបើទឹក ស្រកអស់ ខ្សត់ចំណីវិញហើយ។ រដូវនេះ “អ្នកធំចិត្តល្អណាស់” សុំអីបានហ្នឹង ហើយ បើសុំត្រឹម “១តុ” អត់កំណាញ់ទេ កុំតែផឹកដល់ថ្នាក់ឆ្កែលិឍមាត់។

ពេលឃើញអ្នកមកពីហែបក្ស សើមមាត់បែបនេះ ទើបយើងនឹកឃើញដល់ កំណាព្យលោកខៀវ កាញារីទ្ធ ដែលមានខ្លឹមសារអប់រំអមតៈ។ មិនអាចបន្ទោស បានទេ ព្រោះអ្វីៗជាវប្បធម៌ប្រពៃណីទៅហើយ សូម្បីពីសម័យសង្គមរាស្ត្រនិយម ពេលឃោសនាបោះឆ្នោតម្តងៗ បេក្ខជនមេឃុំ-ចៅសង្កាត់ ចាត់ឱ្យកូនក្មួយ “សែងឪទិនស្រេះ” ដាក់ស្រា-ស ចំណុះ៣០លីត្រ ទៅដាក់ច្រកផ្លូវ ដោយមាន ពែងតូចៗ សម្រាប់អ្នកទៅស្តាប់ឃោសនា ដងផឹកម៉ាសេរី។ គាត់ផឹកម្នាក់ ១ពែង ឱ្យក្តៅពោះ ទើបចូលអង្គុយស្តាប់ការឃោសនា លុះស្តាប់ចប់ ចេញមកវិញ ដាក់ ១ពែងទៀត ទើបទៅផ្ទះ។

នេះជារឿងធម្មតា សម្រាប់សង្គមខ្មែរ ដែលផឹកស្រា ឬទឹកត្នោតជូរ តាម កន្លែង ឬតាមនិយម។ “នគរធំ” មិនទោមនស្សអ្វីឡើយ នៅពេលឃើញអ្នកហែ បក្ស ជល់កែវក្នុងហាង ឬជុំគ្នាផឹកស្រាបៀរនោះ។

សូមជូនពរឱ្យអ្នកផឹកទាំងឡាយ មិនថាបក្សណាជាបក្សណានោះទេ បាន ឈ្នះឆ្នោតតាមលទ្ធភាព រួចចែកកៅអីគ្នាតាមសមាមាត្រទៅ ចៀសវាងត្រូវស្រា ស្រាប់តែក្លាសម្តី ជេរគ្នាថាបន្លំសន្លឹកឆ្នោតនោះ ក៏មិនកើតដែរ’

RELATED ARTICLES