ខេត្ដកណ្ដាលៈ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាពចាប់ស្ត្រីជាប្រពន្ធបង្ខំរួម ភេទ និងធ្វើទារុណកម្ម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង០៤ និង៣០ នាទី ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចនគរបាល ក្រុង តាខ្មៅបង្រ្កាបចាប់ខ្លួន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកស្រ្ដីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារសាច់ញៀតដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនល្មើសជាប្តីដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នោះឈ្មោះ ហៀង ហួត អាយុ៣៣ឆ្នាំ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឌី ចិន្ដា អាយុ២៨ឆ្នាំ ។ ជនល្មើស និងស្ត្រីរងគ្រោះជាប្រពន្ធ រស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្ម ។ នៅមុនពេលកើតហេតុជនល្មើសរូបនេះបានសេពគ្រឿងញៀននៅក្នុងផ្ទះ រួចក៏ចាប់ស្ត្រីជាប្រពន្ធបង្ខំរួមភេទ ដោយសារតែមិនសូវស្រួលខ្លួនស្ត្រីរងគ្រោះជាប្រពន្ធបានប្រកែកមិនរួមភេទ ជាហេតុធ្វើឲ្យជនល្មើសជាប្តីខឹងសម្បាទាញយកដបដាក់ទឹកទុកសម្រាប់ប្រើប្រាស់គ្រឿងញៀន ចាក់ទឹកនោះចូលទៅក្នុងមាត់ស្ត្រីជាប្រពន្ធ ។ មួយសន្ទុះក្រោយក៏ចាប់ស្ត្រីជាប្រពន្ធស្រាតសារ៉ុងចេញពីខ្លួនធ្វើទារុណកម្មលើប្រដាប់ភេទ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបស្ត្រីរងគ្រោះស្រែកឲ្យក្រុមគ្រួសារជួយ ។
ពេលឮដូច្នេះជនល្មើសបានចុះពីលើគ្រែគេចខ្លួនបាត់ពីលំនៅដ្ឋាន មិនបានប៉ុន្មានម៉ោងផងនោះ ក៏ត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានមកវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ជនល្មើសឈ្មោះ ហៀង ហួត បានសារភាពថា កន្លងមកខ្លួនបានធ្វើសកម្មភាពជក់គ្រឿងញៀនជាញិកញាប់ ។ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីសេពគ្រឿងញៀនរួចមក ខ្លួននឹកចង់រួមភេទក៏ចាប់បង្ខំស្ត្រីជាប្រពន្ធ តែនាងមិនព្រមទើបខ្លួនយកទឹកប្រើប្រាស់គ្រឿងញៀនចាក់ចូលមាត់ ទើបធ្វើទារុណកម្មលើប្រដាប់ភេទជាក្រោយ ។
បច្ចុប្បន្នជនល្មើសកំពុងត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅធ្វើការសាកសួរបន្ថែម ផ្តុំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ។ ដោយឡែកស្ត្រីរងគ្រោះកំពុងដេកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ៕
សិលា