ដោយ អាចារ្យថាំ
កន្លងមក ពួកប្រឆាំង បានបង្កើតពាក្យស្លោកមួយ មានន័យរិះគន់បក្សកាន់- អំណាច (ជភភ) ថា “មុនបោះឆ្នោតសំពះ បោះឆ្នោតរួចសំពង” សំដៅដល់មន្ត្រី ជភភ គ្រប់ជាន់ថ្នាក់ ចែកផ្លូវគ្នាចេញឃោសនា ដើរសំពះរាស្ត្រគ្រប់ច្រកល្ហក លុះ បោះឆ្នោតបានកាន់អំណាច ក៏មានមន្ត្រីខ្លះ សមត្ថកិច្ចខ្លះ ប្រើដំបង បង្ក្រាបទៅ លើពលរដ្ឋដែលតវ៉ារឿងដីធ្លីជាដើម។
ការរិះគន់ជារឿងធម្មតា ប៉ុន្តែបក្សណា បុគ្គលណា ក៏សំពះរាស្ត្រដែរ ព្រោះសម័យ នេះ “រាស្ត្រជាចៅហ្វាយមន្ត្រី” ពុំមែនមន្ត្រី អាងអំណាច ជាចៅហ្វាយរាស្ត្រនោះទេ។
ឥឡូវ “រដូវសំពះរាស្ត្រ” មកដល់ហើយ ដោយចាប់ផ្តើមពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃ ០៣ មិថុនា ឆ្នាំ២០២២។ រយៈពេលជាង១០ថ្ងៃនេះ មន្ត្រី ឬសកម្មជន គណបក្សណា ក៏ទទួលមេរៀនពីមេកោយ ឱ្យចេះដាក់ខ្លួន ដាក់កាយ ឱនក្បាល ត្រុនៗជាមួយរាស្ត្រ សូម្បីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច មានមេដឹកនាំជា រាជវង្ស ក៏ “សំពះរាស្ត្រដែរ”។
ក្រៅពីការហែក្បួនធំតាមឡាន ម៉ូតូគូគ្រឹកគគ្រេង ក៏មានបក្សខ្លះដាក់មីក្រូ តាមរ៉ឺម៉កកង់បួន ឬម៉ូតូកង់បី បើកចូលតាមផ្លូវតូចៗ ចែកកម្លាំងគ្នាដើរសំពះរាស្ត្រ ហុចខិតប័ណ្ណ លើកពីគោលនយោបាយបក្សគាត់។
រាស្ត្រសម័យនេះឆ្លាតណាស់ គាត់រង់ចាំមើលផ្លូវបក្សនយោបាយ ចុះទៅដល់ ផ្ទះគាត់ ក្រែងលោបានអំណោយជាលុយកាក់ សារុង ក្រមា អាវជជុះ ថ្នាំពេទ្យ។ ទោះជាបក្សណាជូនអំណោយ ក៏គាត់ទទួលដៃពីរ រួចជូនពរថា “សូមឱ្យបក្សនេះ បក្សនោះ ឈ្នះឆ្នោត!” ឆ្លើយតបទៅនឹងអំណោយបន្តិចបន្តួចនោះ មិនខុសពី ព្រះសង្ឃ “ប្រទានធម៌អជ្ជៈ” សងថ្លៃបាយឧបាសក ទោះជាអ្នកណាប្រគេន ក៏ លោកសូត្រជូនពរ។
បើរាស្ត្រសុទ្ធតែឆ្លាតម៉្លឹងៗ “បោកយ៉ាងម៉េចបាន?” បើគាត់ស្រលាញ់បុគ្គល ណា ក៏បោះឱ្យបុគ្គលនោះ មិនមែនសម្លឹងឃើញគណបក្សនោះទេ។
របៀបសំពះរាស្ត្រក្នុងរដូវបោះឆ្នោតនោះ មិនមែនទើបតែឥឡូវនេះទេ សូម្បីកាលពីសម័យស្រុកខ្មែរ ទើបទទួលបានឯករាជ្យពីបារាំង ក៏បេក្ខជនតំណាង- រាស្ត្រខ្លះ ចេញសំពះរាស្ត្រដល់ផ្ទះ។
នៅក្នុងរឿង “ព្រះអាទិត្យថ្មី រះលើផែនដីចាស់” របស់អ្នកនិពន្ធសួន សុរិន្ទ បានសរសេរពីតំណាងរាស្ត្រម្នាក់ បានទៅសំពះអង្វរបុរសឈ្មោះ “សម” ឱ្យធ្វើ ឃោសនិក រកសំឡេងឆ្នោតឱ្យគាត់។ បុរសសម មានគេស្គាល់ច្រើន ក៏ជួយឃោសនា រហូតដល់លោកនោះជាប់ឆ្នោតតំណាងរាស្ត្រដូចបំណង។ តាំងពីឡើងតំណាងរាស្ត្រ មក លោកធំលែងចុះមូលដ្ឋានសំពះរាស្ត្រដូចមុន លុះបុរសសម មានទុក្ខធុរៈ ក៏ ឡើងទៅជួបតំណាងរាស្ត្រនោះដល់ផ្ទះ ដោយសុំឱ្យលោកជួយ។ ដឹងអី! តំណាង- រាស្ត្រនេះថា គាត់មិនអាចជួយបានទេ លុះបុរសសម លើកពីគុណបំណាច់របស់ ខ្លួនដែលជួយឃោសនារកសំឡេងឆ្នោត ស្រាប់តែតំណាងរាស្ត្រនោះ ស្តីបន្ទោស ថា “រឿងបោះឆ្នោត ជាកាតព្វកិច្ចរបស់រាស្ត្រ មិនមែនមកពីឯងជួយឃោសនានោះ ទេ” សម្រេចទៅ តំណាងរាស្ត្រចេះតែមានបានទៅមុខ ទុកឱ្យឃោសនិកអភ័ព្វ រកអង្ករច្រកឆ្នាំងស្ទើរមិនបាន។
ដូច្នេះ “រដូវសំពះរាស្ត្រ” បើរាស្ត្រល្ងង់ជឿគេដូចបុរសសម ក្នុងរឿងប្រលោម- លោកនោះ ចាញ់បោកគេហើយ។ បើឃើញគេមកសំពះ ត្រូវពិចារណាថា “សំពះ តែពេលហ្នឹងទេ” បើក្រៅពីពេលហ្នឹង ទោះជាដើរប៉ះគ្នា ក៏គេមិនសំពះដែរ។
កុំភ្លេចថា មេឃុំ ចៅសង្កាត់ ខ្លះឬភាគច្រើន សុទ្ធតែមានផ្ទះធំទ្រំនំខ្ពស់ មានឡានទំនើប ឯផ្ទះគាត់មានរបងការពារមាំណាស់ ដោយមិនបាច់និយាយដល់ តំណាងរាស្ត្រ ដែលរាស្ត្របោះឆ្នោតឱ្យនោះទេ។ ឧបមាថា រាស្ត្រមានទុក្ខធ្ងន់ ត្រូវ គេរំលោភយកដី រត់ទៅពឹងមេឃុំ-ចៅសង្កាត់ ឬតំណាងរាស្ត្រ ឱ្យជួយ ជួនកាល គេបិទទ្វាររបង មិនឱ្យចូល ជួនកាលប្រាប់អង្គរក្សឱ្យដេញ។
ទោះយ៉ាងណា បុគ្គលប្រភេទនេះតិចតួចណាស់ ព្រោះថ្នាក់ដឹកនាំ ជភភ បាន ប្រដៅមន្ត្រីក្រោមឱវាទឱ្យចេះសំពះរាស្ត្រ គ្រប់ពេលវេលា មិនសំពះតែនៅរដូវ បោះឆ្នោតនោះទេ។ បក្សភ្លើងទៀន និងបក្ស ១៥ទៀត ដែលចូលប្រកួតដណ្តើម កៅអីមេឃុំ-ចៅសង្កាត់ អាណត្តិទី៥នេះ សុទ្ធតែហាត់ពីរបៀបសំពះរាស្ត្របាន ល្អណាស់ ប៉ុន្តែរង់ចាំមើល បើគាត់ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ តើនៅ សំពះរាស្ត្រទៀត ឬមួយបិទទ្វាររបងមិនឱ្យចូល?…’