ដោយ អាចារ្យថាំ
ឃ្លោងឃ្លាបុរាណថា “សេះជា ឱ្យវាស្ទុះមើលកម្លាំង គោខ្លាំងផ្ទុកឱ្យធ្ងន់ បរមើលវា ទឹកដោះរួត ឱ្យមើលចុងថនា មេធា ឱ្យសម្គាល់ស័ព្ទនិយាយ” មានខ្លឹមសារអប់រំនយោបាយច្បាស់ក្រឡែត ប៉ុន្តែកវីបណ្ឌិត មិនបង្ហាញត្រង់ៗ ដោយចេញជាកំណាព្យ ទុកឱ្យមនុស្សស្រករក្រោយពិចារណា។ ករណីបក្សកាន់អំណាច បើកផ្លូវឱ្យគណបក្សភ្លើងទៀន ដែលមានមេប្រឆាំង សម រង្ស៊ី នៅពីក្រោយ និងបន្តបិទសេរីភាពលោកកឹម សុខា ឱ្យជាប់សំណាញ់ច្បាប់ ជាង ៤ឆ្នាំនោះ កំពុងដើរចូលឃ្លោងឃ្លាខាងលើ នេះហើយ ដែល “នគរធំ” សូមលើកពី “សេះជា និងគោខ្លាំង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាបឋម យើងសូមបកស្រាយលម្អិតឃ្លោងឃ្លាបទពាក្យ៨ នេះ ជាមុនសិន ៖
-សេះជា ឱ្យវាស្ទុះមើលកម្លាំង ៖ សំដៅដល់អ្នកដើរទិញសេះ យកមកប្រើ អូសរទេះបរយកឈ្នួល មុនដំបូង គេមើល មាឌ ក្រចក សម្បុរ ក្រយៅ អណ្តាត ធ្មេញ លុះត្រាតែគ្មានទាស់ ទើបបាន។ សំខាន់បំផុត បន្ទាប់ពីត្រួតពិនិត្យរូបសម្បត្តិសេះ រួចហើយ គេត្រូវ “មើលមារយាទ” វាទៀត ដោយចាប់ច្រកគាវទឹមរទេះ រួចគោះវាឱ្យស្ទុះមើលកម្លាំង។ បើវាផាយត្រង់ តាមផ្លូវ អាចយកបាន តែបើវាលាក់ពុតត្បុត ហោះបញ្ឈរជើងពីរទៅលើ ទម្លាក់មនុស្សពីរទេះ និងស្រែកកញ្ជ្រៀវ ហេ! ហេ! មិនត្រូវទិញវាទេ ព្រោះសេះមារយាទអាក្រក់បែបនេះ នាំឱ្យម្ចាស់ថយរាសី។
-គោខ្លាំង ផ្ទុកឱ្យធ្ងន់ បរមើលវា ៖ ពាក្យថាខ្លាំង សំដៅដល់គោចេះអត់ធន់នឹងកម្តៅថ្ងៃ ភ្លៀង ខ្យល់ មិនដាក់នឹម។ ពេលទិញឬដូរគោ គេត្រូវត្រួតពិនិត្យតាំងពីក្រយៅ ក្រចក អណ្តាត ធ្មេញ សម្បុរ ដំណើរ។ ដំណើរគោមិនល្អ គឺវាដើរវាស ជើងក្រោយ ហៅថា “ដំណើរផាត់សន្សើម” គេមិនយកទេ ជួនកាលគោខ្លះ រសើប លាងទឹកមិនបាន។ បើចូលចងព្រ័ត្រនង្គ័ល វាធាក់ម្ចាស់ ឬផ្អើលទាញនង្គ័លឡើងភ្លឺឺស្រែ។ ដូច្នេះ មុននឹងទិញឬដូរ គេត្រូវទឹមរទេះ ផ្ទុកស្រូវ៤-៥បាវ ឱ្យធ្ងន់មែនទែន រួចបរចុះភក់ផុង បើវាចេះតស៊ូអូសស្រូវដ៏ធ្ងន់នោះ ចេញផុតពីផុង សន្មតថាជាគោល្អ។
-ទឹកដោះរួត ឱ្យមើលចុងថនា ៖ ថនា = ដោះ សំដៅដល់ការចិញ្ចឹមមេគោយកទឹកដោះ នៅពេលម្ចាស់កសិដ្ឋាន ចាប់មេ គោណាមួយមករួតយកទឹកដោះ គេសម្គាល់ចុងដោះវាស្វិតទៅៗ បង្ហាញថាអស់ទឹកដោះ ត្រូវឈប់រួតទៀត នាំឱ្យមានបញ្ហា ដំបៅក្បាលដោះជាដើម។
-មេធាឱ្យសម្គាល់ស័ព្ទនិយាយ ៖ មេធា = អ្នកប្រាជ្ញបណ្ឌិត បើចង់ដឹងថា បណ្ឌិតនោះមានកម្រិតចេះដឹងជ្រៅជ្រះ ឬខ្សោយ គេត្រូវចាំស្តាប់គាត់ថ្លែងស័ង្កថា ឬបាឋកថា ពីជំនាញអ្វីមួយ។ បើគាត់ចេះតែនិយាយហូរហែត្រប៉ែលត យកជាខ្លឹមសារអ្វី មិនបាន សម្គាល់ថា មិនមែនបណ្ឌិតទេ តែមូលហេតុគាត់មានឈ្មោះជាបណ្ឌិត ដោយសារការទិញសញ្ញាបត្រជាដើម។
“នគរធំ” សូមលើកតែពីឃ្លាទី១ និងទី២ មកបរិយាយដោយធ្វើការប្រៀបធៀបទៅនឹងនយោបាយឱ្យងាយយល់ ៖
-សេះជា ឱ្យវាស្ទុះមើលកម្លាំង ៖ សំដៅដល់បក្សកាន់អំណាច (ជភភ) ព្រមទទួលយក “បក្សភ្លើងទៀន” ឱ្យចូលរួម ប្រកួតបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ជភភ បានដឹងប្រាកដថា បក្សភ្លើងទៀន មានមេប្រឆាំង សម រង្ស៊ី នៅពីក្រោយ ចាំតែរកថវិកាជួយភ្លើងទៀន ឱ្យដំណើរការដោយរលូន។ យើងដឹងហើយថា ការបង្កើតគណបក្សមួយៗ បើ គ្មានលុយសែន-លានដុល្លារ ទៅមិនរួចទេ ដោយមិនអាចមានពាន់ដុល្លារ អាចធ្វើកើតនោះឡើយ។ គ្រាន់តែចំណាយលុយ លើកស្លាកបក្ស បោះពុម្ពអាវបក្ស បោះពុម្ពខិត្តប័ណ្ណ ចំណាយទៅលើការងារសកម្មជន ថ្លៃសាំងឡាន ម៉ូតូ មីក្រូ បើគិត សរុបទូទាំងប្រទេស សួរថា “តើភ្លើងទៀន បានលុយពីណា?” យើងអាចឆ្លើយបានថា “បានមកពីស្រោមសំបុត្រពីអាណិកជន នៅបរទេស ដែលមាននិន្នាការប្រឆាំង ជាពិសេស អាចមានឧកញ៉ា ថៅកែធំៗនៅក្នុងស្រុក លួចជួយឧបត្ថម្ភដោយលាក់-មុខ។ ជភភ ពិតជាដឹងច្បាស់ណាស់ ពីប្រភពចំណាយរបស់បក្សភ្លើងទៀន តែ ជភភ អត់ញញើតទេ ព្រោះដឹងថា “ប្រឆាំង បែកបាក់គ្នា” អ៊ីចឹង “សេះជា ឱ្យវាស្ទុះមើលកម្លាំង” មានន័យថា “បក្សភ្លើងទៀន របស់លោកសម រង្ស៊ី ជាសេះជា” ត្រូវទុក ឱ្យស្ទុះមើលកម្លាំងសិន។ អាចនឹងឃើញកម្លាំងសេះ តាំងពីពេលហែក្បួនបក្ស រហូតដល់ដឹងលទ្ធផលសន្លឹកឆ្នោត បើពិតជា សេះជា ឬសេះហោះ យកជើងពីរទ្រមេឃ នឹងឃើញច្បាស់។ បើកាលណាដឹងថា សេះជាហើយ ជភភ អាចរៀបចំយុទ្ធសាស្ត្រថ្មី ទប់ទល់នឹងសេះជានេះ នៅពេលបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ ដោយមិនអាច “រំលាយចោលដូច ជណភ្រ” នោះទេ ប៉ុន្តែត្រូវរកមធ្យោបាយយ៉ាងណា ឱ្យសេះជានេះ ទន់ខ្សោយវិញ ដោយ ហេតុថា ជភភ “មានសេះអាជានេយ្យ” សម្រាប់ទឹម រទេះ ឬជិះខ្នងពេញក្រោល មិនខ្វះទេ។
-គោខ្លាំង ផ្ទុកឱ្យធ្ងន់ បរមើលវា ៖ ឃ្លានេះយើងអាចប្រៀបធៀបទៅនឹងលោកកឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ។ បានជាថាគាត់ជាគោខ្លាំង នៅត្រង់ទោះបីគាត់ជាប់សំណាញ់ច្បាប់ជាង៤ឆ្នាំ រើខ្លួនមិនរួច និងធ្លាប់ឡើងជណ្តើរ តុលាការ រាប់សិបដង ក៏នៅតែ “អន្តរជាតិទទួលស្គាល់” ជាពិសេស អង្គទូតបស្ចិមប្រទេស ដាក់វេនគ្នាចេញចូលសួរសុខទុក្ខ គាត់ មិនដែលដាច់។ ថ្មីៗនេះ លោកទូតអាមេរិក ប្រចាំកម្ពជ៉្ពា លើកឡើងថា “កម្ពុជា នឹងទទួលបានផលប្រយោជន៍ បើលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ”។ ការថ្លែងរបស់មន្ត្រីទូតមហាអំណាចទី១នេះ បង្ហាញថា បើលោកកឹម សុខា មិនខ្លាំង តើបរទេសណាគេក្តៅស្អុះចូលមកសួរសុខទុក្ខគាត់នោះ ហើយអាចជូនលុយកាក់គាត់ខ្លះ មិនអត់ទេ សម្រាប់ ទប់កាហ្វេ គុយទាវ សាំងឡាន ថ្លៃទឹកភ្លើង ឬចេញទៅធ្វើបុណ្យទានជាដើម គ្មានអ្នកណាចូលមកសួរដៃទទេ អត់បញ្ញើជូន ម្ចាស់ផ្ទះនោះទេ។
ដូច្នេះ ចំណុចខ្លាំងរបស់លោកកឹម សុខា នៅត្រង់អង្គទូតបរទេស មិនបោះបង់នេះឯង ដោយដាក់សំណើទៅបក្សកាន់-អំណាច ឱ្យផ្តល់សេរីភាពជូនលោកកឹម សុខា ប៉ុន្តែ ជភភ មានទៅល្ងង់អី ក៏ដោះសាថា “ជារឿងរបស់តុលាការ” ក្លាយជា ទម្លាប់ទៅហើយ។ ជភភ ដឹងថា កឹម សុខា ជា “គោខ្លាំង” អ៊ីចឹងត្រូវ “ផ្ទុកឱ្យធ្ងន់ បរមើលវា” ធ្ងន់នៅត្រង់ “ដាក់គំនាបនីតិវិធី ពន្យារពេល” រាប់ឆ្នាំ ឡើងតុលាការសឹកកាំជណ្តើរ ដោយគ្មានបានការ។ ជភភលៃលកយ៉ាងណាលេងគោខ្លាំងហ្នឹង ឱ្យធ្ងន់បន្តិច ដោយរង់ចាំមើល “សេះជាស្ទុះសិន” ទើបលែងគោខ្លាំងពីក្រោល។
យុទ្ធសាស្ត្រនយោបាយ សម្រាប់អ្នកមានភ្នែកមុត មើលឆាប់ដឹងណាស់ ជាពិសេស “សេះជា សម រង្ស៊ី និងគោខ្លាំង កឹម សុខា” ធ្លាប់ស៊ីស្មៅខ្ចីនៅវាលស្មៅជាមួយគ្នា មិនដែលប្រាយជើងធាក់គ្នា ឬជល់នោះទេ បើ ជភភ ឱ្យទៅស៊ីស្មៅនៅវាល ជណភ្រ វិញ អត់ចំណេញទេ។
ឥឡូវនៅក្នុងដំណាក់កាល “សេះជា ឱ្យវាស្ទុះមើលកម្លាំង” នៅត្រង់បក្សកាន់អំណាច បើកផ្លូវឱ្យបក្សភ្លើងទៀន ហែ ក្បួននេះឯង។ ជភភ ឆ្លាតណាស់ មិនរករឿងស្អីទេ ទោះបីជាក្រុមសហការីលោកកឹម សុខា ចាក់ចង្កេះ ជភភ ឱ្យផ្លុំពន្លត់ ភ្លើងទៀន ក៏មិនធ្វើតាម។ យើងឃើញរូបថតមួយ ល្បីពេញបណ្តាញសង្គម ខណៈដែលបុរសម្នាក់ ពាក់អាវភ្លើងទៀន ជួយ ចាក់សាំងម៉ូតូ ឱ្យបុរសម្នាក់ពាក់អាវទេវតា ជាសញ្ញាថា “ជភភ បើកផ្លូវមើលកម្លាំងស្ទុះរបស់ភ្លើងទៀន ឬសេះជា” នេះឯង ដោយទុក “គោខ្លាំង” ឱ្យនៅសិន ព្រោះជាប់នឹមនឹងក ត្រដរអត់រួច។
សរុបទៅ ឃ្លោងឃ្លាបុរាណថា “សេះជា ឱ្យវាស្ទុះមើលកម្លាំង គោខ្លាំងផ្ទុកឱ្យធ្ងន់ បរមើលវា” ជាខ្លឹមសារបែបឧបមាន- វិធីនៃយុទ្ធសាស្ត្រនយោបាយសុទ្ធសាធ។ ទោះជាសេះជា សម រង្ស៊ី លេងល្បិចយ៉ាងណា ក៏ ជភភ មើលដឹងថា សេះនេះ មុនដំបូងស្រួលទេ លុះអូសរទេះទៅមុខបានបន្តិច ក៏ហោះយកជើងពីរទ្រមេឃ ជ្រុះទំនិញពីរទេះអស់។ ចំណែកគោខ្លាំង កឹម សុខា បើបណ្តោយឱ្យរួចពីនឹមភ្លាមៗ អាចរត់ទៅ “ស៊ីស្មៅជាមួយសេះ” វិញ ដែលជាបរិបទសម្រាប់ពួកប្រឆាំងទាំងពីរក្រុម ដែលកំពុងពាក់មុខយក្សដាក់គ្នានោះ ពិចារណាតាមការគួរ…’