ដោយ អាចារ្យថាំ
រវល់តែអ៊ុតលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ភ្លេចបណ្តាំរាស្ត្រ ដែល ផ្តាំផ្ញើតាម “នគរធំ” ថា “ដូងគាត់ហូបមិនអស់” សូមឱ្យរាជរដ្ឋាភិបាល ជួយរក ទីផ្សារផង។
ការផ្តាំផ្ញើរបស់រាស្ត្រ មិនអាចមើលរំលង ឬបំភ្លេចបានឡើយ ដោយហេតុ ថា នៅជនបទ ផ្ទះរាស្ត្រណាក៏មានដាំដើមដូង សូម្បីតែផ្ទះខ្លះនៅទីប្រជុំជន ឬទីផ្សារ ក៏មានដាំដូងខ្លះដែរ។ បើនិយាយពីលំនៅឋានក្បែរជើងភ្នំ ឬក្បែរមាត់- ស្ទឹង ដើមដូងមិនដឹងជាយកទៅធ្វើអ្វីអស់ទេ ដែលដើមនីមួយៗ មានផ្លែស្អេកស្កះ ពេញៗធ្លាយ ទុកឱ្យទុំជ្រុះ ឬវាជ្រុះជាប់នឹងគល់ធាង។ កាលពីទសវត្សមុនៗ ដូង ចេញក្តឹបធំមិនទាន់ផង ក្មេងៗឡើងបេះស៊ីរលស់អស់ពីដើម រីឯផ្លែទុំៗ គេដឹកទៅ លក់ឯផ្សារ បានកម្រៃគ្រាន់នឹងទប់ទល់ជីវភាព។
ជាអកុសល សម័យនេះ “ក្មេងលែងផឹកទឹកដូង” ដោយពួកគេងាកមក “ផឹក ស្រាបៀរវិញ” ឱ្យតែបានជួបជុំបងប្អូន មិត្តភក្តិ គេរៃលុយគ្នា ឬប៉ាវគ្នាទិញស្រាបៀរ ទាំងកេសៗ មកផឹកដល់ផ្ទះ ជល់កែវ ច្រៀងខារ៉ាអូខេ ដោយមើលមិនឃើញដូង ផ្លែចុកៗធ្លាយ អត់អ្នកហូប។ ធម្មតាដើមដូង ទាល់តែក្មេងកំលោះ ឬបុរសវ័យ ខ្លាំង ទើបឡើងរួច តែបើអ្នកខ្លាំងឈប់ផឹកទឹកដូង ងាកមកស្រាបៀរ ឬឡាប់-យេបែបនេះ “ស្រណោះដើមដូង” ខ្លាំងណាស់ ព្រោះវាក្លាយជាអស់តម្លៃ។
កាលពីសម័យសង្គមរាស្ត្រនិយម រាស្ត្រខ្មែរ ចូលចិត្តហូបទឹកដូង គ្រប់គ្នា បើ ហូបមិនអស់ ក៏ទុកឱ្យទុំ សម្រាប់កោសយកខ្ទិះ ធ្វើបង្អែមឬស្លការី។ បើដូងទុំច្រើន ក៏ដឹកពេញៗរទេះ យកទៅបោះឯផ្សារ អត់ដែលសល់ឡើយ។ ចម្ការដូងធំៗ ជា របស់នាហ្មឺនៗ សម័យនោះ ដូចជាចម្ការចេង ហេង នៅរាម ខេត្តព្រះសីហនុ ចម្ការ លន់ នល់ នៅដំណោក់ចង្អើរ ខេត្តកែប ជាដើម មានរាប់ពាន់ដើម សម្រាប់យក ផ្លែទុំៗ ដឹកបញ្ចូលរោងចក្រផលិតសាប៊ូ មានប៉ុន្មាន ក៏រោងចក្រ ឬរោងសិប្បកម្ម ទទួលទិញទាំងអស់។
ចុះសព្វថ្ងៃ សាប៊ូសុទ្ធតែនាំចូលពីបរទេសយ៉ាងនេះ ជាហេតុនាំឱ្យផលិតផល ដូង កកស្ទះ ដែលគ្រប់ៗផ្ទះមានដូងទុំជ្រុះពេញដី ឱ្យគេរើសយកក៏គេមិនរើសដែរ កុំថាឡើយដល់ទៅប្រាប់គេឱ្យឡើងបេះដូងខ្ចីហូប។
កសិករដាំស្វាយកែវរមៀត “យំមិនចេញទឹកភ្នែក” នៅពេលស្វាយពួកគាត់ ធ្លាក់ថ្លៃ ១គីឡូ ១០០រៀល ឈឺចិត្តពេក ក៏ដឹកតាមគោយន្ត យកទៅបោះចោល ក្បែរចិញ្ចើមថ្នល់ ទុកឱ្យមេភូមិទៅស្តីបន្ទោស។ រឿងស្វាយអត់ទីផ្សារមធ្យម មកងំរឿងដូងទុំ អត់ទីផ្សារដែរ ចប់ហើយស្រុកខ្មែរ។ មូលហេតុមកពីយុវវ័យ ទាំងប្រុសទាំងស្រី ចូលចិត្តផឹកស្រាបៀរ ទើបគេភ្លេចទឹកដូង ទុកឱ្យទុំជ្រុះចោល អត់ប្រយោជន៍ ធ្វើបង្អែមក៏មិនអស់ ទីផ្សារក៏ទទួលមានកម្រិត ត្រឹមតែទិញយក ទៅធ្វើនំ ឯដូងខ្ចី សម្រាប់តែអ្នកជំងឺហូបបាយមិនបាន។
ជាសំណូមពររបស់ប្រជារាស្ត្រ តាមរយៈ “នគរធំ” ពួកគាត់សូមស្នើរាជរដ្ឋា- ភិបាល ជាពិសេស ឧកញ៉ាល្បីៗ សូមមេត្តាបង្កើតរោងចក្រផលិតសាប៊ូ ដែលយក វត្ថុធាតុដើមពីដូងទុំ មកផលិតឱ្យដូចពីសង្គមចាស់ផង។ គាត់ដឹងថា ដូងប្រេង របស់ឧកញ៉ា ម៉ុង ប្ញទ្ធី សម្រាប់នាំចេញ និងផលិតជាប្រេងឆា តែដូងផឹកទឹកនៅ តាមចម្ការ ឬជុំវិញផ្ទះ គ្មានប្រភពនាំចេញ។
បើសិនជារាជរដ្ឋាភិបាល ពិសេស ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម អាចរកទីផ្សារជូនកសិករលក់ដូងទុំ បាននោះ ធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរ ឡើង។
“នគរធំ” ក៏មើលឃើញដែរថា រោងចក្រស្រាបៀរចេះតែកើតឡើងបន្តគ្នា ដោយមានយីហោខុសគ្នា រកស៊ីដេញជើងគ្នា និងលក់មិនសល់ ព្រោះតែមានអ្នក ផឹកច្រើន ហើយមានរង្វាន់ទាក់ទាញទៀត។ អ៊ីចឹងបើអាចបង្កើតរោងចក្រសាប៊ូ ឬផលិតផលអ្វីដែលចេញពីខ្ទិះដូង តើអាចដោះស្រាយបានទេ? នេះជាការផ្តាំផ្ញើ របស់ប្រជារាស្ត្រនៅជនបទ ដែលមានដូងទុំជ្រុះចោល លក់មិនចេញ ទុកឱ្យពួក គាត់យំមិនចេញទឹកភ្នែក ដូចអ្នកដាំស្វាយដែរ…’