ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol រដូវកាលទី៤លោកទុំ រដ្ឋា ហៅទុំ សុវត្ថិ ដែលធ្លាក់ចេញពីកម្មវិធីមួយនេះ ត្រឹមវគ្គJudge Audition នោះត្រូវបានគេចាត់ទុកថាលោកជួប”គ្រោះ ក្នុងលាភ”ព្រោះក្រោយលែងមានសិទ្ធិទៅវគ្គបន្ដប្រលងចម្រៀងមួយនេះបន្ដទៀតនោះលោកសុវត្ថិ បានទទួលការអាណិតអាសូរ និងមានសប្បុរសជនឧបត្ថម្ភថវិការជាបន្ដបន្ទាប់ព្រោះតែពួកគេយល់ថាតារាវ័យ២៦ឆ្នាំមកពីខេត្តស្ទឹងត្រែងរូបនេះមានសម្ថភាពមិនសាកសមធ្លាក់ត្រឹមវគ្គនេះឡើយ ទើបធ្វើឲ្យគណៈកម្មាការ២រូបគឺលោកឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា ដែលមិនព្រមចុចYes ដើម្បីឲ្យលោករដ្ឋា ឈានទៅវគ្គបន្ទាប់នោះប្រឈមការរិះគន់ច្រើនពីមហាជនពិសេសគឺលោកសុវណ្ណារាជ តែម្ដង។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថ្មីៗនេះលោកសុវត្ថិ ត្រូវបានម្ចាស់កម្មវិធីសម្ពោធផលិតផលមួយចំនួនហៅឲ្យលោកទៅច្រៀងជាបន្ដបន្ទាប់ដែលនេះជាការបើកផ្លូវឲ្យតារាកំព្រាតាំងពីតូចរស់នៅជាមួយជីដូនកំសត់រូបនេះចាប់ផ្ដើមមានរស្មីជីវិតឡើងវិញជាបណ្ដើរៗហើយព្រោះអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គងជីវភាពបានធូស្រាលជាងមុន។ដោយឡែកComposer និងជាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះម្នាក់នៅហង្សមាសលោកសួន ពិសិដ្ឋ បានសន្យាចំពោះពិសិដ្ឋ ថាលោកនឹងសុំថៅកែហង្សមាសឲ្យទុំ សុវត្ថិ មានឱកាសច្រៀងសម្ដែងនៅផលិតកម្មនេះតែម្ដង ហើយឲ្យយោបល់សុវត្ថិ ថាមិនចាំបាច់ទៅចូលផលិតកម្មណាផ្សេងទេ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកសួន ពិសិដ្ឋ ដើម្បីចង់ដឹងថាតើហង្សមាសព្រមទទួលយកលោកទុំ សុវត្ថិ ធ្វើជាសមាជិករបស់ផលិតកម្មធំនេះក្រោមការអន្ដរាគមន៍របស់លោកមែន ឬយ៉ាងណាតែទូរស័ព្ទចូលលោកពិសិដ្ឋ មិនលើកឡើយកាលពីរសៀលថ្ងៃទី១៤មិថុនា ។ដោយឡែក Composer ម្នាក់ទៀតរបស់ហង្សមាសបានប្រាប់នៅថ្ងៃដដដែលនោះដោយសុំមិនឲ្យដាក់ឈ្មោះថាបើហង្សមាសព្រមទទួលយកលោកទុំ សុវត្ថិ ឲ្យចូលហង្សមាសមែនក៍មិនមែននៅពេលនេះដែរ គឺទាល់តែកម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤នេះចប់ទើបបានដឹងច្បាស់។អ្នកជំនាញភ្លេងរូបនោះថាហង្សមាសមានការងារច្រើនឲ្យតារាខ្លួនធ្វើព្រោះមានConcerts នៅប៉ុស្ដិ៍ទូរទស្សន៍របស់ខ្លួនហេតុនេះហើយផលិតកម្មនេះនៅត្រូវការតារាជាច្រើនទៀត ។ប៉ុន្ដែលោកថាពិបាកប្រាកដថាទុំ សុវត្ថិ បានចូលហង្សមាស ព្រោះថាសម្លេងលោកសុវត្ថិ ស្រដៀងឆន សុវណ្ណារាជ អីចឹងបើគេទៅគឺផលិតកម្មធំនេះមានន័យថាហង្សមាសមានសុវណ្ណារាជ ដល់ទៅ២នាក់ហើយ។

តាមព័តមានថាលោកទុំ សុវត្ថិ ទទួលបានលុយពីសប្បុរសជនទាំងអស់ជិត១ម៉ឺនដុល្លារ ក្រោយធ្លាក់ចេញពីCambodian idol រដូវកាលទី៤ទាំងមិនអស់ចិត្តនេះដែលក្នុងនោះទឹកប្រាក់ចំនួន៥០០០ដុល្លារបានមកពីទឹកចិត្តសប្បុរសធ័មរបស់សម្ដេចតេជោហ៊ុន សែន៕

