ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP TROPHY TOUR) ដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅនៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព ហើយក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានកាន់និងលើកពានធ្វើពីមាសសុទ្ធ ទម្ងន់ជាង ៦គីឡូក្រាម ដែលមានតម្លៃទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះដោយផ្ទាល់ផងដែរ។
សូមបញ្ជាក់ថា ពានបាល់ទាត់ពិភពលោក ធ្វើពីមាសសុទ្ធ ទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតារ។
ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក នាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួន ជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះ រួមមាន ៖ ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា សម្តេច ពិតជារីករាយ និងមោទនភាពជាខ្លាំង ចំពោះការបានទទួលស្វាគមន៍ចំពោះដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះរាជាណាច្រកម្ពុជា មានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់ តាមក្លឹបបាល់ទាត់នានា ចំនួនប្រមាណ ២០០០នាក់ និងមានប្រមាណជាង ៣០០០នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មានប្រមាណជាង ១០ម៉ឺននាក់ ។ សម្តេច បានបន្តថា ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក នាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣០០០លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជា ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចហ៊ុន សែន សូមឲ្យអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។
សម្តេចនាយករដ្ឋមន្រ្តីបានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ២០២២ នេះ ក្នុងនាមសម្តេច ជាប្រធានអាស៊ាន សម្តេច ចង់ឃើញអាស៊ាន មានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន គាំទ្រនិងជំរុញគំនិតផ្តួចផ្តើមនេះ ឱ្យក្លាយជាការពិត ។ ទន្ទឹមនេះ អាស៊ាន គួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ២០៣៤ ឬឆ្នាំ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡា ក្នុងសហគមន៍អាស៊ាន ឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិក តាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ាន ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដ៏មានឥទិ្ធពលនេះ ។
សម្តេចនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមហ៊ុនកូកា-កូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើកពានរង្វាន់បាល់ទាត់ពិភពលោក និងសូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំកម្មវិធីនេះ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ៕ ខៀវទុំ