Friday, November 22, 2024
Homeព័ត៌មានជាតិលួចលុយ១៥ម៉ឺនដុល្លារ ជាប់ខ្នោះ២នាក់

លួចលុយ១៥ម៉ឺនដុល្លារ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ បានធ្វើសកម្មភាពលួចប្រាក់របស់ជនជាតិចិនម្នាក់ ចំនួន ១៥ម៉ឺនដុល្លារ បានសម្រេច និងព្យាយាមរត់គេចខ្លួនអស់រយៈពេល ១០ថ្ងៃ ទីបំផុតក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចប្រាក់ ១៥ម៉ឺនដុល្លារនេះ បានកើតឡើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ រហូតមកដល់វេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចផ្លូវ២៨៩ កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងទី២-ឈ្មោះ QING YUI YUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន។ ចំណែកជនរងគ្រោះ មានឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិន។

តាមប្រភពពីសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ថា  កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីលួចប្រាក់ចំនួន ១៥ម៉ឺនដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិន។

ប្រភពដដែល បន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចជំនាញបានបើកការស៊ើបសង្កេតរហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ខាងលើ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ រួចក៏នាំយកមកធ្វើការសាកសួរ។ ជាមួយនេះ សមត្ថកិច្ច បានដកហូតសម្ភារៈ រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-5515 ទូរស័ព្ទចំនួន ២គ្រឿង ម៉ាក OPPO ពណ៌ខៀវ និងម៉ាក VIVO ពណ៌ផ្កាឈូក កូនកាំបិតស្នៀត ចំនួន២ ទួរណឺវីស ចំនួន១ សោកាច់អក្សរតេ ចំនួន៣ (ទុកសម្រាប់កាច់សោទ្វាររថយន្ត) សោចិញ្ចៀន លេខ៨-៩ ចំនួន២ និងមេដែក ចំនួន១។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

ជនសង្ស័យខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES