ភ្នំពេញ៖តារាកំប្លែងលោកចែម ចាន់រ៉ា ហៅនាយពែកម៉ី បានថ្លែងកាលពីថ្ងៃទី១៤ខែមិថុនា ថានៅដើមខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះលោកនឹងទទួលបានលិខិតស្របច្បាប់ពីការចាកចេញពីCTN ដែលក្នុងនោះក៍មានតារាកំប្លែងនាយក្រូច,នាយគ្រឿន និងលោកតាវ៉ិចទ័រ ជាដើមក៍ត្រូវដើរចេញព្រមគ្នាដែរ។នាយពែកម៉ី ថាចំពោះមូលហេតុដែលធ្វើឲ្យក្រុមកំប្លែងលោកមានការបែកខ្ញែកគ្នាបែបនេះគឺដោយសារតែអគ្គនាយកថ្មីជាជនជាតិឥណ្ឌា មកដឹកនាំ ដែលនាយ ហៅថាគ្រាន់តែជនជាតិគេម្នាក់សោះធ្វើឲ្យក្រុមកំប្លែងមួយនេះបែកគ្នាអស់ក្នុងនោះមានរួមទាំងពិធីករបាល់ទាត់លោកស៊ីថូ ណាថាន់ ក៍បានចាកចេញពីCtnហើយដែរ។អតីតកម្មករសំណង់ក្លាយទៅជាតារាកំប្លែងល្បីឈ្មោះរូបនេះថាពេលលោកចាកចេញពីCTN ហើយគឺមានតែទៅសម្ងំនៅស្រុកកំណើតនៅខេត្តស្វាយរៀងហើយផលិតជាវីដេអូបែបកំប្លែងៗប៉ុណ្ណោះ តែលោកមិនភ្លេចគុណដល់អ្នកឧកញ៉ាគិត ម៉េង និងCTN ទេដែលបានផ្ដល់ឱកាសឲ្យលោកចាប់ផ្ដើមការងារសិល្បៈតាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាប្រធានផលិតក្មវិធីទូរទស្សន៍របស់CTN និងជាអ្នកដឹកនាំក្រុមកំប្លែងCBS មិនលើកទូរស័ព្ទឡើយកាលពីរសៀលថ្ងៃទី១៥មិថុនា ព្រោះទូរស័ព្ទលោកកំពុងជាប់រវល់ តែលោកផ្ញើរសារថានឹងតេមកអ្នកយកព័តមានយើងវិញ។ចំណែកនាយពែកម៉ី សង្កត់ថាក្រោយនាយសរសេរសារទម្លាយពីការតឹងតែងរបស់ថ្នាក់ដឹកនាំមកលើក្រុមកំប្លែងCtn កាលពីថ្ងៃទី៣១ខែឧសភា ហើយថ្នាក់លើស្នើរឲ្យលុបចេញនោះក្រោយមកនាយក៍ត្រូវបានគេដកចេញពីការថតកម្មវិធី”បាទមេ”រយៈពេលជាង១០ថ្ងៃតែម្ដង។នាយពែកម៉ី និយាយចំៗថានាយពិតជាអន់ចិត្តនិងខឹងតាឥណ្ឌា ដែលជាអគ្គនាយកថ្មីរបស់CTN តែនាយមិនភ្លេចគុណដល់ស្ថានីយ៍ទូរទស្សន៍មួយនេះឡើយ។

គូរបញ្ជាក់ថានាយពែកម៉ី បានប្រលងជាប់ជាតារាកំប្លែងរបស់CTN កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០១០ ពោលគឺនាយបានចាប់អាជីពសិល្បៈរយៈពេលជាង១២ឆ្នាំមកហើយដែលធ្វើឲ្យទាំងកេរ្ដិ៍ឈ្មោះនិងជីវភាពរបស់លោកដារ៉ា ប្រែប្រួលដូចមេឃនិងដី បើប្រៀបធៀបពីមុនដែលនាយគ្រាន់តែជាកម្មករសំណង់។សព្វថ្ងៃនាយពែកម៉ី រស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបម៉ាកLexus Lx 570 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងក្លាយទៅជាតារាកំប្លែងមានមន្ដស្នេហ៍មិនធម្មតាពោលគឺមានស្រីក្មេងៗតោងស្នេហាមិនចាញ់នាយចឺម ,នាយក្រូច និងលោកអ៊ីណូ ឡើយ។

មហជនរងចាំមើលថាតើក្រុមកំប្លែងរបស់CTN ពិតជាបែកខ្ញែកគ្នាអស់នៅខែ៧ដូចការអះអាងរបស់នាយពែកម៉ី មែន ឬមួយអ្នកដឹកនាំថ្មីដែលជាជនជាតិឥណ្ឌាមានការផ្សះផ្សារឡើងវិញដើម្បីឲ្យក្រុមកំប្លែងមួយនេះនៅតំណើរការទៅមុខទៀត?
