អាមេរិក៖តារាចម្រៀងស៊ិចស៊ីលោកអែន ឌី បានហោះទៅទីក្រុងLong beach សហររដ្ឋអាមេរិករយៈពេល១ខែ កាលពីថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២ ដោយចេញតំណើរតែម្នាក់ឯង ហើយតាមគម្រោងនឹងមកដល់ខ្មែរវិញនៅថ្ងៃទី១៣ខែកក្កដា ខាងមុខនេះប្រសិនបើមិនជាប់ដៃច្រៀងសម្ដែងនោះទេ។នេះជាការចេញទៅអាមេរិកស្ទួនៗរបស់លោកអែន ឌី ព្រោះកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២២ លោកក៍បានទៅដើរលេងនៅរដ្ឋវ៉ាស៊ីនតោនឌីស៊ី រយៈពេល៩ថ្ងៃម្ដងហើយដែរ។

លោកអែន ឌី ថ្លែងតាមសារឆាតហ្វេសបុកថាគម្រោងលោកមកកម្សាន្ដនៅអាមេរិកសារជាថ្មីនេះមានរយៈពេលតែ៣០ថ្ងៃប៉ុណ្ណោះ ហើយមិនទាក់ទងការច្រៀងសម្ដែងណាមួយឡើយ ព្រោះថានៅទីនោះខែនេះជារដូវក្ដៅ ហេតុនេះហើយមិនសូវមានShow នោះទេ គឺទាល់តែខែត្រជាក់បានមានការសម្ដែងសិល្បៈច្រើន។ប៉ុន្ដែលោកថាអាចនឹងពន្យាពេលទៅខ្មែរវិញដែរ ប្រសិនណាមានបងប្អូននៅទីនោះសំណូមពរឲ្យលោកច្រៀងសម្ដែងណាមួយដែលលោកគិតថាអាចធ្វើទៅបាន។

ការចេញទៅអាមេរិកជើងនេះជាលើកទី៤ហើយសម្រាប់លោកអែន ឌី ព្រោះកាលពីឆ្នាំ២០១៣ និង២០១៧ អតីតតារាចម្រៀងហង្សមាសរូបនេះក៍ធ្លាប់ទៅសម្ដែងជាមួយមិត្តរួមអាជីពផងដែរ តែនៅឆ្នាំ២០២២ នេះលោកចេញទៅ២លើកជាប់ៗគ្នាតែម្ដង។យ៉ាងណាលោកអែន ឌី ថាទោះជាពេលនេះលោកកំពុងមានដំណើរកម្សាន្ដយ៉ាងរីករាយលើទឹកដីអាមេរិកមែន ប៉ុន្ដែលោកស្ដាយដែលមិនបានចូលរួមមង្គលការកូនរបស់អ្នកនាងគង់ សុជាតិ នៅថ្ងៃទី១៨ខែមិថុនា ខាងមុខនេះព្រោះថាលោកបានទិញសំបុត្រយន្ដហោះរយៈពេល១ខែមុនទៅហើយ អីចឹង ពេលជិតដល់ចេញទៅក្រៅអ្នកនាងសុជាតិ ទើបប្រាប់ការកូនធ្វើឲ្យលោកមិនអាចCancel ជើងហោះហើនោះបានទេ។

មុនចេញទៅអាមេរិកនេះលោកអែន ឌី ក៍បានផលិតបទចម្រៀងជាមរតកដើមឡើងវិញជាបន្ដបន្ទាប់ផងដែរ ហើយលោកថាដោយសារតែកូវីដបានអូសបន្លាយអស់ជាច្រើនខែទើបមុននេះលោកអាកខានចេញទៅក្រៅស្រុកតាមគម្រោងការ ហេតុនេះហើយពេលកូវីដថមថយវិញទើបធ្វើឲ្យលោកមានឱកាសទៅអាមេរិកដល់ទៅ២ដងក្នុងឆ្នាំតែមួយនេះ៕


