Sunday, November 24, 2024
Homeព័ត៌មានជាតិអតីតបេក្ខនារីកញ្ញាឯកចក្រវាល២០២២ បកស្រាយបញ្ចប់រឿងជាមួយអតីតសង្សារ

អតីតបេក្ខនារីកញ្ញាឯកចក្រវាល២០២២ បកស្រាយបញ្ចប់រឿងជាមួយអតីតសង្សារ

ភ្នំពេញ ៖ ចំណងស្នេហាដ៏ចម្រូងចម្រាស រវាងអតីតបេក្ខនារីកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២២ និងអតីតសង្សារ ដែលធ្លាប់មានប្រពន្ធកូនរួចទៅហើយ និងបានចេញមុខបកស្រាយការចោទប្រកាន់គ្នាទៅវិញទៅមក ដោយភាគីបុរសថាជានាងជាប្រពន្ធរបស់ខ្លន តែភាគីស្រីប្រកែកថា មិនមែនជាប្រពន្ធ ត្រឹមតែជាសង្សារចាស់នោះ ពេលនេះ ត្រូវបានអតីតបេក្ខនារីកញ្ញាឯកចក្រវាលរូបនេះ ចេញមុខបកស្រាយជាលើកចុងក្រោយ ដើម្បីបញ្ចប់រឿងជាមួយនឹងអតីតសង្សាររបស់ខ្លួន។

អតីតបេក្ខនារីកញ្ញាឯកចក្រវាលកម្ពុជា (Miss Universe Cambodia 2022)   ដែលបានផ្ទុះរឿងរ៉ាវស្នេហាចម្រូងចម្រាសនោះ មានឈ្មោះសុគន្ធ ចរិយា ហៅឆាងអឺ ឬហៅណាមជិម (កូនកាត់ថៃ) ជាអតីតបេក្ខនារីកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២២ ពាក់ស្លាក MUC7។ ចំណែកបុរសជាអតីតសង្សារ មានឈ្មោះមួន សុផានិត ហៅប៊្លូ។

តាមរយៈវីដេអូឡាយ រយៈពេលប្រមាណជាង ១ម៉ោងកន្លះ កាលពីវេលាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ អតីតបេក្ខនារីកញ្ញាឯកចក្រវាល សុគន្ធ ចរិយា បានរៀបរាប់ថា “ជម្រាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា ពីយប់មិញហ្នឹង ដែលខ្ញុំចេញឃ្លីបវីដេអូនៅក្នុង TikTok ហើយត្រូវគេយកទៅកាត់ត គឺខ្ញុំបានចូលមើលវីដេអូហើយ ហើយមើលខមិន វាអាចប៉ះពាល់អារម្មណ៍ខ្ញុំខ្លះ តែខ្ញុំក៏ដឹងខ្លួនដែរថា វាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំខឹងយ៉ាងខ្លាំង បន្ទាប់ពីមើលវីដេអូរបស់គេហើយ ព្រោះពេលមើលវីដេអូគេហើយ ខ្ញុំក៏ចេញវីដេអូ មានអាកប្បកិរិយាអត់សមរម្យទៅដល់បងប្អូន ហើយក៏បាននិយាយលើសលស់ពាក្យសម្តីតិចតួច និងចេញអាកប្បកិរិយារបស់អ្នកមានកំហឹង ដោយសារខ្ញុំមានកំហឹងរឿងគេនិយាយអត់ពិត។ អ៊ីចឹងខ្ញុំស្តាប់ទៅហើយ ខ្ញុំខឹង អ៊ីចឹងពេលខ្ញុំចេញឃ្លីបវីដេអូទាំងកំហឹង អ៊ីចឹងអាចនឹងមានអ្នកស្រលាញ់ចូលចិត្តខ្ញុំ ក៏វិលមកស្អប់ខ្ញុំវិញ ថាអូហ៍ អត្តចរិតខ្ញុំបែបហ្នឹងហើយ ទើបខ្ញុំជួបរឿងបែបហ្នឹង។ តាមពិតទៅ អត់ទេ ខ្ញុំបានមើលឃ្លីបវីដេអូខ្លួនឯងហើយ ក៏មានអារម្មណ៍ថាសោកស្តាយមែនទែន នៅពេលដែលអារម្មណ៍ខឹងរបស់ខ្ញុំ វាអត់អាចគ្រប់គ្រងបាន។ ឥឡូវខ្ញុំសូមមកនិយាយរឿងរបស់ខ្ញុំបន្តទៀត ហើយចំពោះរឿងនេះ មហាជនមានចម្ងល់ចង់សួរអី ខ្ញុំអាចបកស្រាយបាន ហើយរឿងដែលកំពុងតែផ្ទុះល្បីក្រោយនេះ គឺរឿងខ្ញុំមានទំនាក់ទំនងជាមួយប្តីគេ ខ្ញុំចេញឃ្លីបបកស្រាយក្នុង TikTok ហ្នឹងអាចមានពាក្យសម្តីលើសលស់តិចតួចអី ប៉ុន្តែខ្ញុំក៏ដឹងកំហុសខ្លួនឯងដែរ ខ្ញុំសំពះសុំទោសមហាជនទាំងអស់គ្នា ដោយសារការនិយាយរបស់ខ្ញុំហ្នឹង ខ្ញុំបាននិយាយទាំងកំហឹង ព្រោះនៅពេលដែលគេនិយាយពីរឿងអត់ពិត ធម្មតាទេ នៅពេលដែលយើងស្តាប់ភ្លាមៗ យើងតែងតែខឹងហើយ អ៊ីចឹងគឺយើងចេញវីដេអូទៅភ្លាម​ គឺប្រាវ!ៗ អត់មានការគិតអីច្រើនវែងឆ្ងាយទេ តែត្រឡប់មកមើលវិញ គឺមានអារម្មណ៍ថា សោកស្តាយខ្លាំងមែនទែន ព្រោះវាធ្វើឱ្យខ្ញុំទប់កំហឹងអត់បាន…”។

កញ្ញា សុគន្ធ ចរិយា បានបន្តថា “ឥឡូវចូលសាច់រឿងយើងវិញ ខ្ញុំមកបកស្រាយរឿងគេកំពុងចោទប្រកាន់ខ្ញុំថា ខ្ញុំមានទំនាក់ទំនងជាមួយប្តីគេ ហើយសំណួរដែលខ្ញុំសួរទៅកាន់មនុស្សស្រីម្នាក់ សុំមិនបញ្ចេញឈ្មោះទេ សំណួរដែលខ្ញុំសួរ តើចិត្តស្រីដូចគ្នា ចង់បានបែបហ្នឹងមែន? ហើយថែមទាំងអស់លុយ ២ម៉ឺនទៀត លុយក្នុងកុងធនាគារ នៅមុនពេលដែលខ្ញុំជួបអតីតសង្សារខ្ញុំហ្នឹង គឺខ្ញុំមានលុយក្នុងកុងធនាគារ ២ម៉ឺន គឺខ្ញុំបានសន្សំមកជាយូរហើយ ខ្ញុំមិនមែនជាកូនអ្នកមានអីទេ គឺខ្ញុំសន្សំវាទុកសម្រាប់ទិញផ្ទះ ប៉ុន្តែបន្ទាប់ពីខ្ញុំស្គាល់អតីតសង្សារខ្ញុំមក គឺគាត់បាននិយាយពីការរកស៊ីវិញ ខ្ញុំក៏ចាប់អារម្មណ៍ដែរ ព្រោះខ្ញុំក៏ចង់មានមុខរបរមួយល្អដែរ ក៏និយាយពីរឿងរកស៊ី បើកស្កាយបារអ៊ីចឹងទៅ ហើយសព្វថ្ងៃ មានបំណុលជាប់ខ្លួនទៀត ចំនួន៣ពាន់ដុល្លារ បំណុលធនាគារ ដែលបំណុលទាំងអស់ហ្នឹង គឺមុននឹងយើងទៅខ្ចីធនាគារ មានលិខិតបញ្ជាក់អ្វីមួយហើយ បញ្ជាក់ប្រាប់ធនាគារថា យើងយកលុយមកប្រើប្រាស់ក្នុងន័យបែបណា? ខ្ញុំរាល់ថ្ងៃមានបំណុលជាប់ខ្លួនទៀត ក្រោយពីបិទហាងហើយ ចំណាយលុយខ្លួនឯង ២ម៉ឺនហើយ មានបំណុល ៣ពាន់ដុល្លារជាប់ខ្លួនទៀត ហើយការដែលខ្ញុំខ្ចីធនាគារហ្នឹង គឺខ្ញុំយកមកបើកហាង ហើយបើសិនជាហាងហ្នឹងមិនមែនឈ្មោះខ្ញុំ ក៏ខ្ញុំខ្ចីលុយធនាគារអត់បានដែរ ហើយសព្វថ្ងៃ គឺខ្ញុំជំពាក់ធនាគារ បន្ទាប់ពីខ្ញុំបិទហាងមក ហើយអតីតសង្សារចាស់ខ្ញុំ ស្រែកថា ហាងហ្នឹង គឺគាត់បើកឱ្យខ្ញុំ ខាងម្នាក់ស្រីទៀត គឺគាត់អះអាងថាជាភរិយា គាត់ស្រែកថា ហាងហ្នឹងជាហាងរបស់គាត់ អ៊ីចឹងខ្ញុំសួរវិញថា ហាងហ្នឹងជាហាងរបស់អ្នកណា? ចុះបំណុលដែលជំពាក់ធនាគារនេះ បើសិនជាអះអាងថា ជាហាងរបស់ខ្លួន សុំយកបំណុលទៅផង ព្រោះខ្ញុំរាល់ថ្ងៃ ជាប់បំណុលធនាគារ ៣ពាន់ដុល្លារ ព្រោះពេលខ្ញុំបើកហាង ឈ្មោះហាងហ្នឹង ឈ្មោះរបស់ខ្ញុំបានខ្ញុំខ្ចីធនាគារបាន ឥឡូវបើអះអាងថា ហាងហ្នឹងជាហាងរបស់ខ្លួនឯង សុំយកបំណុលទៅផង កុំរុញបំណុលឱ្យខ្ញុំ ការចំណេញជារបស់ខ្លួនឯង ហើយខ្ញុំសួរថា ចិត្តស្រីដូចគ្នាចង់បានបែបហ្នឹងអត់? ខ្ញុំអស់លុយ ២ម៉ឺនហើយ ខ្ញុំជំពាក់ធនាគារទៀត ឈឺចាប់អត់? ខ្ញុំយំឡើងលែងចង់យំហើយ ព្រោះរឿងកន្លងមកវាច្រើនពេក នៅក្នុងខួរក្បាល ខ្ញុំគិតហើយយំៗ រហូតដល់ខ្ញុំគិតថា វាអត់បានប្រយោជន៍អីទេ ការស្រក់ទឹកភ្នែក បង្ហាញពីភាពទន់ជ្រាយរបស់យើង តែរឿងខ្លះវាចាក់ដោតដល់បេះដូងយើង ដែលកប់ជ្រៅក្នុងបេះដូងយើង អត់អាចលើកយកមកនិយាយបាន»។

កញ្ញាសុគន្ធ ចរិយា បន្តថា «ហើយសំណួរទី២ ខ្ញុំចង់សួរថា តើចិត្តស្រីដូចគ្នា តើធ្វើការលាក់ការ ពិត ដើម្បីឱ្យប្តីខ្លួនឯងសម្រេចបំណង តើត្រូវអត់? បើគាត់អះអាងថា បុរសម្នាក់ជាអតីតសង្សារចាស់ខ្ញុំ ជាប្តីរបស់គាត់ តើគាត់អាចលះបង់ប្តីដែលឱបជាប់ទ្រូងនេះ មកកាន់ខ្ញុំ ហើយនិយាយមកកាន់ខ្ញុំថា គាត់ជាប្រពន្ធចិត្តព្រះ តើគាត់លះបង់បានអត់? សុខចិត្តឱ្យប្តីខ្លួនឯងមកធ្វើបាបមនុស្សស្រីដូចគ្នានេះ? ខ្ញុំសួរ ខ្ញុំមានចម្ងល់ក្នុងចិត្តខ្ញុំចង់សួរ ធ្វើការលាក់បាំងការពិត បើអះអាងថា ជាប្រពន្ធ អត់ទាន់លែងលះ ព្យាយាមលាក់បាំងការពិត ដើម្បីឱ្យប្តីខ្លួនឯងសម្រេចបំណង បំណងហ្នឹង បំណងអី? ស្រលាញ់ទាក់ទងខ្ញុំ យកលុយទៅបង្វិលការរកស៊ី សម្រេចបំណងហ្នឹងមែន តើត្រូវអត់? ហើយអតីតសង្សារចាស់ខ្ញុំនេះ បើខ្លួនជាបុរសល្អ ខ្លួនស្រែកក្នុងការឡាយកោកៗថា ស្រលាញ់ប្រពន្ធស្រលាញ់កូន មិនមែនខ្ញុំកំពុងគិតរឿងអីទេណា ខ្ញុំកំពុងគិតថា ខ្ញុំនិយាយទៅសមអត់ ខ្ញុំមិនមែនប្រឌិតរឿង ដើម្បីកុហកទាំងអស់គ្នាទេ មហាជនចង់ជឿខ្ញុំ មិនចង់ជឿខ្ញុំ គឺខ្ញុំតាមចិត្តមហាជនទាំងអស់ ហើយខ្ញុំក៏ដឹងកំហុស នៅពេលដែលខ្ញុំបង្ហោះក្នុង TikTok គឺនិយាយទាំងកំហឹង ដោយសារខ្ញុំមើលឃ្លីបវីដេអូគេ គឺគេបំផ្លើសខ្ញុំសព្វគ្រប់បែបយ៉ាង បើខ្លួនឯងបុរសល្អមែន អួតស្រលាញ់ប្រពន្ធកូន ម៉េចបានមករករឿងខ្ញុំនៅកន្លែងការប្រកួតរបស់ខ្ញុំ? ដែលជាបុរសស្រលាញ់ប្រពន្ធកូន មានប្រពន្ធកូនហើយនេះ ហើយរឿងខ្ញុំនិងគាត់ គឺបានចប់គ្នាយូរហើយ ហេតុអីបានមករករឿងខ្ញុំនៅក្នុងការប្រកួតប្រឡងខ្ញុំទៀត មកស្រែកកោកៗថា ខ្លួនឯងត្រូវជាប្តី ហើយបានស្រែកក្នុងឡាយថា ស្រលាញ់ប្រពន្ធកូនណាស់? ខ្ញុំកំពុងតែអត់យល់ ហើយរវាងទំនាក់ទំនងខ្ញុំនិងអតីតសង្សារចាស់ហ្នឹង គឺគាត់ប្រាប់ខ្ញុំថា គាត់មានប្រពន្ធតែម្នាក់ទេ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពោះម៉ាយកូន១ កាលហ្នឹងស្រលាញ់ខ្ញុំហ្នឹង ខ្ញុំអាយុ ១៩ឆ្នាំ អ៊ីចឹងគាត់ប្រាប់ខ្ញុំថា កូនហ្នឹងអាយុ ១៤ឆ្នាំ ឥឡូវ ២ឆ្នាំមកទៀត អាយុកាន់តែកើនតាមហ្នឹងទៅ ហើយខ្ញុំចង់សួរថា តើស្រលាញ់ពោះម៉ាយ មានឈ្មោះដណ្តើមប្តីគេមែន? បើពោះម៉ាយដែលគេប្រាប់ថាលែងប្រពន្ធហើយនេះ ហើយនារីម្នាក់ដែលចេញមុខថាជាភរិយារបស់គាត់ហ្នឹង ចេញមុខមក បកស្រាយក្នុងការឡាយហ្នឹងថា ខ្លួនឯងជាភរិយា ហេតុអីបានរឿងហ្នឹងកើតឡើងយូរហើយ ហេតុអីបានពីដំបូងបញ្ចប់ទៅ អត់បាននិយាយអីទាំងអស់? ម្នាក់ស្រីហ្នឹង អះអាងខ្លួនជាភរិយា មានអេតាស៊ីវិល មានសំបុត្រអាពាហ៍ពិពាហ៍អត់? សម័យនេះប្រហែលជាគិតថា ការរស់នៅជាមួយគ្នា មានកូនជាមួយគ្នា មិនចាំបាច់មានអេតាស៊ីវិលទេ ខ្ញុំយល់ រឿងហ្នឹងខ្ញុំក៏យល់ដែរ ក្នុងការឡាយនេះ គឺជាការឡាយបញ្ចប់របស់ខ្ញុំហើយ ខ្ញុំអត់ចង់ ចេញវីដេអូបន្តទៀតទេ ខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយ ខ្ញុំអត់ចង់តបតទៀតទេ ព្រោះកាលណានិយាយកាន់តែច្រើន ខុសកាន់តែច្រើន ដូចយប់មិញអ៊ីចឹង ខ្ញុំខឹងខ្លាំងពេក ខ្ញុំចេញវីដេអូទាំងកំហឹងទៅ គឺរូបរាងអាក្រក់ខ្លាំងមែនទែនហ្មង…”។

អតីតបេក្ខនារីកញ្ញាឯកចក្រវាល រូបនេះ បានបន្តទៀតថា “ចំពោះរឿងឡាន កាលហ្នឹងស្រលាញ់គ្នា បើកហាងដំបូងៗ រឿងឡានហ្នឹង ក៏ខ្ញុំជំពាក់គេដែរ និយាយទៅ បិទហាងហើយ ជំពាក់ធនាគារហើយ ខ្ញុំត្រូវមានបំណុលរឿងឡានហ្នឹងទៀត រឿងឡានហ្នឹង ខ្ញុំអត់បានយកឡានគាត់ទៅបញ្ចាំទេ គឺរឿងហ្នឹងគាត់បានយកឈ្មោះខ្ញុំទៅបញ្ចាំ ព្រោះដោយសារតែគាត់កាលហ្នឹង បាត់សែកធនាគារ គាត់ក៏អត់មានពេលទៅបើកថ្មី ហើយពេលហ្នឹង ខ្ញុំដូចមនុស្សត្រូវអំពើគេអ៊ីចឹង វង្វេងវង្វាន់ គេនិយាយអីមក តាមគេគ្រប់រឿង អត់ដឹងថាខ្លួនឯងគិតអីទេពេលហ្នឹង សូម្បីតែជំពាក់ធនាគារ ក៏គេមកនិយាយថាឱ្យយើងខ្ចីលុយធនាគារសិន ហើយកាលហ្នឹងគឺគេនិយាយថា គេនឹងបើក KTV នៅជាន់ទី៤ កាលហ្នឹងយើងបើកស្កាយបារ នៅជាន់ទី៥ អ៊ីចឹងឈ្មោះគេត្រូវខ្ចីលុយច្រើន ប្រហែល១០-២០ម៉ឺន អត់អាចខ្ចីតិចតួចទេ ហើយហាងខាងលើ ជាហាងរបស់ខ្ញុំ ហើយបើចូលខ្លួនមកថាហាងរបស់ខ្លួនឯង ចូលខ្លួនយកបំណុលទៅផង កុំរុញបំណុលឱ្យខ្ញុំ អ្នកដែលដឹងបានដឹង គាត់កុហកថា ប្រពន្ធទី១គាត់ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ហើយ តាមពិតអត់ទាន់ស្លាប់ទេ តែគេមានគ្រួសារក្រោយទៀតហើយ។ បន្ទាប់ពីបានដឹងរឿងអស់ហ្នឹងមក ខ្ញុំពិចារណាទៅ ទើបដឹងថា ខ្លួនឯងជាមនុស្សល្ងង់នៅក្នុងរឿងហ្នឹង ទើបខ្ញុំដើរចេញមកដល់សព្វថ្ងៃ ហើយប្រពន្ធទី២ របស់គាត់ហ្នឹង ដែលគាត់ចេញមុខបកស្រាយហ្នឹង ពេលខ្លះបើនិយាយពិត ក៏ខ្ញុំទទួលយកទៅ ហើយរឿងរូបថត ៣នាក់ដែលថតក្នុងហាងហ្នឹង គឺអតីតសង្សារចាស់របស់ខ្ញុំ បានមកនិយាយជាមួយខ្ញុំថា គាត់ចេះចុងភៅចេះអីអ៊ីចឹងទៅ ហើយពេលនោះ ខ្ញុំក៏ហត់ដែរ ធ្វើចុងភៅខ្លួនឯងផង មើលគ្រប់គ្រងហាងខ្លួនឯងផង អ៊ីចឹងក៏ទទួលទៅ លុះក្រោយមក ក៏ចេញថា គាត់មានប្រពន្ធ ១ទៀត ខ្ញុំក៏ស្រងាកចិត្តដែរ និងមានប្រតិកម្មខ្លះៗ ហើយបានសួរទៅគាត់ថា ម្នាក់ស្រីហ្នឹង ជាអ្នកណា? មានកូនមានអី គាត់ក៏ប្រាប់ថា ជាប្រពន្ធទី២ របស់គាត់ ហើយគាត់បានលែងលះគ្នាហើយ មុននឹងគាត់បានចេញឃ្លីបវីដេអូមួយ តែបានលុបចេញវិញហើយ គាត់និយាយថា គាត់បានលែងលះប្រពន្ធរួចហើយ បានមកទាក់ទងខ្ញុំ តែពេលហ្នឹង គាត់ប្រាប់ថា គាត់បានលែងលះគ្នាហើយ ហើយខ្ញុំអត់ដឹងថាគាត់ទៅនិយាយជាមួយខាងស្រីហ្នឹងយ៉ាងម៉េច ខ្ញុំអត់ដឹងទេ តែនិយាយមកខាងខ្ញុំថា គាត់បានលែងលះគ្នាហើយ ហើយខ្ញុំក៏អត់បានសួរនាំអីច្រើនដែរ ហើយក៏ធ្លាប់បានទារមើលសំបុត្រលែងលះគ្នាម្តងដែរ តែគាត់ប្រាប់ថា គាត់អត់បានរៀបការជាមួយម្នាក់ស្រីហ្នឹងទេ អត់បានចុះអេតាស៊ីវិលអីទាំងអស់ តែមានភូមិ-ឃុំ ដឹង-ឮលឺ ហើយគាត់បានប្រាប់មនុស្សជុំវិញខ្លួនគាត់ដែលគេសួរថា ខ្ញុំជាអ្នកណា? ដើរជាមួយគាត់ គាត់ប្រាប់ថា ខ្ញុំត្រូវជាអីគាត់អីចឹងទៅ ហើយគេ ក៏សួរថា ចុះប្រពន្ធ ១ទៀតនោះ គាត់ថា លែងគ្នាហើយ លែងតាំងពីមុនស្គាល់ខ្ញុំម៉េះ អ្នកនៅជុំវិញគាត់ គឺបានដឹងហើយ ពេលហ្នឹងអតីតសង្សារខ្ញុំ ប្រាប់ថា បងស្រីហ្នឹង ចេះធ្វើម្ហូប ហើយគាត់នៅមានភារកិច្ចមើលថែចិញ្ចឹមកូន ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំអត់មានឪពុក យើងទទួលអារម្មណ៍មួយដែលខ្វះភាពកក់ក្តៅពីឪពុក គាត់មានទំនួលខុសត្រូវចិញ្ចឹមកូន ខ្ញុំទទួលបានទៀត ខ្ញុំសរសើរគេថាល្អ តែក្រោយមក វាមានរឿងបន្តិចម្តងៗ ហើយបងស្រីហ្នឹង គាត់បានឡាយនិយាយថា គាត់សុំម្នាក់ប្រុសហ្នឹង ៣ថ្ងៃមកគេងនៅហ្នឹង ៣ថ្ងៃមកគេងនៅណោះ ម្នាក់ប្រុសហ្នឹង មកនិយាយជាមួយខ្ញុំផ្សេង គឺអត់និយាយក្នុងលក្ខណៈប្តីរួមគ្នាទេ បើនិយាយអ៊ីចឹងក៏ខ្ញុំអត់ព្រមដែរ ដោយសារអី បើធ្វើអ៊ីចឹង ខ្ញុំត្រូវបំផ្លាញអនាគតខ្លួនឯងទាំងស្រុងហើយ ព្រោះខ្ញុំជាមនុស្សចេះគិតដែរ ដល់អតីតសង្សារខ្ញុំហ្នឹង មកនិយាយថា គាត់មានតួនាទីចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅឱ្យកូន អ៊ីចឹងគាត់ត្រូវមកគេងនៅនោះ៣ថ្ងៃ មកគេងជាមួយខ្ញុំ ៣ថ្ងៃ ហើយគាត់និយាយប្រាប់ខ្ញុំថា គាត់អត់មានអីជាមួយប្រពន្ធគាត់ទេ ហើយធម្មតាទេ ហើយខ្ញុំ ក៏អត់បានសួរពីមូលហេតុលែងគ្នាដែរ។ ចំណែកទំនាក់ទំនងខ្ញុំ និងអតីតប្រពន្ធគាត់នោះ ក៏ធម្មតា អត់មានចិត្តខឹងអីទេ ព្រោះគាត់ថា ជាអតីតប្រពន្ធ ហើយគាត់មានតួនាទីចិញ្ចឹមបីបាច់កូន ខ្ញុំយល់ថា គាត់មានទំនួលខុសត្រូវខ្ពស់ហើយ ព្រោះខ្ញុំគ្មានឪពុក គ្មានដែលទទួលបានទំនួលខុសត្រូវ ភាពកក់ក្តៅអ្វីពីឪពុកទេ ព្រោះជីវិតខ្ញុំអភ័ព្វ ដំបូងខ្ញុំរស់នៅថៃ ជាមួយបងប្រុស សុគន្ធ ម៉េងទី ហើយមុនគាត់ស្លាប់ ដូចគាត់រក្សាបណ្តាំចុងក្រោយ គាត់ចង់ឱ្យខ្ញុំមករៀន រស់នៅខ្មែរ ស្រាប់តែ ៣ថ្ងៃក្រោយ គាត់ឆក់ខ្សែភ្លើងស្លាប់ ទើបម្តាយខ្ញុំបានរក្សាបណ្តាំបងប្រុសខ្ញុំ យកពួកខ្ញុំមករស់នៅខ្មែរវិញ អ៊ីចឹងងាកមករឿងនេះវិញ គាត់ថាគាត់ត្រូវមានទំនួលខុសត្រូវក្នុងនាមជាឪពុក សុំពេល ៣ថ្ងៃ ទៅដេកឱបកូន ផ្តល់ភាពកក់ក្តៅឱ្យកូន តែខ្ញុំអត់ដឹងថា អតីតសង្សារចាស់ខ្ញុំ និយាយប្រាប់ទៅខាងគេនោះបែបណាទេ…”។

កញ្ញាសុគន្ធ ចរិយា បានបន្ថែមថា “ខ្ញុំបើកហាងជាមួយគ្នា បាន១ឆ្នាំ ហើយខ្ញុំពេលបិទហាងហើយ ខ្ញុំបានទៅចេញចូលនៅផ្ទះម៉ាក់របស់គាត់ហ្នឹង គឺម្នាក់ស្រីហ្នឹង គាត់អត់មានវត្តមាននៅក្នុងហ្នឹងទេ ដល់ពេលឥឡូវ គេចេញមកបកស្រាយថា គេជាប្រពន្ធទៅវិញ ខ្ញុំអត់យល់ដែរ ព្រោះក្រោយពេលខ្ញុំបិទហាង ខ្ញុំបានចេញចូលផ្ទះម៉ាក់ខាងប្រុសនោះទៀត ហើយគាត់អត់មានប្រតិកម្មអីមកកាន់ខ្ញុំទេ អ៊ីចឹងតាមការគិតរបស់ខ្ញុំ គាត់កំពុងតែស៊ុមគ្រលុំគ្នាទេដឹង? បើនិយាយពីរឿងដណ្តើមប្តីគេ ឬជាមនុស្សទី៣ ខ្ញុំសូមបដិសេធ ព្រោះពេលស្រលាញ់ខ្ញុំ ខាងប្រុស ប្រាប់ថា គេបានលែងលះគ្នារួចហើយ អ៊ីចឹងតើស្រលាញ់ពោះម៉ាយ មានឈ្មោះថាដណ្តើមប្តីគេដែរមែនទេ? និយាយទៅ ខ្ញុំស្រលាញ់បុរសនោះ មិនគិតពីរូបរាងខាងក្រៅទេ ធម្មតាពេលដែលយើងចាស់ទៅ គង់តែអាក្រក់ដូចតែគ្នាទេ ស្បែកយារជ្រួញដូចគ្នាទេ សំខាន់លើអត្តចរិត អាចរស់នៅជាមួយគ្នាបានអត់? អាចបន្តជាមួយគ្នាទៀតបានអត់? បើអត់បាន យើងគួរតែបញ្ឈប់ ត្រូវអត់? ហើយខ្ញុំក៏មិនមែនដណ្តើមឪពុកគេដែរ គឺខ្ញុំមិនបានហាម មិនឱ្យគេជួបកូនគេទេ ខ្ញុំឱ្យជួប ១អាទិត្យ នាំមកផ្ទះ ៣-៤ថ្ងៃក៏មាន ហើយយកមកឱ្យខ្ញុំមើលថែរហូត ខ្ញុំព ខ្ញុំបញ្ចុកបាយទឹក។ កាលមុនបើកហាង ខាងអតីតសង្សារចាស់ខ្ញុំ បានយកលុយខ្ញុំសន្សំ ថាទុកទិញផ្ទះ ទៅដើរភ្លក់ម្ហូបភ្លក់អី ព្រោះចង់បើកហាងផឹកស៊ី អ៊ីចឹងតែងដើរចូលហាងផឹកស៊ី ចាយលុយខ្ញុំទាំងអស់។ តាមពិតលុយហ្នឹងខ្ញុំទុកទិញផ្ទះទេ ខ្ញុំធ្វើការឱ្យគេសន្សំលុយ តែដល់ជួបគាត់ គាត់ក៏លួងលោមខ្ញុំឱ្យទៅបើករបររកស៊ីជាមួយគាត់ សរុបមកអ្វីដែលអតីតសង្សារចាស់របស់ខ្ញុំធ្វើបែបនេះដាក់ខ្ញុំ គឺគាត់កំពុងតែបំផ្លាញខ្ញុំខ្លាំងណាស់ ហេតុអីបានជាមនុស្សដែលចប់គ្នាហើយ ខ្ញុំចេញមកសុំតែសុខទេ ខ្ញុំចេញមកអត់បានយកអីចេញមកទាំងអស់ សូម្បីតែលុយ គឺខ្ញុំសុំតែសុខទេ ហេតុអីបានមិនឱ្យខ្ញុំបានសុខ នៅតាមបំផ្លាញកិត្តិយស កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ហើយចិត្តស្រីដូចគ្នា នៅតែឡាយបរិហារកេរ្តិ៍ខ្ញុំទៀត ខ្ញុំពិតជាអត់យល់ ចិត្តខឹង ហេតុអ្វីក៏មិនព្រមនិយាយតាំងពីមុន មានន័យថាស៊ុមគ្រលុំឱ្យមនុស្សប្រុសហ្នឹងមកបោកប្រាស់ខ្ញុំមែន? ខ្ញុំកំពុងតែឆ្ងល់…”។

 អតីតបេក្ខនារីកញ្ញាឯកចក្រវាល សុគន្ធ ចរិយា បានបញ្ជាក់ជាចុងក្រោយថា “ចំពោះរឿងហ្នឹង ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹង ហើយខ្ញុំអត់ចេញឃ្លីបវីដេអូអីទៀតទេ អត់មានបកស្រាយ និយាយអីទៀតដែរ ព្រោះខ្ញុំមនុស្សរបស់មហាជន ព្រោះកាលណាចេញឃ្លីបឡាយកាន់តែច្រើន គឺកំហុស កាន់តែច្រើន ហើយកាលពីខ្ញុំបែកគ្នាថ្មីៗ គេតែងគំរាមមកកាន់ខ្ញុំ ឱ្យខ្ញុំត្រឡប់ទៅវិញ ទៅស្រលាញ់គេវិញ គឺគេគំរាមខ្ញុំអ៊ីចឹងរាល់ថ្ងៃ សូម្បីតែកាលនៅស្រលាញ់គ្នា ក៏គេធ្លាប់គំរាមអ៊ីចឹងដែរ អ៊ីចឹងខ្ញុំមិនដឹងថា មនុស្សប្រុសម្នាក់ហ្នឹង នឹងប្រព្រឹត្តនូវអ្វីដែលគេគំរាមខ្ញុំនៅពេលណាទេ ព្រោះគេធ្លាប់គំរាមខ្ញុំថា គេនឹងសម្លាប់ខ្ញុំ ហើយចាក់បេតុងពីលើ ដើម្បីបំបាត់ភ័ស្តុតាង តែខ្ញុំមិនដឹងថា គេនិយាយលេង ឬនិយាយពិតអីទេ ខ្ញុំមិនហ៊ាននិយាយទេ កុំឱ្យគេប្តឹង តែខ្ញុំអត់មានបានបញ្ចេញឈ្មោះអីទេ ខ្ញុំនិយាយអត់បញ្ចេញឈ្មោះអ្នកណាម្នាក់ទេ។ ជាចុងក្រោយ នាងខ្ញុំចង់និយាយថា ខ្ញុំសោកស្តាយចំពោះការកើតរឿងមួយនេះ ចំពោះមហាជន ទោះមានអ្នកយល់ឃើញថានាងខ្ញុំបែបណា និយាយកុហក ឬនិយាយការពិត ក៏នាងខ្ញុំសូមអរគុណ ហើយខ្ញុំអាចបកស្រាយបានតែប៉ុណ្ណឹង ដោយសារតែខ្ញុំដឹងរឿងតែប៉ុណ្ណឹង ហើយបើចង់ដឹងរឿងច្រើនជាងហ្នឹង អាចមកសួរខ្ញុំផ្ទាល់បាន ចង់ដឹងរឿងអី មកសួរខ្ញុំមក ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា រាល់ថ្ងៃ ខ្ញុំសុំតែសុខទេ ចង់តែសុខទេ តែគេមិនចង់ឱ្យខ្ញុំមានក្តីសុខ។ មួយទៀត ខ្ញុំរាល់ថ្ងៃក៏មានការងារធ្វើដែរ អ៊ីចឹងខ្ញុំសូមបញ្ជាក់ ខ្ញុំសូមចប់តែប៉ុណ្ណឹង អត់មានការឡាយតបតអីទៀតទេ បកស្រាយអីទៀត គឺខ្ញុំលែងមានហើយ ព្រោះក្នុងការឡាយនេះ គឺខ្ញុំបានបកស្រាយក្នុងនាមជាស្ត្រីម្នាក់ ខ្ញុំសូមផ្តាំទៅស្ត្រីទូទៅ ដែលមានវិបត្តិដូចខ្ញុំ សូមកុំបាក់ទឹកចិត្ត រឹងមាំ ស្រលាញ់ខ្លួនឯង ផ្តល់តម្លៃឱ្យខ្លនឯង យល់ចិត្តខ្លួនឯង លួងលោមខ្លួនឯង ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងត្រូវតែរឹងមាំដែរ…”។

ដោយឡែក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សុគន្ធ ចរិយា បានសរសេរប្ជាក់បន្ថែមក្នុងគណនីហ្វេសប៊ុក របស់នាងថា “ខាងអតីតសង្សារចាស់នាងខ្ញុំ ចេញមកបកស្រាយថា គាត់ធ្លាប់មានប្រពន្ធកូន តែបានលែងលះគ្នាហើយ ទើបមកទាក់ទងនាងខ្ញុំ ហើយនាងខ្ញុំ បានស្រឡាញ់ ហើយចាប់ដៃគ្នារកស៊ី តែមកដល់ពេលឥឡូវ បានបែកបានគ្នាហើយ ស្រឡាញ់អ្នកពោះម៉ាយ ត្រូវមានឈ្មោះដណ្តើមប្តីគេមែនទេបងប្អូន?…”៕ ដារិទ្ធ

RELATED ARTICLES