ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុល បានធ្វើពិធីរៀបមង្គលការឲ្យកូនឈ្មោះម៉ៅ សាលភាពបុត្រ និងឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ នៅអគារH និងI ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ពិតជាធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈតែម្ដងព្រោះកម្មវិធីនេះរៀបចំទៅតាមប្រពៃណីខ្មែរទាំងអស់ហើយនៅពេល ព្រឹកមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាជនល្បីៗក្នុងសង្គមចូលរួមកាត់សក់ដល់កូនប្រុសនិងកូនប្រសារអ្នកនាងសុជាតិ មានដូចជាលោកឧកញ៉ាលាង ឃុន និងលោកជំទាវ ជាស្ថាបនិកនិងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរប៊ែវើរីជីស,លោកឧកញ៉ាអ៊ឹង ឆៃងួន និងលោកជំទាវ ជាអគ្គនាយកក្រុមហ៊ុនហង្សមាស,លោកជំទាវហ៊ុន ស៊ី ណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ និងអ្នកនាងយុគ ចិន្ដា រួមទាំងតារាល្បីៗជាច្រើនដួងមានដូចជាឱក សុគន្ធកកញ្ញា ,សុគន្ធ និសា ,អេដា,សុខ សីឡាលីន ,នៅ ស៊ីនឿន ,ឃុំ ប៉ុណ្ណាដែត ជាដើម។


ដោយឡែកសម្រាប់កម្មវិធីជប់លៀងនៅពេលល្ងាចវិញគេឃើញមានការអញ្ជើញចូលរួមរបស់ឯកឧត្តមថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ រួមទាំងភ្ញៀវកិត្តិយសជាច្រើនបានទៅសាទរអ្នកនាងគង់ សុជាតិ ដែលបានកូនប្រសារដំបូង ក្នុងនោះមានទាំងលោកឧកញ៉ាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,តារា ចម្រៀងពេជ្រ សោភា ,សួស វីសា ,ណាក់ ស្រីណា,ប៉ែន ស្រីពេជ្រ,ឌួង ហ្សូរីដា ,យុគ ចិន្ដា,សុខ ស្រីនាង,នី មុនីនាថ,នៅ សុនិតា,រ៉េត ស៊ូហ្សាណា,ណុប បាយ៉ារិទ្ធ ,នី រតនា ,ខេម ,ខាន់ ជេមស៍ និងតារា រាប់រយ នាក់ផ្សេងទៀត។


លោកជា វិបុល បានឡើងប្រកាសលើឆាកតំណាងឲ្យក្រុមគ្រួសារទាំងសងខាងថាលោកសូមថ្លែងអំណរ គុណ ដល់លោកឧកញ៉ា,ឯកឧត្តមលោកជំទាវ ,ភ្ញៀវបកិត្តិយសនិងមិត្តអ្នកសិល្បៈទាំងអស់ដែលបាន អញ្ជើញចូល រួម ផ្ដល់កិត្តយសដល់ក្រុមគ្រួសាររបស់លោកនៅថ្ងៃពិសេសរបស់កូនប្រុសនៅពេលនេះ។លោកថាភ្ញៀវទាំងអស់ ដែលលោកនិងគ្រួសារបានអញ្ជើញគឺមកទាំងអស់គ្មានអ្នកណាខកខានម្នាក់ឡើយ។

ដោយឡែកកំពូលតារាចម្រៀងឧកញ៉ាព្រាប សុវត្ថិ បានឡើងបកស្រាយបទចម្រៀងដែលមានចំណងជើង ថា ”ទ្រព្យគាប់ចិន្ដា”ដើម្បីជាកាដូដល់កូនប្រុសស្រីអ្នកនាងសុជាតិ ផងដែរ។អ្នកនាងសុជាតិ មិនបញ្ជាក់ថាមង្គល ការកូនច្បងរបស់នាងចំណាយអស់ទឹកប្រាក់ប៉ុន្មាននោះទេ តែតាមអ្នករៀបចំកម្មវិធីបង្ហើបថាពិធីជប់លៀងនោះ គឺធ្វើចំនួន៨០តុ។

អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃរៀបការកូនទី១របស់អ្នកនាងគង់ សុជាតិ នោះដែរគេឃើញមានការអញ្ជើញ ចូលរួមរបស់អតីតស្វាមីអ្នកនាងសុជាតិ គឺលោកម៉ៅ សាលភាព ដែលជាឪពុករបស់កូនកំលោះផងដែរ ទើប ធ្វើឲ្យលោកបុត្រ រំភើបរហូតដល់រលីងរលោងទឹកភ្នែកទៀតផង ខណៈដែលលោកវិបុល ត្រូវបានមហា ជនសរ សើរចំពោះការបំពេញតួនាទីរបស់លោកជាឪពុកដ៍ល្អក្នុងកម្មវិធីពីដើមរហូតដល់ចប់ព្រោះលោកស្រលាញ់ កូន មុនរបស់ភរិយាដូចកូនលោកបង្កើតដែរ ដែលចំណុចនេះហើយធ្វើឲ្យពិធីការិនីល្បីល្បាញជាង២ទសវត្សន៍អ្នក នាងសុជាតិ មានភាពកក់ក្ដៅបំផុតក្នុងជីវិត៕






