កាលពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស បានអញ្ជើញជាគណៈអធិបតីកម្មវិធីខ្មុកខោល និងបាននាំយកថវិកាចំនួន $5,000 ជូនសាលាសិល្បៈហ្វ៊ូណន ដើម្បីពង្រឹងគោលជំហរ និងក្ដីបំណងរបស់ Galaxy navatra ក្នុងយុទ្ធនាការចូលរួមគ្នាជំរុញ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ បុរាណខ្មែរទៅអន្តរជាតិ។
លោកឧកញ៉ា ឡេង ប្រុស បានថ្លែងសន្ទរៈកថារថា លោកពិតជាមានក្ដីសោមនស្សក្រៃលែង ដែលបានចូលរួមកម្មវិធី ខ្មុកខោល។ លោកថា កម្មវិធីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុសការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ និងយុវជន ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តិ៍។ ទន្ទឹមគ្នានោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋខ្មែរបន្តចូលរួមទាំងអស់គ្នា ថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលបុព្វបុរសយើង បានបន្សល់ទុករហូតដល់សព្វថ្ងៃ។
លោកបន្តថា ការចូលរួមគ្រប់រូបភាពនៃការថែរក្សា អភិរក្ស និងជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដូនតាយើងមិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ងប់ស្ងែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ។ គូបញ្ជាក់ថាកម្មវិធី “ខ្មុកខោល” គឺគម្រោងមូលនិធិ ១០០០រៀល ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ២០២២ ក្រោមការរៀបចំ និងកៀរគងមូលនិធិសប្បុរសជនក្នុង និងក្រៅប្រទេស ដោយលោក ស៊ុប ស័ក្ខរា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈល្ខោនខោលខ្នាតធំ រួមទាំងសហការីជាច្រើនរូបទៀត។
សូមរំឮកឡើងវិញដែរថា របាំព្រះរាជទ្រព្យ ត្រូវបានប្រកាសទទួលស្គាល់ដោយអង្គការយូណេស្កូ ថាជាស្នាដៃឯកផ្នែកវោហាកោសល្យនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ដោយឡែក ល្ខោនស្រមោលស្បែកធំ ត្រូវបានប្រកាសទទួលស្គាល់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ សម្រាប់ល្ខោនខោល វិញក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ ថាទម្រង់ល្ខោនដ៏ចំណាស់របស់កម្ពុជា ដែលត្រូវគាំពារ និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕