យោងតាមក្រសួងការពារជាតិចិនបានឱ្យដឹងថា ប្រទេសចិនបានធ្វើតេស្តប្រព័ន្ធការពារមីស៊ីល ផ្លោងដោយជោគជ័យកាលពីយប់ថ្ងៃអាទិត្យទី ១៩ មិថុនា២០២២។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា វាជាប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយមធ្យម ដែលមានមូលដ្ឋានលើដីត្រូវបានសាកល្បងនៅក្នុងព្រំដែនប្រទេសចិន។ការធ្វើតេស្តនេះ គឺមាន គោលបំណងការពារខ្លួនមិនមែនប្រឆាំងនឹងប្រទេសណាមួយឡើយ។
ប្រទេសចិន រួមជាមួយនឹងសម្ព័ន្ធមិត្តរុស្ស៊ី បានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរយៈកំពស់ខ្ពស់របស់អាមេរិក Terminal High Altitude Area Defence (THAAD) នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងគឺសំដៅដល់ការពារប្រទេសពីការវាយប្រហារដែលអាចកើតមានដោយប្រើមីស៊ីល។ប្រព័ន្ធនេះប្រើប្រាស់ដើម្បីស្ទាក់ចាប់មីស៊ីល រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs)ផងដែរ។ អ្នកវិភាគខ្លះបានប្រដូចវាទៅនឹងការបាញ់ទម្លាក់គ្រាប់កាំភ្លើងមួយគ្រាប់កាំភ្លើងមួយទៀត។
នេះជាការសាកល្បងប្រព័ន្ធការពាមីស៊ីលលើកទីប្រាំមួយរបស់ចិន។ នេះបើយោងតាមកាសែតចិន Global Times ដែលគ្រប់គ្រងដោយរដ្ឋ។ ប្រទេសនេះបានធ្វើតេស្តបែបនេះតាំងពីឆ្នាំ ២០១០ ដែលជាធម្មតាធ្វើរៀងរាល់ពីរ-បីឆ្នាំម្តង។
ការសាកល្បងនេះធ្វើឡើងចំពេលមានភាពតានតឹងក្នុងតំបន់ ជាមួយនឹងការធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះពីប្រទេសកូរ៉េខាងជើង រួមទាំងកាំជ្រួចផ្លោងរយៈចម្ងាយខ្លី និងរយៈចម្ងាយឆ្ងាយ ICBM។
មន្ត្រីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកក៏បានព្រមានផងដែរថាសកម្មភាពជាថ្មីនៅកន្លែងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបង្ហាញថាប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរនៅថ្ងៃណាមួយ ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៧៕