Monday, November 25, 2024
Homeព័ត៌មានជាតិប្រពន្ធថាប្តីមានខ្សែ សុំសម្តេចជួយ ជីងចក់ ថាខ្សែអី តោងជញ្ជាំងមិនចង់ជាប់ផង

ប្រពន្ធថាប្តីមានខ្សែ សុំសម្តេចជួយ ជីងចក់ ថាខ្សែអី តោងជញ្ជាំងមិនចង់ជាប់ផង

ភ្នំពេញ ៖ លោកជឿន ប៊ុនចក់ ហៅជីងចក់ បន្ទាប់ពីត្រូវបានស្ត្រីជាភរិយា អ្នកស្រីទ្រិញ ផល្លា ចេញមុខធ្វើសន្និសីទកាសែត បកអាក្រាតការប្រើអំពើហិង្សា ​វាយប្រពន្ធរលូតកូន ហើយអ្នកស្រីបានដាក់ពាក្យប្តឹងប្តី (ជីងចក់) ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ (ប៉េអឹម) រាជធានីភ្នំពេញ ព្រមទាំងសំពះស្នើសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រសួងកិច្ចការនារី សមត្ថកិច្ចនិងតុលាការ ជាមួយស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ឱ្យអ្នកស្រីជាជនរងគ្រោះអំពើហិង្សា និងស្នើសុំឲ្យចាប់ជនបង្កហេតុ ផ្តន្ទាទោសតាមច្បាប់ផង ដោយបារម្ភខ្លាចប្តីមានខ្នង មានខ្សែ ជួយអន្តរាគមន៍នោះមក ភ្លាមៗនោះ លោកជីងចក់ ហាក់មិនខ្វល់បារម្ភរឿងប្រពន្ធប្តឹងនេះទេ ដោយលោកបានផ្លែផ្កាសម្តីទៅស្ត្រីជាប្រពន្ធថា សម្តែងរឿងកម្សត់ «គីង្គក់លក់ថ្នាំស្រែង» ហើយលោកជីងចក់ អះអាងថា លោកគ្មានខ្នង គ្មានខ្សែអីទេ! តោងលើជញ្ជាំងមិនចង់ជាប់ផង។

លោកជឿន ប៊ុនចក់ ហៅជីងចក់ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២២ ថា​ «ជីងចក់ គ្មានខ្នង គ្មានខ្សែអីទេ! តោងលើជញ្ជាំងមិនចង់ជាប់ផង», «អាងមានខ្សែ ឬមួយក៏អាងមានខ្នង? អាងមានអំណាច ឬមួយក៏អាងមានបង?»។

គួររំលឹកថា​ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ អ្នកស្រី ទ្រិញ ផល្លា បានធ្វើសន្និសីទកាសែត រៀបរាប់ថា អ្នកស្រីត្រូវបានស្វាមី (ជីងចក់) វាយធ្វើបាប រហូតរលូតកូនក្នុងផ្ទៃ ហើយការប្រើហិង្សានេះ មិនមែនជាលើកទីមួយទេ គឺកន្លងទៅ ក្នុងការរួមរស់ជាមួយគ្នា អ្នកស្រីតែងទទួលរងអំពើហិង្សាពីស្វាមីនេះជាញឹកញាប់។

អ្នកស្រីទ្រិញ ផល្លា បាននិយាយថា ​“ថ្ងៃនេះ ខ្ញុំធ្វើសន្និសីទកាសែតនេះឡើងមក ដើម្បីនិយាយអំពីអំពើហិង្សាដែលខ្ញុំបានទទួលនៅក្នុងគ្រួសារខ្ញុំផ្ទាល់តែម្តង ជាមួយខ្ញុំ និងពូចក់ ហើយខ្ញុំចង់បកស្រាយនៅថ្ងៃនេះ គឺរឿងទាំងអស់នេះ ជាការពិត អ្វីដែលខ្ញុំជួបពិតនៅក្នុងជីវិតខ្ញុំ។ ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថា រឿងដែលកើតឡើងទាំងប៉ុន្មាន ដែលបងប្អូនបានដឹងបានជ្រាបកន្លងមក គឺជារឿងពិត មិនមែនជារឿងប្រឌិត ដើម្បីបំពុលសង្គម ឬមួយខ្ញុំធ្វើរឿទាំងនេះមក ដើម្បីតែការងាររកស៊ីអនឡាញរបស់ខ្ញុំ គឺអត់ទេ។ ប៉ុន្តែដោយសារតែលើកទី១ ដែលខ្ញុំបានផ្តល់ឱកាសជូនគាត់ ដែលបងប្អូនបានដឹងរួចមកហើយ រឿងកន្លងមក ដោយសារតែខ្ញុំបានផ្តល់ឱកាសឱ្យគាត់ ដោយសារតែខ្ញុំនៅមានក្តីស្រលាញ់ ហើយអត់ចង់បែកបាក់ទេ បើក្នុងករណីកាលៈទេសៈណាមួយដែលខ្ញុំអាចទទួលយកគាត់បាន ឬខ្ញុំអាចទ្រាំបន្ត នូវការរួមរស់ជាមួយគ្នាបន្តទៀតបាន គឺខ្ញុំអត់ចង់បែកបាក់ជាដាច់ខាត។ ប៉ុន្តែថ្ងៃនេះខ្ញុំសូមមកបញ្ជាក់ពីរឿងអំពើហិង្សាដែលមាននៅពេលថ្មីៗនេះ អំពើហិង្សានេះ មិនមែនខ្ញុំទទួលបានតែ ១ដង នៅពេលដែលខ្ញុំដាក់ពាក្យប្តឹងគាត់នោះទេ គឺមានច្រើនដងរួចមកហើយ ប៉ុន្តែដោយសារតែការលួងលោម អង្វរ ហើយនៅមុនពេលដែលខ្ញុំដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថនេះ គឺខ្ញុំបានហៅគាត់មកសម្របសម្រួលជាលក្ខណៈប្តីប្រពន្ធ គ្រាន់តែឱ្យគាត់ជួបនៅកន្លែងសមត្ថកិច្ច នៅខណ្ឌ ឬក៏មេធាវីខ្ញុំ ដើម្បីបញ្ជាក់ថា បើសិនជាបងចង់រួមរស់ជាមួយខ្ញុំទៀត ពីព្រោះគាត់ដាច់ខាត អត់ព្រមលែងជាមួយខ្ញុំទេ អ៊ីចឹងបានខ្ញុំថា បើសិនបងចង់រួមរស់ជាមួយខ្ញុំទៀត បងអាចធ្វើលក្ខខណ្ឌនៅមុខច្បាប់ចំពោះខ្ញុំបានថា យើងរស់នៅជាមួយគ្នា ប៉ុន្តែកុំប្រើអំពើហិង្សាមកលើខ្ញុំទៀត។ ប៉ុន្តែដាច់ខាតគឺគាត់អត់ព្រមធ្វើទេ គាត់អត់ព្រមធ្វើ នៅថ្ងៃទី១៨ ថ្មីៗនេះ ដែលបងប្អូនបានជ្រាបច្បាស់ហើយ ហើយនៅថ្ងៃនេះ ខ្ញុំចង់មកបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់ មិនមែនជាការសម្តែងទេ សូម្បីតែអតីតប្តីខ្ញុំ ឈ្មោះចក់ ហ្នឹង គាត់បានបង្កហេតុមកលើខ្ញុំហើយ គាត់បាននិយាយថា ខ្ញុំសម្តែង ប៉ុន្តែរឿងទាំងអស់នេះ គឺមិនបានសម្តែង ហើយខ្ញុំមិនបានប្រឌិតរឿងនេះឡើងមកដើម្បីប្តឹងគាត់ ចង់បានថវិកាអីពីគាត់គឺអត់ទេ រឿងដែលបានកើតឡើងនេះ គឺខ្ញុំសូមឱ្យច្បាប់ចាត់ការទៅតាមនីតិវិធីច្បាប់ ហើយខ្ញុំអត់ត្រូវការសំណងអីពីគាត់ទេ គឺខ្ញុំឱ្យច្បាប់ជាអ្នកដោះស្រាយ។ អ៊ីចឹងនៅថ្ងៃទី១៨ ហ្នឹង គឺគាត់បានប្រើអំពើហិង្សាមកលើខ្ញុំ ដោយមូលហេតុអ្វី? មូលហេតុគឺខ្ញុំបានចាប់ឆាតគាត់ជាមួយនឹងមេរបស់គាត់ ឈ្មោះយាយទី ជាមេបាល់របស់គាត់ហ្នឹង គឺគាត់បាននិយាយគ្នាគាត់ថា បញ្ជាឱ្យចក់ ហ្នឹង កាត់ឈាម ១ដុំហ្នឹងចោលទៅ ខ្ញុំសូមចូលដល់កន្លែងឈាម ១ដុំហ្នឹងបន្តិច គឺខ្ញុំជាមួយចក់ ហ្នឹង មានកូនជាមួយគ្នា ពេលដែលមានកូនជាមួយគ្នាហ្នឹង ខ្ញុំអត់ទាន់បានទៅពេទ្យពិនិត្យទេ ខ្ញុំគ្រាន់តែពិនិត្យទឹកនោម ឃើញមាន ២ឆ្នូត អ៊ីចឹងគាត់ក៏ដឹងថាខ្ញុំមានកូន ហើយខ្ញុំក៏ដឹងថាខ្លួនឯងមានកូន តែយើងអត់ទាន់បានទៅពិនិត្យអេកូឱ្យច្បាស់លាស់នៅមន្ទីរពេទ្យទេ»។

អ្នកស្រីទ្រិញ ផល្លា បន្តថា «បន្ទាប់មក ថ្ងៃកើតហេតុ មូលហេតុអីដែលចក់ វ៉ៃខ្ញុំ ដោយសារតែខ្ញុំយកឆាតទាំងអស់នេះមកបាន ឆាតទាំងអស់នេះ គឺខ្ញុំបានថតទុកនៅក្នុងទូរស័ព្ទរបស់ខ្ញុំ ប៉ុន្តែគាត់ថា កុំយកឆាតហ្នឹងចេញពីផ្ទះ ជាដាច់ខាត ព្រោះគាត់ដឹងថាឆាតហ្នឹងមានបញ្ហា គឺមេរបស់គាត់ បញ្ជាឱ្យគាត់កាត់ឈាម ១ដុំហ្នឹងចោល កាត់កាល់កូននៅក្នុងពោះរបស់ខ្ញុំចោល ហើយឱ្យលែងក្បាលខ្ញុំឱ្យដាច់ អ៊ីចឹងហើយបានជាគាត់ព្យាយាមវ៉ៃខ្ញុំប្រតាយប្រតប់ ព្យាយាមប្រើអំពើហិង្សាលើរាងកាយខ្ញុំ ប្រើពាក្យសម្តីហិង្សាមកលើខ្ញុំ ហើយគំរាមថា បើសិនជាខ្ញុំមិនឱ្យឆាតហ្នឹងទៅគាត់ទេ ដាច់ខាតគាត់មិនឱ្យខ្ញុំរស់ទេ ហើយក៏គាត់មិនឱ្យខ្ញុំចេញពីផ្ទះហ្នឹងដែរ ហើយហេតុការណ៍ហ្នឹង នៅថ្ងៃទី១៨ ម៉ោង ២អធ្រាត្រ ដែលខ្ញុំបានឃើញឆាតហ្នឹង ខ្ញុំបានព្យាយាមរត់ចូលទៅក្នុងឡាន នៅខាងក្រោមផ្ទះ ហើយខ្ញុំបានបោះ ទូរស័ព្ទដែលខ្ញុំបានថតឆាតហ្នឹង ចូលទៅក្នុងឡាន ហើយបានខ្ញុំព្យាយាមរំដោះខ្លួនខ្ញុំចូលទៅក្នុងឡានតាមក្រោយ ហើយនៅក្នុងហេតុការណ៍ហ្នឹង គឺមានក្មេងៗចំនួន ៣នាក់ កូនចៅគាត់ហ្នឹង ហើយនិងចុងភៅម្នាក់ទៀត ប៉ុន្តែគឺខ្ញុំសូមធ្វើការអង្វរឱ្យពួកគាត់ជួយ តែពួកគាត់អត់ហ៊ានជួយទេ ដោយសារខ្លាចចក់ ហើយពេលហ្នឹងគឺចក់ ព្យាយាមប្រើកម្លាំងបាយ ព្យាយាមគំរាមកំហែងខ្ញុំយ៉ាងម៉េចឱ្យតែបានឆាតហ្នឹងមកវិញ គឺដាច់ខាត គាត់មិនឱ្យឆាតហ្នឹងចេញពីផ្ទះដាច់ខាត ហើយពេលគាត់ប្រើអំពើហិង្សាមកលើខ្ញុំ ដោយវ៉ៃក្បាល ទះកំផ្លៀង ច្របាច់ក ជាពិសេសគឺក្បាលខ្ញុំហ្នឹងតែម្តង ព្រោះពេលដែលគាត់ចូលចិត្តវ៉ៃក្បាលខ្ញុំ គឺខ្ញុំសួរថា បង ហេតុអីបានចូលចិត្តវ៉ៃក្បាលខ្ញុំ? គាត់ថា គាត់អត់ភ្លើទៅវ៉ៃកន្លែងណាដែលមានស្លាកស្នាមខ្លាំងទេ ប៉ុន្តែស្លាកស្នាមនៅតែមានបងប្អូន…”។

ភរិយាលោកជីងចក់ បន្តថា «បន្ទាប់ពីដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថ រួចរាល់អស់ ក៏ខ្ញុំបានមកពេទ្យសម្ភពក្រុង ដើម្បីធ្វើកោសល្យវិច័យ ក្បាលខ្ញុំ រូបរាងខ្ញុំទាំងអស់ ព្រោះពេលហ្នឹងខ្ញុំឡើងអស់ខ្យល់ហើយ រកសន្លប់២-៣ដងហើយ បន្ទាប់មក ពេទ្យក៏បានដាក់សេរ៉ូមឱ្យខ្ញុំ ហើយខ្ញុំបានរៀបរាប់ប្រាប់ពេទ្យសម្ភពក្រុងថា ខ្ញុំបានពិនិត្យទឹកនោមថា ខ្ញុំមានកូន អ៊ីចឹងពេទ្យជួយពិនិត្យអេកូពោះឱ្យខ្ញុំ បន្ទាប់មកជួយធ្វើកោសល្យវិច័យលើខ្លួនឱ្យខ្ញុំ ពិសេសគឺក្បាលតែម្តង។ អ៊ីចឹងពេទ្យបានដាក់សេរ៉ូមឱ្យខ្ញុំឱ្យស្រួលសិន បន្ទាប់មកអត់ទាន់អស់សេរ៉ូមទេ ខ្ញុំត្រូវទៅស្គែនក្បាល រួចហើយគាត់ឱ្យខ្ញុំគេងឱ្យស្រួល អស់សេរ៉ូមសិន ចាំទៅអេកូពោះ តែដោយសារម៉ោង៥ ទៅម៉ោង ៦ល្ងាចហើយ គេបិទហើយ អេកូអត់បានទេ អ៊ីចឹងបានខ្ញុំអស់សេរ៉ូម ខ្ញុំបានធ្វើលិខិតចេញពីពេទ្យហ្នឹងសិន ហើយខ្ញុំមកផ្ទះសិន ហើយខ្ញុំណាត់ពេទ្យហើយៗម៉ោង៨ព្រឹក ខ្ញុំនឹងមកម្តងទៀត ដើម្បីធ្វើអេកូពោះ បញ្ជាក់ថាកូននៅក្នុងពោះខ្ញុំហ្នឹង វាមានបញ្ហាអីឬក៏អត់? សម្រាប់ស្អែកឡើង ម៉ោង៨ អាពេលគេវ៉ៃ កើតហេតុភ្លាមៗ អត់សូវដឹងឈឺទេ ស្អែកឡើង ១យប់ យើងដេក ១យប់ ព្រឹកឡើងគឺខ្ញុំទ្រមហ្មង ខ្ញុំក្រោកពីគ្រែអត់រួច រហូតដល់ម៉ោង១ថ្ងៃ ទើបក្រោករួច ស្រាប់តែរយៈពេលក្រោកពីគ្រែ ធ្លាក់ឈាម ១ដុំមកខ្មៅ ខ្ញុំអត់ដឹងថាជាឈាមអីទេ ក៏ខ្ញុំស្រូតមកពេទ្យជាបន្ទាន់ ដល់ពេលមកដល់ អេកូ គាត់ថាកូនហ្នឹងបែកហើយ គ្រាន់តែខ្ញុំឮបែបនេះភ្លាម ខ្ញុំទប់អារម្មណ៍ខ្ញុំអត់បានទេ ខ្ញុំស្រែកយំផ្អើលពេទ្យតែម្តង ពីព្រោះអី ព្រោះពេលកើតហេតុហ្នឹង ខ្ញុំលើកដៃសំពះអង្វរគាត់ថា បងកុំឱ្យប៉ះពាល់ដល់កូនក្នុងពោះ ប៉ុន្តែដោយសារតែឆាត ១សន្លឹកហ្នឹង គឺមានតម្លៃជាជីវិតខ្ញុំនិងកូននៅក្នុងពោះខ្ញុំទៅទៀត អ៊ីចឹងដល់ពេលកូនបែកហើយ ពេទ្យគេពិនិត្យមើលឱ្យច្បាស់ថា តើអាចសង្គ្រោះបានឬក៏អត់ តែពេលសង្គ្រោះអត់បាន ពេទ្យក៏ធ្វើការសម្អាតឱ្យខ្ញុំ ហើយឱ្យខ្ញុំគេងពេទ្យ ១យប់ ដល់ស្អែកឡើង ថ្ងៃទី២០ ទើបខ្ញុំបានចេញពីពេទ្យសម្ភពក្រុង ចំណែកស្លាកស្នាមដំបូងៗ អត់សូវខ្លាំងទេ រហូតដល់ ១ថ្ងៃទៅៗ ទើបឡើងជាំខ្មៅខ្លាំង…”។

អ្នកស្រី ទ្រិញ ផល្លា បានបញ្ជាក់ថា “ខ្ញុំចង់បញ្ជាក់ប្រាប់ថា អំពើហិង្សាដែលចក់ ធ្វើមកលើខ្ញុំនាពេលនេះ គឺខ្ញុំចង់ឱ្យផ្លូវច្បាប់ជួយដោះ ស្រាយរកយុត្តិធម៌ឱ្យខ្ញុំ អត់ត្រូវការអាងខ្នង អាងខ្សែ ឬលុយណាមកអន្តរាគមន៍សទៅជាខ្មៅ ខ្មៅទៅស គឺអត់ទេ អ៊ីចឹងខ្ញុំសូមឱ្យបងប្អូនអ្នកកាសែតធ្វើជាសាក្សី ឱ្យខ្ញុំ ហើយចាំមើល តើចក់ គាត់នឹងទទួលទោសនូវអ្វីដែលគាត់បានធ្វើឬក៏អត់? ព្រោះឥឡូវនេះគឺគាត់ខុសហើយ តែគាត់អត់ដឹងខុសទេ ដូចឃើញគាត់ឡាយអ៊ីចឹង គាត់អាងខ្នង អាងខ្សែដែលនៅពីក្រោយចាំជួយគាត់ហ្នឹង គាត់ថែមទាំងមកគំរាមខ្ញុំថា ប្តឹងអីប្តឹងទៅ ចាំមើលគាត់ជាប់គុកឬអត់? ចាំមើលបានសំណងពីគាត់ប៉ុន្មាន?…”។

អ្នកស្រី ទ្រិញ ផល្លា បានបញ្ជាក់បន្ថែមទៀតថា “ជាមួយនេះ ខ្ញុំក៏បានដាក់ពាក្យបណ្តឹងនៅក្រសួងកិច្ចការនារី រួចរាល់ហើយផងដែរ អ៊ីចឹងខ្ញុំចង់បញ្ជាក់ថា រឿងទាំងអស់នេះ ដោយសារតែចក់ គាត់អាងខ្សែ អាងអំណាច ទាំងគាត់ធ្វើខុសមកលើខ្ញុំហើយ គាត់មានការគំរាមកំហែងខ្ញុំ ឆាតមកខ្ញុំរាល់ថ្ងៃ គាត់គំរាមកំហែងខ្ញុំ ដូចគាត់អត់ខ្លាចញញើតជាមួយច្បាប់ទាល់តែសោះ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងកិច្ចការនារី សមត្ថកិច្ចនិងតុលាការ ជាមួយស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យខ្ញុំជាជនរងគ្រោះអំពើហិង្សា និងចាប់ជនបង្កហេតុហ្នឹងឱ្យទទួលទោសតាមច្បាប់ ព្រោះខ្ញុំចង់បញ្ជាក់ថា កន្លងមក ខ្ញុំធ្លាប់មានអំពើហិង្សាហ្នឹងជាមួយគ្រួសារមុនហើយៗ ប៉ុន្តែដោយសារតែខ្សែ អំណាច ទឹកលុយ ធ្វើឱ្យខ្ញុំរងភាពអយុត្តិធម៌ម្តងរួចមកហើយ ពេលនេះម៉ោងនេះ គឺខ្ញុំសូមរកយុត្តិធម៌ចំពោះខ្លួនឯង ដោយប្រការណាក៏ដោយ គឺខ្ញុំសូមឱ្យសមត្ថកិច្ចទាំងអស់ មហាជនទាំងអស់ ជួយរកយុត្តិធម៌ឱ្យខ្ញុំ កុំឱ្យគាត់អាងខ្សែ អាងអំណាច អាងលុយ ពីព្រោះឥឡូវហ្នឹង គឺគាត់នៅជាមួយនឹងខាងអតីតគ្រួសារខ្ញុំមុន ដើម្បីចេញមុខមកការពារគាត់ អន្តរាគមន៍គាត់ ឱ្យគាត់រួចពីទោសអំពើហិង្សានេះទៀតហើយ។ អ៊ីចឹងខ្ញុំមកថ្ងៃនេះ គឺមកតតាំងឱ្យមនុស្សស្រីទូទាំងពិភពលោក គឺតតាំងរកយុត្តិធម៌ចំពោះអំពើហិង្សាលើស្ត្រី កុំឱ្យស្ត្រីខ្លះគឺមានភាពទន់ខ្សោយ គាត់ខ្លាច គាត់រងអំពើហិង្សាហើយ គឺគាត់សម្ងំ ដូចខ្ញុំអ៊ីចឹង ខ្ញុំធ្លាប់រងអំពើហិង្សាជាមួយគ្រួសារមុនហើយ តែខ្ញុំខ្លាច ខ្ញុំសម្ងំ ដោយសារអី? គេខ្សែ គេអំណាច ខ្ញុំអត់អាចទៅធ្វើអីគេបានទេ អ៊ីចឹងខ្ញុំសូមឱ្យសមត្ថកិច្ច ក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង។ ហើយខ្ញុំសូមទោស បើថ្ងៃនេះ ខ្ញុំនិយាយអីទៅមិនបានពេញលេញ មិនបានច្បាស់លាស់ ដោយសារខ្ញុំរងសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ ជាមួយនឹងការឈឺចាប់ដែលខ្ញុំទទួលបានកន្លងមក ជាមួយអតីតប្តីខ្ញុំឈ្មោះចក់…”។

ជាចុងក្រោយ អ្នកស្រីទ្រិញ ផល្លា បានបញ្ជាក់ពីជំហររបស់ខ្លួនថា “ខ្ញុំចង់បញ្ជាក់ថា នៅលើកនេះ គឺជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ គឺខ្ញុំសម្រេចចិត្តបែកពីគាត់ជាស្ថាពរ ពេលដែលច្បាប់គាត់កាត់ក្តី រកយុត្តិធម៌ឱ្យខ្ញុំបានហើយ គឺមិនអាចបន្តរស់ជាមួយគ្នាបានទៀតទេ ព្រោះពេលខ្លះគាត់ប្រើអំពើហិង្សាមកលើខ្ញុំ ខ្ញុំអត់ទាន់មានដំណោះស្រាយ ខ្ញុំលាក់ទាំងម្តាយខ្ញុំទៀត ហើយខ្ញុំព្យាយាមដោះស្រាយជាមួយគាត់ ប៉ុន្តែការដែលលើកលែង ការដែលយោគយល់ មនោសញ្ចេតនាប្តីប្រពន្ធ ខ្ញុំអត់ចង់បែកបាក់ទេ ខ្ញុំអត់ចង់មានប្តី២ ប្តី៣ ខ្ញុំអត់ចង់មេម៉ាយទេ ប៉ុន្តែការលើកលែងអត់ឱនរបស់ខ្ញុំ ជាច្រើនលើកច្រើនសា ធ្វើឱ្យខ្ញុំឈឺចាប់ ដូចខ្ញុំបញ្ជាក់អ៊ីចឹង ពេលខ្ញុំផ្តល់ឱកាសឱ្យគាត់ត្រឡប់មកលើកក្រោយ រយៈពេល ១ខែជាងនេះ ដូចផ្តល់ឱកាសឱ្យគាត់មកសម្លាប់ខ្ញុំអ៊ីចឹង គាត់ចូលមករយៈពេល ១ខែជាងនេះ គឺគាត់ធ្វើបាបខ្ញុំខ្លាំងណាស់ ទាំងរាងកាយ ទាំងហិង្សា ទាំងសព្វបែបយ៉ាង គឺគាត់មកធ្វើបាបខ្ញុំតែម្តង ដូចឱ្យគាត់មកសងសឹកខ្ញុំអ៊ីចឹង…”៕ ខៀវទុំ

RELATED ARTICLES