Monday, November 25, 2024
Homeព័ត៌មានជាតិអតីតពេទ្យទាហាន ធ្លាក់ខ្លួនឈឺធ្ងន់ និយាយអត់ចេញ ប្រកាសរកសាច់ញាតិ

អតីតពេទ្យទាហាន ធ្លាក់ខ្លួនឈឺធ្ងន់ និយាយអត់ចេញ ប្រកាសរកសាច់ញាតិ

ខេត្តកំពង់ឆ្នាំង ៖ បុរសជាអតីតពេទ្យយោធាម្នាក់ មានជំងឺធ្ងន់ បច្ចុប្បន្នរស់នៅជាមួយមិត្តភក្កិ គ្មានក្រុមគ្រួសារជួយមើលថែ សង្ឃឹមទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិផងរបងជាមួយ ជួយផ្តល់កម្លាំងចិត្តតែប៉ុណ្ណោះ។

គ្រូពេទ្យខាងលើនេះ មានឈ្មោះធូ ធី អាយុ៥៣ឆ្នាំ មានស្រុកកំណើតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង មិនមានប្រពន្ធកូននោះទេ និងបានមករស់នៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយមិត្តភក្កិស្គាល់គ្នា រយៈពេល ១៥ឆ្នាំមកហើយ។

ដោយសារស្ថានភាពជំងឺរបស់គាត់មានអាការធ្ងន់ មិនអាចព្យាបាលបាន នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ គ្រូពេទ្យឈ្មោះធូ ធី ត្រូវបានក្រុមការងារយុវជនគណបក្ស រាយការណ៍ជូនលោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្រុមគ្រូពេទ្យ ដឹកយកមកសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងអគារសង្គ្រោះបន្ទាន់ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ថា អ្នកជំងឺមានជំងឺធ្ងន់ ដាច់សរសៃឈាមខួរក្បាល និងទន់មួយចំហៀងខ្លួនខាងឆ្វេង និយាយបានតិចៗ តែមិនច្បាស់ និងមួយចំហៀងខ្លួន មិនអាចធ្វើចលនាបានឡើយ។

ចំពោះប្រវត្តិរបស់អ្នកជំងឺខាងលើនេះ ប្រជាពលរដ្ឋនៅភូមិកងមាស បានឱ្យដឹងថា លោកគ្រូពេទ្យរូបនេះ មិនដឹងក្រុមគ្រួសាររបស់គាត់នៅឯណាទេ គ្រាន់តែបានដឹងថា គាត់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបានមកស្នាក់នៅជាមួយបងធម៌ នៅក្នុងភូមិកងមាស រយៈពេលជាង ១៥ឆ្នាំហើយ។

ប្រជាពលរដ្ឋបានបន្តឱ្យដឹងទៀតថា រយៈពេលដែលលោកគ្រូពេទ្យ មករស់នៅក្នុងភូមិកងមាស រយៈពេលឆ្នាំ ១៥ឆ្នាំកន្លងមក គាត់តែងជួយយកអាសាប្រជាពលរដ្ឋក្នុងភូមិ ដូចជាការជួយព្យាបាលជំងឺស្រាលៗខ្លះៗ ជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃឡើយ។

ករណីអតីតពេទ្យយោធាដែលមានជំងឺធ្ងន់ខាងលើនេះ បន្ទាប់ពីលោកអភិបាលខេត្ត បានទទួលសេចក្តីរាយការណ៍ពីក្រុមយុវជនគណបក្សប្រជាជនកម្ពុជា លោកក៏បានឱ្យលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យករថយន្តពេទ្យ ដឹកអ្នកជំងឺ មកសង្គ្រោះនៅមន្ទីពេទ្យ បង្អែក ភ្លាមៗផងដែរ ថែមទាំងបានផ្តល់ថវិកាមួយចំនួនសម្រាប់ថ្លៃអ្នកចាំមើលថែអ្នកជំងឺក្នុងមន្ទីរពេទ្យទៀតផង ដោយសារតែអ្នកជំងឺរូបនេះ មិនមានសាច់ញាតិដើម្បីមើលថែ។

ជាមួយនេះ ក្រុមយុវជនគណបក្ស ក៏បានប្រកាសដល់បងប្អូនណាដែលបានស្គាល់សាច់ញាតិរបស់អ្នកជំងឺរូបនេះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង សូមមេត្តាផ្តល់ព័ត៌មានជូនដល់ក្រុមគ្រួសាររបស់គាត់ផង ឬក៏អាចទាក់ទងតាមលេខទូរស័ព្ទរបស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង លោកឈៀង ថារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង លេខទូរស័ព្ទ ០៧៧ ៦៨៦ ៩៦០ និង០៩៧ ៨៩៥ ៩៤ ៣៤ ៕

RELATED ARTICLES