ភ្នំពេញ៖ពេជ្រ សោភា,សុគន្ធ និសា,សួស វីសា ,រ៉េត ស៊ូហ្សាណា ,ប៉ាច គីមមួយ,សុខ ស្រីនាង ,វី ឌីណែត ,ពេជ្រ សូលីកា និងកែវ សុបញ្ញា ជាដើមពួកគេសុទ្ធតែបានភ្លក្សរសជាតិការសម្ដែងភាពយន្ដរៀងៗខ្លួនបើទោះជាតារាខាងលើនៅតែចាត់ទុកអាជីពចម្រៀងជាជម្រើសទី១របស់ពួកគេក្ដី។ប៉ុន្ដែគេកត់សម្គាល់ថានៅឆ្នាំ២០២២ មានតារាល្បី៣ដួងបន្ដស្ទះការគ្រងតំណែងតួឯកដូចគ្នាទើបធ្វើឲ្យអ្នកគាំទ្រតារាទាំងនោះរងចាំទស្សនាស្នាដៃដំបូងរបស់តារាទាំងនោះឡើងផ្សារភ្នែក។
១៖មាស សុខសោភា៖តារាចម្រៀងរាម រូបនេះធ្លាប់បានប្រកាសតាំងពីអំឡុងនាងឈជើងនៅរាម ម្លេះថានឹងឈានចូលទៅសម្ដែងភាពយន្ដដែលអាចនឹងចាប់ឲ្យស្មើអាជីពចម្រៀងតែម្ដងព្រោះចិត្តនាងស្រលាញ់ខ្លាំង ដែលការវាចាបែបនោះធ្វើឲ្យបណ្ដារផលិតករទាំងឡាយមានការចាប់អារម្មណ៍ណាស់និងចង់បានអ្នកចម្រៀងសំនៀងផ្អែមរូបនេះឲ្យធ្វើជាតួឯក។ប៉ុន្ដែក្រុមផលិតភាពយន្ដទាំងនោះបានដកខ្លួនថយទៅវិញអស់ ដោយសម្អាងថាសុខសោភា មានតម្លៃខ្លួនថ្លៃពេក និងដំណឹង១ថាបងប្រុសរបស់នាងលោកមាស សុខរនតៈ ទាមទារការចង់បានលុយចំណេញពីការថតកុនទាំងនោះចែកជាពីស្មើគ្នាជាមួយសោភា ។តែការក្លាយខ្លួនទៅជាតារារាម រយៈពេលជិត២ឆ្នាំនេះមានន័យថាសោភា អាចនឹងធ្វើជាតួឯកនៅពេលណាក៍បានដែរព្រោះផលិតកម្មនោះមានអ្នកជំនាញផលិតរឿងស្រាប់ ហេតុនេះហើយគេជឿរថាមិនយូរទេអតីតតារាសាន់ដេដែលបានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីកាណាដា១៥ ឆ្នាំតែមិនទាន់បានរៀបមង្គលការជាចំហរូបនេះនឹងក្លាយទៅជាតួឯកលើកដំបូងក្នុងភាពយន្ដខ្នាតធំរបស់រាម ក្នុងពេលដ៍ខ្លីខាងមុខនេះជាមិនខាន។

២៖ឱក សុគន្ធកញ្ញា៖ប្អូនថ្លៃថៅកែហង្សមាសរូបនេះលេចឭថានាងចង់ដឹកដៃលោកខែម ប៊ុនថៃ សម្ដែងភាពយន្ដខ្នាតធំជាលើកទី១នៅហង្សមាសតាំងពីឆ្នាំ២០១៩ មកម្លេះ ប៉ុន្ដែក្រោយរៀបការហើយពោះធំគម្រោងនោះបានស្ងប់ស្ងាត់រហូតមកដល់បច្ចុប្បន្នបើទោះជាពេលនេះកូនប្រុសនាងមានអាយុជាង២ឆ្នាំក្ដី តែដៃគូរបស់នាងលោកប៊ុនថៃ សព្វថ្ងៃមមាញឹករកស៊ីលក់ដីឡូតិ៍ច្រើនជាងលេងសិល្បៈនោះគេជឿរថាផែនការធ្វើតួឯករបស់តារាកូន១រូបនេះនឹងត្រូវស្ទះយូខែថែមទៀតជាមិនខាន។ប៉ុន្ដែយោងតាមអ្នកដឹកនាំសម្ដែងភាពយន្ដនៅហង្សមាសបានបង្ហើបឲ្យដឹងថាពួកគេរងចាំតែសញ្ញាពីសុគន្ធកញ្ញា ប៉ុណ្ណោះពោលគឺឲ្យតែនាងឆ្លើយថាមានពេលគ្រប់គ្រាន់ឬដល់ពេលវេលាត្រូវថតរឿងហើយ ពេលនោះខាងលោកអាចដាក់ជំនួសតួប្រុសលោកប៊ុនថៃ ជាតារាណាផ្សេងដែលប្អូនថ្លៃថៅកែហង្សមាសរូបនេះពេញចិត្តក៍បាន។ការលើកឡើងបែបនេះរបស់Director នៅហង្សមាសក្រោយសុគន្ធកញ្ញា បានអាកខានថតរឿង”ខ្ញុំមានញាណលើស”ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនោះនាងពពោះកូនដំបូង។

៣៖តន់ ច័ន្ទសីម៉ា៖តារាតូចច្រឡឹងរបស់Galaxy រូបនេះជាតួឯកផ្នែកអ្នកចម្រៀងស្រីនៅនៅផលិតកម្មថ្មីនេះ ព្រោះមានតែនាងម្នាក់គត់ដែលអាចចាប់ដៃគូច្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ទើបធ្វើឲ្យស្រីស្រស់ឡើងកូដលឿនដូចផ្លេកបន្ទោរ។ប៉ុន្ដែសម្រាប់ការធ្វើជាតួឯកភាពយន្ដនោះច័ន្ទសីម៉ា នៅតែស្ទះផ្លូវដដែលបើទោះជាផលិតកម្មដែលនាងកំពុងតែឈជើងនេះមានគោលការណ៍ផលិតទាំងភាពយន្ដនិងចម្រៀងស្មើដៃគ្នាក្ដី។តាមព័តមានថាច័ន្ទសីម៉ា អាចនឹងចាប់ដៃថតរឿងជាមួយលោកខេម មុនលោកឧកញ៉ាព្រាប សុវត្ថិ ព្រោះពេលនេះលោកឧកញ៉ាស្នាយ បានងាកទៅគិតគូរឿងរកស៊ីធំច្រើនជាងការងារសិល្បៈ។គេអាចព្យាករណ៍បានថានៅពេលដែលសីម៉ា ក្លាយទៅជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់Galaxy នោះកេរ្តិ៍ឈ្មោះរបស់នាងនឹងបោះពួយទៅមុខថែមទៀតជា ដែលពេលនោះតារាមានគីឡូប្រហាក់ប្រហែលនាងកាន់តែពិបាកទប់ទប់អតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវរូបនេះជាមិនខាន៕
