ភ្នំពេញ៖មុនត្រូវបានCtn ចេញលិខិតឲ្យលោកចែម ចាន់រ៉ា ហៅពែកម៉ី លែងជាបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍មួយនេះកាលពីថ្ងៃទី៤ខែកក្កដា នោះតារាកំប្លែងស្ងួតរូបនេះស្ថិតក្នុងចំណោមអ្នកកំប្លែងនាំមុខគេនាពេលបច្ចុប្បន្ន ខណៈដែលនាយកុយ និងនាយក្រឹម ជាដើមត្រូវបានគេចាត់ទុកជាគ្រូកំប្លែង។ប៉ុន្ដែការឈជើងនៅCtn រយៈពេលជិត១២ឆ្នាំរបស់នាយពែកម៉ី បានដើរមកដល់ទីបញ្ចប់ហេតុនេះគេពិបាកសន្និដ្ឋានថាលោកចាន់រ៉ា ដែលល្បីដំបូងក្នុងឈុតកំប្លែងសម្ដែងជាសង្សថាំងចេងទៅចម្លងធ័មនោះនឹងប្រឈមធ្លាក់ចុះប្រជាប្រិយភាពក្រោយគ្មានអ្នកនិពន្ធនិងដឹកនាំរឿងឲ្យលេងតទៅទៀតដោយសារតែលោកតាវ៉ិច ទ័រ ក៍បានចាកចេញដែរនោះកំពុងតែមានភាពស្រពិចស្រពិលនៅឡើយ ខណៈរយៈពេលចុងក្រោយនេះលោកចាន់រ៉ា បានចុះទៅស្រុកកំណើតនៅខេត្តស្វាយរៀងជាងនៅទីក្រុងដើម្បីផលិតវីដេអូដោយខ្លួនឯងបែបកំប្លែងនៅខាងក្រៅStudio វិញម្ដង។

អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីម្នាក់នៅCTN បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ខែកក្កដា ថាលោកយល់ថានាយពែកម៉ី ពិតជាអាចពិបាកស្ថិតក្នុងចំណោមតារាល្បីៗលំដាប់មុខទៀតមែន ក្រោយលោកត្រូវបានបញ្ចប់ការងារនៅCTN នោះព្រោះថារាល់ការសម្ដែងរបស់លោកកន្លងមកមានលោកតាវ៉ិច ទ័រ ជាអ្នកនិពន្ធនិងដឹកនាំសម្ដែងពេលអត់ពីមេកើយនិងទីតាំងឈជើងទៅអាចរាងតែលតោលបន្ដិច។ប៉ុន្ដែលោកយល់ថាពែកម៉ី នឹងតារាកំប្លែងរួមក្រុមនោះនៅតែអាចតំណើរការការផលិតជាវីដេអូកំប្លែងតាមOnline វិញម្ដង ព្រោះពួកគេទទួលបានការឧបត្ថម្ភពីផលិតផលរបស់ស្រីអូន ហេតុនេះហើយឲ្យតែធ្វើវីដេអូបានល្អគឺនៅតែមានប្រាក់ចំណូលអីចឹង។

គូរបញ្ជាក់ថាអតីតកម្មករសំណង់នាយពែកម៉ី បានប្រលងកំប្លែងនៅCTN កាលពីឆ្នាំ២០០៩ និងបានឈ្នះពាននៅថ្ងៃទី១ខែមករាឆ្នាំ២០១០ ដែលមានន័យថានាយបានចាប់អាជីពធ្វើឲ្យសប្បាយរីករាយមួយនេះរយៈពេលជិត១២ឆ្នាំមកហើយក្រោមការបណ្ដុះបណ្ដាលពីលោកតាវ៉ិច ទ័រ។ក្រោយក្លាយទៅជាតារាកំប្លែងល្បីនាយពែកម៉ី បានកែប្រែជីវភាពឲ្យធូធារតាមរយៈការទិញបានផ្ទះវីឡារ ធំ និងជិះរថយន្ដទំនើបLexus Lx 570 តម្លៃជាង២០ម៉ឺនដុល្លារ ហើយនាយថែមទាំងជះលុយធំបង្កើតមុខរបរស្ដុកស្រាបៀរ១ផ្ដាច់មុខនៅខេត្តស្វាយរៀងទៀតផង។លោកចាន់រ៉ា ត្រូវបានអ្នកនៅក្នុងសិល្បៈដឹងច្បាស់ថាលោកមានមន្ដស្នេហ៍មិនធម្មតានោះទេពោលគឺញ៉ែបានៗមិនចាញ់នាយចឺម និងលោកអ៊ីណូ ឡើយ ស្របពេលដែលប្រពន្ធនាយថែមទាំងអត់ចេះប្រចណ្ឌទៀតផង៕



