ភ្នំពេញ៖ម៉ូលីកា និងស្វាមីនាងលោកហុង មានុណ បានបង្ហាញអារម្មណ៍រីករាយក្រៃលែង ព្រោះតែកម្មវិធីខួបកំណើតកូនស្រីនុណ ច័ន្ទម៉ូនីតា គម្រប់អាយុ២ឆ្នាំ ផ្គួបពិធីឡើងផ្ទះវីឡារថ្មីនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ នោះមានតារាធ្លាប់រួមអាជីព និងអ្នកលក់Online ល្បីជាច្រើនបានទៅអបអរសាទរនាង ខណៈដែលកម្មវិធីនោះពេលព្រឹកក៍មានការអញ្ជើញចូលរួមពីប្អូនលោកនាយករដ្ឋមន្រ្ដីគឺលោកជំទាវហ៊ុន ស៊ីណាត ផងដែរ។


ម៉ូលីកា បានឲ្យដឹងថាផ្ទះថ្មីនេះនាងទិញតម្លៃ៣០ម៉ឺនដុល្លារ ដោយបង់ពាក់កណ្ដាលមុនគឺចំនួន១៥ម៉ឺនដុល្លារ និងបង់រំលោះប្រចាំខែ៣០០០ដុល្លារ។នាងថាបានហៅភ្ញៀវទាំងអស់ចំនួន១០០០នាក់(១០០តុ) ហើយនេះគឺជាកម្មវិធីធំដែលនាងបានធ្វើបន្ទាប់ពីបានរៀបការកាលពីដើមឆ្នាំ២០២០។

ឆ្លើយតបសំណួររបស់អ្នកសារព័តមានដែលថាម៉ូលីកា មានគម្រោងយកកូនថែមនៅពេលណានោះនាងថាមិនទាន់គិតគូដល់រឿងនោះទេ ព្រោះថាក្រោយកូវីដថមថយខ្លាំងនេះការកស៊ីលក់តាមOnline របស់នាងមានសន្ទុះខ្លាំងក្លាជាថ្មីធ្វើឲ្យនាងមមាញឹករហូតមិនអាចដកខ្លួនដើម្បីទៅឡើងច្រៀងតាមឆាកតន្រ្ដីវិញបានទៀតផង។

គេកត់សម្គាល់ថានៅពីមុខរោងពិធីខួបបូកឡើងផ្ទះនោះមានដាក់តាំងរថយន្ដម៉ាកJaguar ព័ណលឿងដ៍ថ្មីសន្លាង១គ្រឿងហើយនោះគឺជាឡានដែលម៉ូលីកា បានទិញកាដូឲ្យកូនស្រីរបស់នាង។លោកហុង មានុណ ហៅឆានុន ស្វាមីម៉ូលីកា បានឲ្យដឹងថារថយន្ដJaguar នោះស៊េរីឆ្នាំ២០១៦ Full Option តម្លៃជាង៥ម៉ឺនដុល្លារ ដែលពិតជាភរិយាទិញឲ្យកូនស្រីសំណព្វចិត្តរបស់លោកនៅថ្ងៃខួបនេះមែន។

ទាំងម៉ូលីកា និងស្វាមី លើកម្រាមដៃដប់ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុនពួកគេអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក តាំងពីដំបូងរហូតមកដល់បច្ចុប្បន្នទើបធ្វើឲ្យគូស្នេហ៍តារា១គូនេះមានជីវភាពធូធារដូចពេលនេះ។តែម៉ូលីកា មិនឆ្លើយតបចំពោះសំណួររបស់អ្នកកាសែតដែលសួរពីតម្លៃខ្សែកពេជ្រដែលនាងបានគ្រងនៅថ្ងៃនោះថាមានតម្លៃប៉ុន្មានឡើយ។

គូររំលឹកថាអតីតតារាRock ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុណ កាលពីថ្ងៃទី១៨ខែមករឆ្នាំ២០២០ ហើយនាងសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ដែលក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះគូស្នេហ៍តារា១គូនេះបានកែប្រែជីវភាពដោយរហ័សដូចជាពេលនេះពួកគេមានរថយន្ដទំនើបៗជិះមានដូចជាFord Raptor ,Range Rover និងAlphard រួមទាំងផ្ទះវីឡារដ៍ប្រណិតដែលបានធ្វើពិធីឡើងផ្ទះផ្អើលពេញបុរីតែម្ដង៕

