ភ្នំពេញ ៖ ប្រជាសហគមន៍ជនជាតិដើមភាគតិច កួយ បានរកឃើញបទល្មើសព្រៃឈើ ២៦០ករណី នៅដែនជម្រកសត្វព្រៃ ព្រះរកា តែក្នុងរយ:ពេល ៣ថ្ងៃ និងបានអំពាវនាវសាជាថ្មីដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន ៤ចំណុច ជាពិសេសស្នើបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជន ដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា២១, ២៩ និងរដ្ឋធម្មនុញ្ញ មាត្រា៣៥ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហគមន៍ជនជាតិដើមភាគតិច កួយ ភូមិប្រមេរុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការរកឃើញបទល្មើសព្រៃឈើ ចំនួន ២៦០ករណី និង ៣៦៧ក្តារបន្ទះ កាលពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារថា «សហគមន៍ជនជាតិដើមភាគតិច កួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានសេចក្តីសោកស្តាយ និងតក់ស្លុតចិត្តជាខ្លាំង ក្រោយរកឃើញបទល្មើសចំនួន ២៦០ ករណី កើតឡើងក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលជាមជ្ឈមណ្ឌលវប្បធម៌ប្រពៃណី និងផ្គត់ផ្គង់ជីវភាពរស់នៅប្រកបដោយចីរភាព របស់សហគមន៍ជនជាតិដើមភាគតិច កួយ ។
កាលពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២២ សហគមន៍ជនជាតិដើមភាគតិច កួយភូមិប្រមេរុ បាននាំគ្នាចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពដែនជម្រកសត្វព្រៃ ព្រះរកា ដោយចាប់ផ្តើមពីចំណុចដែលមាននិយាមការ X= ៥១៦៣៩៤ Y= ១៥២៧២៦៣ ដល់ចំណុចដែលមាននិយាមការ X= ៥០៨១៦៣ Y= ១៥២៩៥៨៥ ក្នុងរយៈចម្ងាយ ២៧គីឡូម៉ែត្រ បានប្រទះឃើញនូវបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ២៦០ករណី និង ៣៦៧ក្តារបន្ទះ ព្រមទាំងភ័ស្តុងតាងមួយចំនួនទៀត ដូចជាដែកឆាប ចំនួន ១២ដើម ប្រេងម៉ាស៊ូត និងសាំងផងដែរ ។ ឈើដែលត្រូវរងការកាប់បំផ្លាញ មានមុខកាត់ចាប់ពី ៣០ស.ម ដល់ ១៥០ស.ម ដែលជាប្រភេទឈើគគីរ ពពេល ផ្តៀក កកោះ និងឈើទាល (ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ)។
ការកើនឡើងនូវបទល្មើសព្រៃឈើ ជារៀងរាល់ថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបរបរដងជ័រច្បោះ បរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច កួយ»។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា «សហគមន៍ជនជាតិដើមភាគតិច កួយ សូមអំពាវនាវសាជាថ្មី ដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន ៖
១- មេត្តាបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជន ដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា២១, ២៩ និងរដ្ឋធម្មនុញ្ញ មាត្រា៣៥ ។
២- បើកទូលាយ និងបង្កបរិយាកាសល្អដល់អង្គការសង្គមស៊ីវិល សាធារណជន សហគមន៍មូលដ្ឋាន ក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
៣- ពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។
៤- បង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌ បើសិនរកឃើញថា ជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច»។
លោកសាន់ ម៉ាឡា សកម្មជនបរិស្ថាន និងជាសមាជិកសមាគមបណ្ដាញយុវជនកម្ពុជា ដែលបានចុះប្រមូលព័ត៌មាននិងធ្វើបច្ចុប្បន្នភាពស្ថានភាពដែនជម្រកសត្វព្រៃព្រះរកា ជាមួយសហគមន៍ជនជាតិដើមភាគតិច កួយ ភូមិប្រមេរុ បានលើកឡើងថា លោកគ្មានសង្ឃឹមលើអាជ្ញាធរ និងក្រសួងពាក់ព័ន្ធទេ គឺអ្វីដែលអាចសង្ឃឹមបានថា បទល្មើសព្រៃឈើ លែងកើតមានបន្តទៅទៀត គឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋយើង ចាប់ផ្តើមរួបរួមគ្នាធ្វើសកម្មភាពការពារព្រៃឈើ និងចេះទាមទារឱ្យអាជ្ញាធរទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខប្រវត្តិសាស្ត្រ ចំពោះភាពអសមត្ថភាពរបស់ខ្លួន ។
លោកសាន់ ម៉ាឡា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា “បាទ! កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា សហគមន៍ជនជាតិដើមភាគតិច កួយ រួមជាមួយនិងក្រុមយុវជន បានចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពព្រៃ នៅដែនជម្រកសត្វព្រៃ ព្រះរកា ក្នុងរយៈចម្ងាយ ២៧គីឡូម៉ែត្រហ្នឹង គឺបានប្រទះឃើញបទល្មើសចំនួន ២៦០ករណី ដែលយើងវាយតម្លៃថា ស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើ មានការកើនឡើងគុណនឹង២ បើយើងប្រៀបធៀបជាមួយនឹងអ្វីដែលយើងតែងតែចុះពិនិត្យមើល ឬក៏ល្បាតព្រៃកន្លងមក ហើយប្រភេទឈើដែលរងការកាប់បំផ្លាញហ្នឹង មានដូចជា គគីរ ពពេល ផ្ដៀក កកោះ ក៏ដូចជាឈើទាល ហើយយើងខ្ញុំមិនសង្ឃឹម ហើយក៏លែងមានជំនឿជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក៏ដូចជាក្រសួងបរិស្ថាន ថាពួកគាត់នឹងកែប្រែឥរិយាបថរបស់ខ្លួននៅក្នុងការពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ឲ្យបាន ១០០ភាគរយ នូវបទល្មើសព្រៃឈើ មិនថានៅក្នុងដែនជម្រកព្រៃ ព្រះរកា ឬក៏ព្រៃណាទាំងអស់ទៀតទេ គឺមានតែសង្ឃឹមថា ប្រជាពលរដ្ឋ សាធារណជនទូទៅ ក៏ដូចជាយុវជន រួបរួមគ្នាធ្វើសកម្មភាពជាសាធារណៈណាមួយ ជំរុញឲ្យអាជ្ញាធរបញ្ឈប់ឲ្យបាននូវបទល្មើសព្រៃឈើ ឬក៏ជំរុញឲ្យពួកគាត់ទទួលខុសត្រូវជាប្រវត្តិសាស្រ្ត ក្រោមការគ្រប់គ្រងរបស់ខ្លួនហ្នឹង បែរជាបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើ កើតមានឡើងជារៀងរាល់ថ្ងៃ ហើយយើងជឿជាក់ថា មិនមែនអាជ្ញាធរ អត់មានមធ្យោបាយដើម្បីស៊ើបអង្កេតរកមេខ្លោងដែលនៅពីក្រោយខ្នង ឬក៏មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសទេ ប៉ុន្តែជាឆន្ទៈរបស់ពួកគាត់ អត់ចង់ធ្វើ នេះជាការយល់ឃើញរបស់យើង“ ។
លោកសាន់ ម៉ាឡា បានមានប្រសាសន៍បន្តថា “ដូចយើងបានឃើញ បានដឹងស្រាប់ បច្ចុប្បន្ននេះ ព្រៃនៅភ្នំឱរ៉ាល់ តំបន់ព្រៃមេត្តាធម្មជាតិ ដែលត្រូវបានថែរក្សានិងការពារដោយព្រះសង្ឃនោះ ឃើញមានការឈូសឆាយនិងកាប់បំផ្លាញខ្លាំងមែនទែន ហើយនៅភ្នំតាម៉ៅ ក៏មានផ្ដល់ដីសម្បទានមួយផ្នែកធំ នៃភ្នំតាម៉ៅ ហ្នឹងទៅឲ្យក្រុមហ៊ុនឯកជនផងដែរ ។ ដូច្នេះយើងមានការបារម្ភថា ព្រៃឈើនៅតំបន់ដទៃទៀត ដូចជានៅដែនជម្រកសត្វព្រៃ ព្រះរកា នេះ ដែលសកម្មភាពកាប់បំផ្លាញ ការរានដីព្រៃសម្រាប់ធ្វើកសិកម្ម នៅបន្តកើតមាន ថ្ងៃណាមួយ ប្រហែលជាអាជ្ញាធរ គាត់អាចធ្វើការកាត់បន្ថយដីព្រៃការពារមួយនេះ ឬក៏នឹងផ្ដល់សិទ្ធិទៅដល់ក្រុមហ៊ុនឯកជន ដើម្បីបំផ្លិចបំផ្លាញព្រៃឈើមួយនេះផងដែរ ។ ដូច្នេះខ្ញុំគិតថា ដើម្បីឲ្យកូនចៅជំនាន់ក្រោយ គាត់កោតសរសើរនិងមិនស្ដីបន្ទោសចំពោះអាជ្ញាធរ និងក្រសួងបរិស្ថាន ដែលកំពុងតែគ្រប់គ្រងព្រៃឈើឥឡូវនេះ ក្រសួង គួរតែកែប្រែឥរិយាបថរបស់ខ្លួន ទី១ គឺឈប់រារាំងសិទ្ធិសេរីភាពរបស់អង្គការសមាគម សហគមន៍មូលដ្ឋាន ហើយបង្កបរិយាកាសល្អដល់ពួកយើង ដើម្បីអាចរួមចំណែកក្នុងការធ្វើសកម្មភាពដើម្បីការពារថែរក្សាព្រៃឈើ ហើយជាពិសេស គឺត្រូវតែពង្រឹងនូវការអនុវត្តច្បាប់ របស់មន្រ្តីថ្នាក់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងតម្លាភាព ហើយត្រូវតែមានយន្តការមួយច្បាស់លាស់ ក្នុងការតាមដានការអនុវត្តច្បាប់របស់មន្រ្តីនៅមូលដ្ឋាន ថាមានការគប់គិត ឬក៏ស៊ីសំណូកប៉ាន់ជាមួយនឹងឈ្មួញខិលខូចដែរឬទេ?“ ។
ទោះយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានដែនជម្រកសត្វព្រៃ ព្រះរកា លោក យ៉ាន់ ប៊ុនសឿន ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោកសុង ចាន់សុជាតិ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ កាលពីម្សិលមិញ ។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃ ព្រះរកា ត្រូវបានក្រសួងបរិស្ថាន ដាក់បញ្ចូលជាព្រៃអភិរក្ស មានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខេត្តរព្រះវិហារ ក៏ប៉ុន្តែព្រៃនេះ បានទទួលរងការកាប់ឈើ ធ្វើអាជីវកម្មខុសច្បាប់ អស់រយៈពេលច្រើនឆ្នាំមកហើយ។ សព្វថ្ងៃ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ចំនួន ១៤នាក់ ដែលជាចំនួនដ៏តិចតួច បើប្រៀបធៀបនឹងទំហំព្រៃ ដែលត្រូវការពារ ៕ កុលបុត្រ