Thursday, November 13, 2025
Homeសង្គម និងជីវិតសិស្សគេចសាលា ប៉ូលិសអប់រំ១៨នាក់

សិស្សគេចសាលា ប៉ូលិសអប់រំ១៨នាក់

ខេត្តមណ្ឌលគិរី ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះអប់រំសិស្សគេចសាលា និងណែនាំម្ចាស់ទីតាំងកម្សាន្តនានា ឱ្យរាយការណ៍ទៅអាជ្ញាធរ ករណីឃើញមានក្មេងឬយុវជនពាក់ឯកសណ្ឋានសិស្ស ចូលលេងកន្លែងកម្សាន្ត។

ប្រតិបត្តិការចុះអប់រំនិងផ្សព្វផ្សាយនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមហាងនិងកន្លែងកម្សាន្តមួយចំនួន ដែលស្ថិតនៅក្បែរសាលារៀន បន្ទាប់ពីបើកបវេសនកាល។

លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានបញ្ជាក់ប្រាប់ថា ក្នុងការអនុវត្តនោះសមត្ថកិច្ចបានចុះដល់ទីតាំងកម្សាន្ត ក្បែរវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ជាច្រើនកន្លែង ដូចជា តារាងបាល់ទះ ស្នូកឃ័រ បុកប៊ីយែរ ហាងកាហ្វេ និងកន្លែងកម្សាន្តផ្សេងៗទៀត និងបាន រកឃើញក្មេងដែលមានឯកសណ្ឋានសិស្ស ចំនួន១៨ នាក់។ បើតាមសមត្ថកិច្ច សិស្សទាំងនោះបានចេញក្រៅសាលារៀននៅម៉ោង (លីប) ដូច្នេះបានអប់រំ ហើយបញ្ជូនត្រឡប់ទៅចូលរៀនវិញ។

លោកសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញសិស្សគេចម៉ោងសិក្សា ហើយចូលលេងល្បែងដែលហាមឃាត់ សមត្ថ កិច្ចនឹងចាត់វិធានការអនុវត្តយកមកកន្លែង និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា ជាជំហានដំបូង ហើយបើសិនករណីសមត្ថកិច្ចរកឃើញមិនរាងចាល និងសហការ ផ្តល់តួនាទីឱ្យលោកគ្រូនាយក ចាត់ការតាមច្បាប់សាលា។

យ៉ាងណា លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យ បានអំពាវនាវទៅដល់ម្ចាស់ទីតាំងកម្សាន្ត ឬម្ចាស់ហាង ត្រូវរាយការណ៍ទៅសមត្ថកិច្ច ក្នុងករណីឃើញមានសិស្សសាលាគេចម៉ោងសិស្សា ជាពិសេសចូលរួមអប់រំ ហាមក្មេងដែលមានឯកសណ្ឋានសិស្ស ចូលលេងល្បែងផ្សេងៗជាដាច់ខាត់៕

RELATED ARTICLES