ដោយ អាចារ្យថាំ
លោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ បានបន្សល់ទុកកំណាព្យបែបរិះគន ់១ល្បះថា “កើតតាមយំ ធំតាមឃ្លាន មានតាមក្រ រស់ត្រដរ តកើតស្លាប់ ចាប់វាសនា កើតជាខ្ញុំ ក្រុមដេកស៊ី ពីរាជការ ខំធ្វើការ អារកខ្មែរ ស្នេហាជាតិ” ដែលមានមុខព្រួញ បាញ់ទៅលើមន្ត្រីរាជការពុករលួយ ពីសម័យមុន រីឯអ្នកប្រឆាំង ក៏រស់ទាំងត្រដរត្រដាបត្រដួស រងការបង្ក្រាប ចាប់ដាក់គុក ច្រវាក់ ឬបាត់ខ្លួនដោយគ្មានដំណឹង។ ឥឡូវពួកប្រឆាំង ក៏រិះគន់មន្ត្រីបក្សកាន់អំណាច បែបនេះដែរ និងបន្ទាបខ្លួនឯងថា រស់ វេទនា រងការធ្វើទុក្ខបុកម្នេញ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “រស់ទាំងត្រដរ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (CPP) បានផុសសំណេរវាយបកពួកប្រឆាំងថា “រស់តែមិនខ្លាំង ខ្សោយតែមិនងាប់ នៅកំដរដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ឱ្យស្រស់បំព្រងយូរអង្វែង” ផ្ទុយទៅវិញ ពួកប្រឆាំង តែង រិះគន់ ជភភ ថា ចាំតែបង្ក្រាបធ្វើទុក្ខបុកម្នេញពួកប្រជាធិបតេយ្យ ឱ្យ “រស់ទាំងត្រដរ”។
ការឆ្លើយឆ្លងគ្នានេះ បើយកមកពិចារណាឱ្យហ្មត់ចត់ស៊ីជម្រៅមែនទែនទៅ ក៏មិនខុសពីសម័យសង្គមរាស្ត្រនិយម នោះ ឡើយ បើអ្នកស្របដើរតាមបន្ទាត់នយោបាយអ្នកដឹកនាំប្រទេស ក៏បានសុខស្រួលទៅ តែបើចេញមុខ “ទូលផែនដី” បង្កហេតុ បាតុកម្ម រិទ្ធង្សនា វិច្ឆេទកម្មផ្សេងៗ ពិតណាស់ថា អាជ្ញាធរមានសមត្ថកិច្ច មិនបណ្តែតបណ្តោយឱ្យធ្វើអ្វីស្រេចតែចិត្តបានឡើយ ព្រោះស្រុកមានច្បាប់ ឬ “ស្រុកមានធ្នឹម មានប្រមេ” ដូចឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានចារទុកនៅក្នុងស្នាដៃ “គតិលោក”។
បើកាលណា “ប្រឆាំងខ្លាំង បង្ក្រាបក៏ខ្លាំងដែរ” បើមិនចង់ជាប់គុកខ្នោះឃ្នាង លុះត្រាតែរត់ចោលស្រុក ឬរត់ទៅពួនក្នុង ព្រៃស៊ីក្តួច ស៊ីដំឡូងស្យា ដំឡូងស្រំ “រស់ទាំងត្រដរ”។ រីឯពួកប្រឆាំង ដែលសំងំក្នុងស្រុក ដូចកណ្តុរ ខ្លាចឆ្មា សូម្បីតែងូតទឹក ក៏មិនហ៊ានចេញក្រៅដែរ ភ្នែកសេក ភ្នែកលលក “រស់ទាំងវេទនា ពិបាកជាងអ្នករត់ចូលព្រៃទៅទៀត នេះនិយាយពីអតីតកាល។ បច្ចុប្បន្ន គ្មានព្រៃសម្រាប់ពួកប្រឆាំង រត់ទៅបង្កលក្ខណៈតស៊ូយូរអង្វែងបានទៀតទេ បើរត់ទៅក្រៅប្រទេស លុះត្រាតែមានការធានា ឬ “ផ្តល់សិទ្ធិជ្រកកោននយោបាយ” ពីប្រទេសណាមួយ តែបើគ្មានអ្នកផ្តល់សិទ្ធិ ទោះជាមានលិខិតឆ្លងដែន ក៏គេចាប់បញ្ជូនមកវិញដែរ។
ឧទាហរណ៍ លោកសម រង្ស៊ី និងសហការីជំនិតៗប៉ុន្មាននាក់ ដែលរត់ទៅជ្រកកោននៅលើទឹកដីអាមេរិក បារាំង អូស្ត្រាលី… គឺមកពីពួកគាត់ទទួលបានសិទ្ធិជ្រកកោននយោបាយ ក៏អាចបន្តធ្វើសកម្មភាពនយោបាយ បាញ់ផ្លោងពាក្យសម្តី ឬសំណេរ តាមវិទ្យុនិងបណ្តាញសង្គម។ ទោះជាក្រុមលោកសម រង្ស៊ី មានលុយចាយ បាយហាង ដើរហើរបានតាមចិត្ត ក៏ “រស់ទាំង ត្រដរ” ព្រោះតែការព្រាត់និរាសប្រពន្ធកូន ក្រុមគ្រួសារ។
ដោយឡែក សកម្មជនប្រឆាំង ដែលដើរតាមលោកសម រង្ស៊ី ទោះបីជាចូលក្នុងបក្សភ្លើងទៀន បើចេះសម្របខ្លួនតាម កាលៈទេសៈ ឬ “ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស” ក្លាយទៅជាមេឃុំ ជំទប់ ក៏អាចទទួលបានប្រាក់ខែ រស់ស្រួលដែរ ប៉ុន្តែបើបន្តការប្រឆាំង មិនឈប់ឈរ បានត្រឹម “រស់ទាំងត្រដរ” តែប៉ុណ្ណោះ។
សួរថា “តើពួកប្រឆាំង មានវិធីណាឱ្យរស់បានស្រួល?” ជាចម្លើយប្រាកដនិយម គឺ “មិនអាចទេ” បើគាត់នៅតែប្រឆាំង តវ៉ាមិនឈប់ឈរ។ បក្សភ្លើងទៀន ទោះជាជាប់ឆ្នោត បានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង ២ពាន់ ក៏មិនទាន់ប្រាកដថា រស់ស្រួលនោះដែរ ព្រោះបក្សកាន់អំណាច នៅតែបន្តឃ្លាំមើលគ្រប់ឥរិយាបថ បើភ្លាត់តែបន្តិច ចូលគុកភ្លាម ឬរងអំពើហិង្សា ណាមួយជាយថាហេតុ ដោយរកជនដៃដល់មិនឃើញ។
ឧទាហរណ៍ លោកប៊ុណ្ណ ច័ន្ទម៉ុល ជាអ្នកនយោបាយប្រឆាំងអាណានិគមបារាំង ធ្លាប់ជាប់គុកកោះត្រឡាច លុះមាន សេរីភាពមកវិញ បានជួបជុំប្រពន្ធកូន ក៏នៅតែមាន “គិញបារាំង” តាមដានជានិច្ច។ រីឯចិត្តគំនិតមនុស្សធ្លាប់ប្រឆាំងបារាំង នៅតែប្រឆាំងរហូត មិនលះបង់ចោលទេ គឺលោកប៊ុណ្ណ ច័ន្ទម៉ុល ទ្រាំរស់នៅភ្នំពេញ ទាំងត្រដរ លុះទ្រាំមិនបាន ក៏រត់ទៅតស៊ូ នៅជាយដែនកម្ពុជា-ថៃ បង្ក “ចលនាខ្មែរឥស្សរៈ”។ លុះស្រុកទេសបានឯករាជ្យ លោកក៏ចេញពីព្រៃ មកភ្នំពេញវិញ រកស៊ី ដូចពលរដ្ឋឯទៀតដែរ ប៉ុន្តែ “មនុស្សនយោបាយ” មិនចោលនយោបាយ ក៏បន្តការប្រឆាំងនឹងរបបសង្គមរាស្ត្រនិយម។ លុះ មានរដ្ឋប្រហារកើតឡើង លោកម៉ុល ក៏ក្លាយទៅជានាយទាហាន និងជាទីប្រឹក្សាប្រធានាធិបតី បន្តអនុវត្តទ្រឹស្តីប្រជាធិបតេយ្យ មិនឈប់ឈរ។ ទីបំផុតឆាកជីវិតនយោបាយរបស់លោកត្រូវបញ្ចប់ត្រឹម “បាត់ខ្លួនជារៀងរហូត” ក្នុងរបបប្រល័យ ពូជសាសន៍។
ចំណែកកំពូលអ្នកនយោបាយ សឺង ង៉ុកថាញ់ តស៊ូខ្លាំងជាងលោកប៊ុណ្ណ ច័ន្ទម៉ុល ទៅទៀត គ្រាន់តែជាប់គុក ពីរបីដង ពេលមានសេរីភាពក៏ “រស់ទាំងត្រដរ” សូម្បីតែគាត់បានធ្វើនាយករដ្ឋមន្ត្រី ក្នុងរបបលន់ នល់ ក៏រងព្យុះបាតុកម្មពីពួកនិស្សិត សាលាច្បាប់ៗ ទីបំផុតឆាកជីវិតនយោបាយរបស់លោកសឺង ង៉ុកថាញ់ ត្រូវបញ្ចប់ត្រឹម “ស្លាប់ក្នុងគុកយួន” គ្មានថ្ងៃវិលត្រឡប់។
ប្រវត្តិសាស្ត្រខ្មែរ តាំងពីរាជ្យណារាជ្យណីមក ពួកប្រឆាំង មិនដែលឈ្នះអ្នកកាន់អំណាច ដោយសន្តិវិធីនោះឡើយ។ បើមេឧទ្ទាមណាមួយដែលជារាជវង្ស ចង់ដណ្តើមរាជ្យ “លុះត្រាតែពឹងយួន-សៀម” ឱ្យលើកទ័ពមកជួយ។ ព្រះបាទអង្គឌួង អាចឡើងគ្រងរាជ្យបានដោយយកអំណាចពី “ក្សត្រីអង្គម៉ី” ជាក្មួយ គឺដោយសារអន្តរាគមន៍ពីស្តេចសៀម និងឯកភាព ពីស្តេចយួនអណ្ណាម។ គ្មានការចរចាណាមួយ អាចឈានទៅដល់ការលើករាជសម្បត្តិថ្វាយព្រះអង្គឌួង ដោយស្រួលៗបាន ឡើយ គឺមកពីមានអន្តរាគមន៍យោធា។
ដូច្នេះ សម្រាប់បច្ចុប្បន្ន ក៏មិនខុសពីអតីតកាល “គ្មានការបោះឆ្នោតណាមួយយកឈ្នះ CPP” បានឡើយ កុំសង្ស័យ។ ពួកប្រឆាំងសម័យនេះ ក៏មិនអាចពឹងអន្តរាគមន៍យោធាពីប្រទេសជិតខាងបានដែរ ដោយហេតុថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពូលបញ្ញាញាណ បានប្រើយុទ្ធសាស្ត្រ “ចាប់ដៃចិន រុស្ស៊ី វៀតណាម ឡាវ ថៃ និងបណ្តាប្រទេសអាស៊ាន” ជាប់ អស់ទៅហើយ តើពួកប្រឆាំង ទៅពឹងអ្នកណាបាន? សូម្បីតែអាមេរិក ដែលនៅខាងពួកប្រឆាំង ក៏នាយករដ្ឋមន្ត្រីចាស់វស្សា នេះ “ចាប់ដៃលោកចូ បៃដិន” រួចហើយ មានរឿងអីដែលអាមេរិក បំភ្លេចបាន? អ៊ីចឹងបើគ្មានអន្តរាគមន៍យោធាដូចពីបុរាណ ដោយយកតែការបោះឆ្នោតដោយសន្តិវិធី តាមប្រជាធិបតេយ្យនេះ “CPP ឈ្នះរហូត” ឯពួកប្រឆាំង “រស់ទាំងត្រដរ” លុះ អវសាន។
សរុបទៅ “រស់ទាំងត្រដរ” ចង់ផ្តោតទៅលើរបៀបរបបរស់នៅរបស់ពួកប្រឆាំង ទាំងក្នុងនិងក្រៅប្រទេសនេះឯង។ យើង យល់ណាស់ហើយថា ពួកប្រឆាំង មិនចង់រស់នៅក្នុងស្ថានភាពបែបនេះទេ ប៉ុន្តែពួកគាត់ “មិនអាចលះបង់ការប្រឆាំងបាន” ក៏សុខចិត្តរស់ទាំងភ្នែកសេក ភ្នែកលលក ព្រាត់កូនប្រពន្ធយ៉ាងនេះទៅ ហើយកុំសង្ឃឹមថា មហាអំណាចលោកខាងលិច ជួយ ធ្វើអន្តរាគមន៍យោធា ឬគំនាបសេដ្ឋកិច្ច អាចគំរាមសម្លុត ជភភ បាននោះ ទៅមិនរួចទេ…៕