Wednesday, November 27, 2024
Homeបរិយាយរដ្ឋធម្មនុញ្ញ ៧ជំនាន់

រដ្ឋធម្មនុញ្ញ ៧ជំនាន់

របបសង្គមនីមួយៗ មិនថាប្រទេសយើង ឬប្រទេសគេ ត្រូវតែមានរដ្ឋធម្មនុញ្ញ និងវិសោធនកម្ម ទៅតាមយុទ្ធសាស្ត្រ ដឹកនាំប្រទេស ដោយមិនអាចធ្វើតាមការចង់បានរបស់ពួកប្រឆាំងបានឡើយ។ សម្រាប់កម្ពុជា យើងបើគិតតាំងពីជំនាន់បារាំង មកទល់បច្ចុប្បន្ន មានរដ្ឋធម្មនុញ្ញ ៧ឯណោះ ដែលសរសេរខុសគ្នាបន្តិចបន្តួច ទៅតាមរបត់នយោបាយ។ ករណីអ្នកវិភាគ និងពួកប្រឆាំង តវ៉ាទៅរដ្ឋសភា ព្រឹទ្ធសភា កុំអនុម័តការធ្វើវិសោធនកម្មច្បាប់ មិនអាចទៅរួចទេ ព្រោះច្បាប់កំពូលនោះ ជា មុខព្រួញយុទ្ធសាស្ត្រនៃការដឹកនាំ ដែល “នគរធំ” សូមគាស់កកាយពី “រដ្ឋធម្មនុញ្ញ ៧ជំនាន់” មកធ្វើប្រធានបទបរិយាយ-ថ្ងៃនេះ…។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (ជភភ) បានផុសសំណេរតាមហ្វេសប៊ុក ថា “ទោះទណ្ឌិតមេឧទ្ទាម ក្រៅច្បាប់ និយាយយ៉ាងណា ក៏មិនអាចរារាំងដំណើរការធ្វើវិសោធនកម្មនេះបានដែរ”។ បន្ទាប់ពីមេប្រឆាំងសម រង្ស៊ី ក៏ដូច លោកបណ្ឌិតឡៅ ម៉ុងហៃ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន តវ៉ាចំពោះការធ្វើវិសោធនកម្មដែលផ្តល់អំណាចនាយករដ្ឋ-មន្ត្រី ខ្ពស់ជាងគេក្នុងស្ថាប័ននីតិប្រតិបត្តិ និងគ្របទៅលើនីតិប្បញ្ញត្តិ។

ក្តាប់បានពីករណីនេះ “នគរធំ” មើលឃើញថា “ទាញមិនឈ្នះទៅ” ព្រោះតាំងពីរាជ្យណារាជ្យណីមក បើព្រះមហាក្សត្រ ១អង្គ ឡើងគ្រងរាជ្យ ក៏មានច្បាប់មួយ តម្រូវតាមព្រះទ័យព្រះអង្គ សូម្បីតែរបបសាធារណរដ្ឋ ក៏មានច្បាប់ តម្រូវតាមរបប ដែរ។

បើគិតតាំងពីឆ្នាំ១៩៤៧ មកទល់ឆ្នាំ២០២២ នេះ ខ្មែរយើងមានរដ្ឋធម្មនុញ្ញ ចំនួន៧ និងមានការកែគូសលុប បន្ថែមបន្ថយ រាប់ភ្លេច។ នៅឆ្នាំ១៩៤៧ កម្ពុជា នៅក្រោមអាណាព្យាបាលបារាំង ប៉ុន្តែបារាំង បើកសិទ្ធិឱ្យមានការបោះឆ្នោតតាមប្រជាធិប- តេយ្យ ជាឱកាសថ្វាយទ្រង់ស៊ីសុវត្ថិ យុត្តិវង្ស ប្រធានគណបក្សប្រជាធិបតេយ្យ និងជានាយករដ្ឋមន្ត្រីចងក្ររដ្ឋធម្មនុញ្ញមួយ ដោយមានព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខា ចូលជាធរមាន។ ក្រោយពីបារាំង ប្រគល់ឯករាជ្យ នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ព្រះមហាក្សត្រ បានចុះពីរាជបល្ល័ង្ក បង្កើតចលនាសង្គមរាស្ត្រនិយម ដោយបង្កើតរដ្ឋធម្មនុញ្ញ មួយ ចូលជាធរមានរហូតដល់ឆ្នាំ១៩៧០ ដោយមានការកែជាហូរហែ។ លោកសេនាប្រមុខ ប្រធានាធិបតី លន់ នល់ ក៏បាន ធ្វើរដ្ឋធម្មនុញ្ញថ្មី សម្របទៅតាមរបបសាធារណរដ្ឋ។ បងធំប៉ុល ពត ដែលដឹកនាំរបបកម្ពុជា ប្រជាធិបតេយ្យ ក៏មានរដ្ឋធម្មនុញ្ញមួយថ្មីសន្លាង មានតែលើក្រដាស ដោយយក “នីតិមាត់” មកប្រើ។ ក្រោយឆ្នាំ១៩៧៩ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏មានរដ្ឋធម្មនុញ្ញមួយ ផ្អៀងទៅតាមបែបផែនសង្គមនិយម ឬស្រដៀងចិន និងវៀតណាម។ របបរដ្ឋកម្ពុជា បានយករដ្ឋធម្មនុញ្ញរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មកប្រើ ដោយកែប្រែជាហូរហែ សូម្បីតែទង់ជាតិពណ៌ក្រហម ប្រាសាទលឿង ក៏កែដែរ។ ឈានដល់ឆ្នាំ១៩៩៣ ក្រោយបោះឆ្នោតអាណត្តិទី២ រាជាណាចក្រទី២ កើតឡើងក៏យករដ្ឋធម្មនុញ្ញសម័យសង្គមរាស្ត្រនិយម មកប្រើដោយកែមាត្រាជំពូកខ្លះ រហូតដល់សព្វថ្ងៃ។

បើកាលណាប្តូររបប ក៏មានការប្តូររដ្ឋធម្មនុញ្ញ ប្តូរទាំងបទភ្លេងគោរពទង់ជាតិ ថែមទៀត ដូចការបង្ហាញខាងក្រោម ៖

-បទភ្លេងជាតិ សង្គមរាស្ត្រនិយម ៖ និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត “… សូមពួកទេវតា រក្សាមហាក្សត្រ យើង ឱ្យបានរុងរឿង ដោយជ័យមង្គល ស្រីសួស្តី…”។

-បទភ្លេងជាតិ សាធារណរដ្ឋខ្មែររបស់លន់ នល់ និពន្ធដោយក្រុមសាស្ត្រាចារ្យ-និស្សិតសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ដឹកនាំដោយលោកហង្ស ធុនហាក់ ៖ “ជនជាតិខ្មែរ ល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា អារ្យធម៌ខ្ពស់បវរជាតិសាសន៍ កេរដូនតាទុកលើភពផែនដី…”។

-បទភ្លេងជាតិកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ៖ មិនស្គាល់ឈ្មោះអ្នកនិពន្ធ “ឈាមក្រហមច្រាល ស្រោចស្រពក្រុង វាល កម្ពុជាមាតុភូមិ ឈាមកម្មករ កសិករដ៏ឧត្តម ឈាមយុទ្ធជន យុទ្ធនារីបដិវត្តន៍ ឈាមប្រែក្លាយជាកំហឹងខ្លាំងក្លា តស៊ូ មោះមុត…”។

-បទភ្លេងជាតិ សាធារណរដ្ឋប្រជាមានិតកម្ពុជា ហេង សំរិន ៖ និពន្ធដោយសមមិត្តជ័យ សោភា អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ ឃោសនាការនិងព័ត៌មាន “ពលរដ្ឋកម្ពុជា ជាកម្លាំងប្តូរផ្តាច់ សច្ចាកម្ទេចអស់ពួកបច្ចាមិត្រ តាំងចិត្តសាមគ្គី ទើបមាន មហិទ្ធិប្ញទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ…”។

ភ្លេងជាតិទាំង៣របប គឺរបបប៉ុល ពត, លន់ នល់ និងហេង សំរិន មានលក្ខណៈកម្ទេចខ្មាំងសត្រូវ យកឈាមក្រាលផែនដី ខុសពីបទភ្លេង “នគររាជ” និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មានលក្ខណៈទន់ភ្លន់ បង្កប់ព្រហ្មវិហារធម៌។ ទោះ យ៉ាងណា បទភ្លេងណាក៏សរសើរប្រាង្គប្រាសាទសិលា ដែលជាកេរដូនតាដូចគ្នា។

ក្រឡេកមើលបច្ចុប្បន្ន រដ្ឋធម្មនុញ្ញ និងភ្លេងជាតិ យកតាមសង្គមរាស្ត្រនិយម ស្ទើរទាំងអស់ ព្រោះមានព្រះមហាក្សត្រ គ្រងរាជសម្បត្តិ ប៉ុន្តែការដឹកនាំ តែងបត់បែនទៅតាមស្ថានការណ៍ពិភពលោក បើយើងបត់មិនទាន់គេ ងើបអត់រួចទេ។ បើ ចង់បានការជឿនលឿនដូចគេ ចាំបាច់ត្រូវកែច្បាប់មាត្រាខ្លះ ដើម្បីនាយករដ្ឋមន្ត្រី មានសិទ្ធិអំណាចពេញដៃ ក្នុងការដឹកនាំគ្រប់គ្រងជាតិមាតុភូមិ។

គប្បីយល់ថា “គ្មានអ្នកណាកែច្បាប់សម្លាប់មនុស្ស” ដូចរបបប៉ុល ពត ដែលចារក្នុងភ្លេងជាតិថា “ឈាមប្រែក្លាយជា កំហឹងខ្លាំងក្លា” នោះទេ គឺព្រោះតែកំហឹងខ្លាំងក្លា កំហឹងវណ្ណៈយ៉ាងនេះហើយ បានជាប៉ុល ពត ដឹកនាំប្រទេស ទៅរកការ ប្រល័យពូជសាសន៍។

របបរដ្ឋកម្ពុជា ដែលឆ្លងពីសាធារណរដ្ឋប្រជាមានិតកម្ពុជា បានដឹកនាំតាមបែបសង្គមនិយម ម៉ាក្សលេនីន។ លុះហ៊្វុន-ស៊ិនប៉ិច រាជានិយមឈ្នះឆ្នោត អាណត្តិទី១ ក៏ប្រតោងប្រទាញការដឹកនាំទៅរាជានិយមវិញ។

ឥឡូវរដ្ឋធម្មនុញ្ញ មានការធ្វើវិសោធនកម្ម ១០ដងមកហើយ អាចនឹងបន្តធ្វើទៀត បើនៅមានខ្វះចន្លោះត្រង់មាត្រា ណាមួយ នាំឱ្យរាំងស្ទះដល់ការដឹកនាំប្រទេស។ ច្បាប់កំពូលនេះ ជាតួនាទីរបស់ “អ្នកឈ្នះ” ជាអ្នកបង្កើតនិងកែ មិនមែន “អ្នកចាញ់” មកបង្កើតនោះទេ ប៉ុន្តែអ្នកចាញ់ អាចបោះឆ្នោតជំទាស់ជាលក្ខណៈស្របច្បាប់ បើមានអាសនៈរដ្ឋសភា ព្រឹទ្ធសភា។

គណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់កាប់អាសនៈរដ្ឋសភា ១២៥/១២៥ ដូចសព្វថ្ងៃនេះ ចង់ធ្វើអីក៏បានដែរ ឬថាចង់កែច្បាប់ យ៉ាងណាក៏ដោយចុះ ឱ្យតែសមស្របទៅតាមរបត់សង្គម នយោបាយនិងស្ថានការណ៍សកលលោក។ សូម្បីតែប្រទេសថៃ ជិតខាងយើង ក៏ធ្វើវិសោធនកម្មច្បាប់ដែរ ដូចករណី “ច្បាប់រំលាយគណបក្ស” ជាដើម ដែលតុលាការ យកមកប្រើ គេបង្កើតឡើងនិងកែសម្រួលទៅតាមកាលៈទេសៈ។

សរុបទៅ “រដ្ឋធម្មនុញ្ញ ៧ជំនាន់” ចង់បង្ហាញថា បើអ្នកណាឈ្នះ អ្នកណាខ្លាំង ក៏បង្កើតច្បាប់កំពូលមួយ ទៅតាមគោល-នយោបាយរបស់ខ្លួន។ ឯអ្នកខ្សោយ អ្នកចាញ់ មិនអាចធ្វើច្បាប់បានឡើយ តែបើចង់ប្រើ “ច្បាប់ព្រៃ” ទាល់តែចង់ទៅនៅ ក្នុងព្រៃ បង្កលក្ខណៈឧទ្ទាមកម្ម ដូចសម័យឥស្សរៈ ប្រឆាំងបារាំង។ ហេតុនេះ ពួកប្រឆាំង គួរបាំងដៃចាំមើលការអនុវត្តច្បាប់ ល្អជាង ព្រោះ “ទាញមិនឈ្នះទៅ” ទោះជាប្រឹងតវ៉ាយ៉ាងណា ក៏ “ទូកចេញចាកកំពង់” បើលោតចុះទូកមិនទាន់គេៗទៅចោល បាត់…៕

RELATED ARTICLES