ភ្នំពេញ៖អតីតតារាសម្ដែងទសវត្សន៍៨០និង៩០ លោកខៃ ប្រសិទ្ធ ត្រូវបានតារាចម្រៀងលោកខេម បង្ហោះរូបភាពញាំអាហារជាមួយគ្នាតែពីរនាក់នៅហាងមួយកាលពីថ្ងៃទី២៦កក្កដា។ប៉ុន្ដែ នៅពេលដែលFan លោកខេម ខមិនសួរថាលោកប្រសិទ្ធ មកខ្មែរពីពេលណានោះលោកសុណារិន មិនតបឡើយ។

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅលោកប៉ុន សុណារិន ហៅខេម ជាច្រើនលើកតែតេមិនចូលទេទើបមិនអាចសួរនាំពីការដែលលោកបានជួបនិងញាំអាហាររួមតុជាមួយលោកប្រសិទ្ធ នោះបានទេ។ដោយឡែកតារាសម្ដែងជើងចាស់លោកសាវីន ហ្វីលីព ដែលជាអ្នកជិតដិតបំផុតជាមួយលោកខៃ ប្រសិទ្ធ នោះបានប្រាប់អ្នកយកព័តមានយើងតាមសារឆាតហ្វេសបុកថាលោកឭថាលោកប្រសិទ្ធ បានមកលេងនៅខ្មែរតាំងពីមុនថ្ងៃបោះឆ្នោតឃុំសង្កាត់ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២)ម្លេះតែលោកមិនអាចទាក់ទងអតីតតារូបនេះបានឡើយ។

លោកសាវីន ហ្វីលីព ថ្លែងថា”ឭថាគាត់(ខៃ ប្រសិទ្ធ)មកខ្មែរតាំងពីមុនបោះឆ្នោតឃុំ សង្កាត់ តែខ្ញុំមិនដែលបានជួបគាត់ទេ ដោយសារតែលេខគាត់នៅខ្មែរ ខលមិនចូល សារហ្វេសបុកមិនឆ្លើយ សារTelegram មើលហើយមិនតប”។

លោកសាវីន ហ្វីលីព ហាក់ទ័លតម្រេះចំពោះការចង់ជួបលោកខៃ ប្រសិទ្ធ មិនបានដូចមុននេះ តែលោកមិនធ្វើអត្ថាធិប្បាយចំពោះភាពប្រែប្រួលរបស់លោកប្រសិទ្ធ នៅពេលនេះទេ ខណៈដែលទាំងក្នុងនិងក្រៅសិល្បៈគ្រប់គ្នាសុទ្ធតែបានដឹងថាមានតែលោកសាវីន ហ្វីលីព ទេដែលជាអ្នកធ្លាប់រួមអាជីពនិងមិត្តភក្ដិដ៍ជិតដិតបំផុតរបស់លោកប្រសិទ្ធ ប៉ុន្ដែពេលនេះអតីតតារាជើងចាស់រូបនោះបែជាមិនទាន់មានពេលជួបជាមួយលោកហ្វីលីព តែមានមានពេលទៅជួបនិងញាំអាហារជាមួយលោកខេម ទៅវិញ។

គូរបញ្ជាក់ថាមុនមានដំណឹងថាលោកខៃ ប្រសិទ្ធ មកលេងស្រុកកំណើតសារជាថ្មីនេះកាលពីដើមខែមករាឆ្នាំ២០២២ លោកប្រសិទ្ធ ក៍បានចេញវីដេអូដ៍វែងអន្លាយពីប្រទេសអូស្រា្ដលីងមដោយដៃកាន់ដបស្រាផងថាលោកគាំទ្រយ៉ាងពេញទំហ៊ឹងចំពោះបេក្ខភាពនាយករដ្ឋមន្រ្ដីបន្ដវេនលោកហ៊ុន ម៉ាណែត ហើយស្រាប់តែរំលងបាន៥ខែលោកក៍មកខ្មែរស្ងាត់ៗទាំងដែលតារាធ្លាប់រួមអាជីពពិបាកក្នុងការជួបលោកដូចមុនទៅវិញ។តែនេះមិនមែនជាលើកទី១នោះទេ ដែលលោកប្រសិទ្ធមកលេងស្រុកនោះ ពោលគឺតាំងពីលោកចេញទៅរស់នៅប្រទេសអូស្រា្ដលីរយៈពេល២៣ឆ្នាំមកលោកធ្លាប់មកលេងស្រុកខ្មែរជាញឹកញាប់គ្រាន់តែមកបែបស្ងាត់ស្ងៀមនិងលាក់បាំងមិនចង់ឲ្យគេដឹងប៉ុណ្ណោះដូចជាកាលពីឆ្នាំ២០០៨ លោកមកលក់ផ្ទះនៅក្បែររដ្ឋសភាចាស់,ឆ្នាំ២០១៣ មកចូលរួមមង្គលការកូនតារាកំប្លែងជើងចាស់នាយត្រដក់និងអ្នកនាងជុំ រស្មី ហៅស្រីទូច ,ឆ្នាំ២០១៧ លោកបានចុះមកខ្មែរថតMV បទ”ឪពុកអ្នកក្រ” ច្រៀងដោយសុវត្ថិឌី ធារិកា និងកាលពីឆ្នាំ២០១៨ លោកមកលេងស្រុកកំណើតនៅខេត្តពោធិសាត់ ហើយបានធ្វើខួបកំណើតគម្រប់វ័យ៥៨ឆ្នាំទៀតផង។ដោយឡែកសម្រាប់ការមកជើងនេះគេមិនដឹងថាលោកខៃ ប្រសិទ្ធ នឹងវិលទៅអូស្រា្ដលីវិញនៅពេលណាឡើយព្រោះមិនអាចទាក់ទងលោកបាន ខណៈដែលតារាខ្លះដែលធ្លាប់ស្និតស្នាលជាមួយលោកប្រសិទ្ធ បែជាថាមិនហ៊ាននិយាយពាក់ព័ន្ធលោក ដើម្បីធានាសុវត្ថិភាពដល់អតីតតារាជើងចាស់រូបនេះទៅវិញ។

សូមរំលឹកថាលោកខៃ ប្រសិទ្ធ វ័យ៦២ឆ្នាំបានចាកចេញពីស្រុកកំណើតទៅរស់នៅរដ្ឋ Brisbane ប្រទេសអូស្រា្ដលីកាលពីឆ្នាំ១៩៩៩ ហើយលោកក៍បានយកកូនប្រុសឈ្មោះខៃ សិទ្ធលីស័ក្ក ហៅម៉ៃឃើល(Michael)បច្ចុប្បន្នអាយុ៣២ឆ្នាំដែលជាកូនច្បងតំណក់ឈាមជាមួយអ្នកស្រីពិសិដ្ឋ ពិ លិកា ទៅជាមួយដែរ ស្របពេលដែលលោកមានភរិយាក្រោយនៅទីនោះនិងមានកូន៣នាក់ថែមទៀត។អតីតតារាសម្ដែងភាពយន្ដនិងជាស្វាមីនាដការីអ្នកស្រីពិសិដ្ឋ ពិលិកា ដែលត្រូវបានឃាតករបាញ់ប្រហារកាលពីឆ្នាំ១៩៩៧ នោះបានរកស៊ីផ្នែកអចលនទ្រព្យ (Real Estate) នៅអូស្រ្ដាលីតែពេលកូវីដផ្ទុះកន្លងមកនោះមុខរបរលោកមិនសូវកាក់កបឡើយ បើទោះជាគេឃើញលោកប្រសិទ្ធ ជិះរថយន្ដទំនើបៗដើរកម្សាន្ដនៅស្រុកគេមានដូចជាRange Rover និងBmw ក្ដី៕
