Wednesday, November 27, 2024
Homeព័ត៌មានជាតិផ្ទុះការរិះគន់ វីដេអូ ស្រីស្រាតលីអូ សុំប្រុសជិះឡាន

ផ្ទុះការរិះគន់ វីដេអូ ស្រីស្រាតលីអូ សុំប្រុសជិះឡាន

ភ្នំពេញ ៖ វីដេអូឃ្លីបមួយ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ចោញប្រតិកម្ម រិះគន់យ៉ាងចាស់ដៃ បន្ទាប់ ពីឃើញមានការសម្តែងដោយស្រីស្អាតម្នាក់ ស្រាតឈុតក្នុង (ខោទ្រនាប់) របស់ខ្លួន រួចសុំបុរសម្នាក់ជិះរថយន្តជាមួយ ជាហេតុធ្វើឱ្យមហាជន ផ្ទុះការខឹងសម្បា លើកឡើងថា ការសម្តែងនេះ ខ្វះការគិតពិចារណា គ្មានអសីលធម៌ ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរយ៉ាងខ្លាំង។

គួរបញ្ផាក់ថា ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ KHEM YANG Online ជាផេកលក់ផលិតផលតាមអនឡាញ បានបង្ហោះវីដេអូ ឃ្លីបមួយ ដោយមានការចូលរួមសម្តែងដោយនារីរូបស្រស់ចំនួន២នាក់ ក្នុងនោះ ឈុតឆាកដែលធ្វើឱ្យមហាជនផ្ទុះកំហឹងរិះគន់យ៉ាងចាស់ដៃ នៅត្រង់ថា គ្រាន់តែចាប់ផ្តើមឆាកសម្តែងដំបូងភ្លាម នៅពេលឃើញបុរសសង្ហាម្នាក់កំពុងអង្គុយក្នុងរថយន្តទំនើប១គ្រឿង ស្រាប់តែស្រីស្អាតម្នាក់ ក្នុងចំណោម២នាក់ បានធ្វើសកម្មភាពស្រាតខោទ្រនាប់របស់ខ្លួនចេញ រួចកាន់យកមកគ្រវីនៅនឹងដៃ ហើយបានចូលទៅជិះសុំជិះរថយន្តទំនើប ជាមួយ បុរសសង្ហាម្នាក់នោះ។ អ្វីដែលជាការកត់សម្គាល់ តួអង្គសម្តែងទាំងប្រុសទាំងស្រុង សុទ្ធសឹងជាជនជាតិខ្មែរ និយាយភាសាខ្មែរ ទើបធ្វើឱ្យ មហាជនមានការខឹងសម្បា លើកឡើងថា ការសម្តែងបែបនេះ គ្មានសីលធម៌បន្តិចណាសោះ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ ស្ត្រីខ្មែរយ៉ាងខ្លាំងទៀតផង។

ក្រោយផ្ទុះការរិះគន់ខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវជា បន្ទាន់ រួចបញ្ផាក់ប្រាប់ថា ទាំងម្ចាស់គណនីហ្វេសប៊ុក ទាំងអ្នកសម្តែងក្នុងសកម្មភាពអសីលធម៌ខាងលើនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។

យោងតាមប្រភពពី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ផាក់ឱ្យដឹងថា បន្ទាប់ពី បានឃើញគណនី ផេកហ្វេសបុកមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡាន ផងបានអត់? ស្រីស្អាតសុំ…” នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌។ ក្រុមការងារជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសប៊ុក ទាំងអ្នកសម្តែង ក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនី ក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសប៊ុក របស់ខ្លួនផងដែរ៕/

RELATED ARTICLES