ខេត្តសៀមរាប ៖ មន្ត្រីជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ (គ.ប.ផ.ក) បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ នឹងបន្តស្រាវជ្រាវទប់ស្កាត់ បង្ក្រាបការផលិត ឬលក់ឧបករណ៍សិច ដែលមានជនមួយចំនួនបានបង្ហោះលក់តាមប្រព័ន្ធអនឡាញ។
លោកទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានបញ្ជាក់ថា កន្លងមក គ.ប.ផ.ក បានបង្ក្រាបការលក់លិង្គសិប្បនិម្មិត ឬឧបករណ៍សិច ជាបន្តបន្ទាប់ ហើយជនមួយចំនួនត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការផងដែរ។ ចំណែកជនមួយចំនួនទៀតដែលនៅតែបង្ហោះលក់ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីអនុវត្តតាមផ្លូវច្បាប់។
ដោយឡែក ចំពោះការបង្ហោះលក់ឡេមួយចំនួនតាមប្រព័ន្ធ online លោកបានបញ្ជាក់ថា ការលក់ទាំងនោះ មិនប្រាកដថា ខុសច្បាប់នោះទេ គេអាចមានច្បាប់ ហើយប្រសិនបើយើងចុះទៅទប់ស្កាត់ បង្ក្រាបការលក់នោះ លើកលែងតែយើងដឹងច្បាស់ថា ការលក់នោះអត់ច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការលក់ឡេ តាមប្រព័ន្ធអនឡាញមួយចំនួន ត្រូវបានគេដឹងថា ពួកគេមួយចំនួនបានសុំច្បាប់ទៅតាមក្រសួងជំនាញពាក់ព័ន្ធដែរ។
បើទោះបីសមត្ថកិច្ចជំនាញអះអាងថា កន្លងមក បានទប់ស្កាត់ បង្ក្រាបការលក់លិង្គសិប្បនិម្មិត ឬឧបករណ៍សិច ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ន គេសង្កេតឃើញមានការបង្ហោះលក់ឧបករណ៍បែបនេះនៅតាមប្រព័ន្ធបណ្តាញសង្គម យ៉ាងផុសផុលដដែល៕