ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុនការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករលាប្អៀរ បានចាត់តាំងលោកគឹម វាសនា និងក្រុមការងារ អមដំណើរដោយលោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ រួមជាមួយអាជ្ញាធរឃុំភ្នំក្រាំងដីមាស និងឃុំស្វាយជ្រំ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ជូនគ្រួសារដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់ ចំនួន ២នាក់ កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ចំណុចប្រឡាយទឹក ក្រោមអណ្ដូងថ្មី ស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលលង់ទឹកស្លាប់នោះ ទិ១. ឈ្មោះ ហន គាថាភាគ ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស និងទី២. ឈ្មោះ ហាន សុភ័ក្រ្ត ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិស្វាយជ្រំចាស់ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
គ្រួសារសពទាំង ២គ្រួសារ បានទទួលអំណោយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងមួយគ្រួសារ មាន អង្ករ ៥០គីឡូក្រាម, មី ៤កេស ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៤យួរ ទឹកបរិសុទ្ធ ២កេស និងថវិកា មួយចំនួនទៀត។
ក្នុងឱកាសនោះ លោកគឹម វាសនា និងក្រុមការងារ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជូនចំពោះក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ និងប្រសាសន៍ណែនាំ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នពីសុខភាព និងសុវត្ថិភាពកូនចៅ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕