Friday, November 29, 2024
Homeបរិយាយកម្ពុជា បៃតង

កម្ពុជា បៃតង

ដោយ អាចារ្យថាំ

ប្រជាពលរដ្ឋកម្ពុជា រួមទាំង “នគរធំ” ផងដែរ សូមស្វាគមន៍និងគាំទ្រសំណើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត កិច្ចព្រមព្រៀង “អាស៊ានបៃតង” ក្នុងឋានៈជាប្រធានអាស៊ាន ប្រចាំឆ្នាំ២០២២។ ពាក្យថា “បៃតង” គឺសំដៅដល់សម្បត្តិ-ធម្មជាតិរបស់ប្រទេសនីមួយៗ ជាពិសេសព្រៃព្រឹក្សាលតាជាតិ ដែលមើលទៅឃើញពណ៌ខៀវ បៃតង ត្រជាក់ភ្នែកគ្រប់រដូវ។ ទោះយ៉ាងណា លុះត្រាតែយើងឈានមុខគេ ឬលៃយ៉ាងណាឱ្យ “កម្ពុជាបៃតង” ឱ្យគ្រប់ទីកន្លែងសិន ទើបងាយស្រួលបបួល គេ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “កម្ពុជាបៃតង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពណ៌បៃតង ដែលកើតពីធម្មជាតិ រួមមានព្រៃព្រឹក្សា ភ្នំ ចម្ការផ្លែឈើ វាលស្រែដែលមានសន្ទូងបែកគុម្ព វាលស្មៅ សូម្បីតែទឹកទន្លេ សមុទ្រ បឹងបួ ស្ទឹង ព្រែក អូរ ដែលមានពណ៌ខៀវ ក៏រាប់ចូលក្នុងពណ៌បៃតងធម្មជាតិទាំងអស់។

ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ប្រចាំឆ្នាំ២០២២ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់សំណើទៅកាន់ រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីបង្កើត “កិច្ចព្រមព្រៀងអាស៊ានបៃតង” ដោយសង្ឃឹមថា នឹងមានចុះហត្ថលេខាលើសេចក្តី ថ្លែងការណ៍រួមជាមិនខាន ព្រោះប្រទេសណា ពលរដ្ឋណា ក៏ស្រលាញ់ធម្មជាតិដូចគ្នា។

ស្របពេលនឹងសំណើរបស់ប្រមុខរាជរដ្ឋាភិបាល ស្រាប់តែក្រុមហ៊ុនឯកជន ដែលកាន់អាជ្ញាប័ណ្ណដីសម្បទាន បានយក គ្រឿងចក្រទៅឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ អស់រាប់រយហិកតារ បណ្តាលឱ្យភ្នំមានប្រតិកម្មជុំទិសពីមហាជនទាំងក្នុង និងក្រៅប្រទេស។ ដោយមើលឃើញពីការអភិវឌ្ឍមិនសមស្រប នាំឱ្យខូចដល់ “កម្ពុជាបៃតង” ដែលជាគំរូនាំទៅដល់ “អាស៊ាន បៃតង” ទើបនាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាលុបចោលគម្រោងអភិវឌ្ឍន៍នោះ និងបង្គាប់ឱ្យដាំកូនឈើឡើងវិញ។

“កំហុសជាបទពិសោធន៍ស្វែងរកត្រូវ” បើបញ្ឈប់ការឈូសឆាយតំបន់ភ្នំតាម៉ៅ ក៏ទាល់តែបញ្ឈប់ការកាប់រានទន្ទ្រាន ព្រៃឈើ នៅទូទាំងប្រទេស ឱ្យព្រមៗគ្នា ទើបប្រជាពលរដ្ឋសប្បាយចិត្ត។ “កម្ពុជាបៃតង” លេចចេញតាមសម្រស់ព្រៃភ្នំ ព្រៃរនាម ព្រៃកោងកាង កោះតូចធំ ប៉ុន្តែសព្វថ្ងៃបើពិនិត្យឱ្យសព្វចន្លោះ មានភ្នំខ្លះក្លាយទៅជា “ពណ៌ស ឬក្រហម” ដោយ-សារក្រុមហ៊ុនខ្លះ ធ្វើអាជីវកម្ម កាយថ្ម ឬក្រួសក្រហម។ យើងទទួលស្គាល់ថា ការកសាងផ្លូវកៅស៊ូ ឬផ្លូវបេតុង មិនអាច អត់ថ្មបានឡើយ ចំណែកផ្លូវលំតាមឃុំនានា ក៏មិនអាចអត់ក្រួសក្រហមបានដែរ។

តម្រូវការថ្មនិងក្រួស ក៏មានឯកជនសុំដេញថ្លៃធ្វើអាជីវកម្ម បណ្តាលឱ្យខ្លះក្លាយទៅជា “ភ្នំត្រងឹល” បាត់ពណ៌បៃតង អស់រលីង។ បើត្រឹមតែបាត់បង់ពណ៌បៃតង មិនធ្ងន់ប៉ុន្មានទេ តែមានក្រុមហ៊ុនខ្លះយករំសេវទៅបំផ្ទុះថ្មភ្នំ លាន់កក្រើកដី ខ្ទាតបំណែកថ្មទៅត្រូវផ្ទះសម្បែងប្រជាពលរដ្ឋ ឬរងរបួសមនុស្សសត្វជារឿយៗ។

អាជីវកម្មថ្មភ្នំ និងជីកក្រួស មិនអាចលុបចោលបានទេ ព្រោះថ្មនិងក្រួស ជាវត្ថុធាតុចាំបាច់បំផុត សូម្បីតែរោងចក្រ ផលិតស៊ីម៉ងត៍ ក៏ទាល់តែបាញ់ថ្មភ្នំដែរ ទោះជាកក្រើកដល់ប្រាសាទបុរាណ ក្នុងរូងភ្នំ ក៏មិនទាន់មានដំណោះស្រាយ ដូច រោងចក្រខេស៊ីមេន នៅភ្នំទទុង ខេត្តកំពត ពេលគេបាញ់ថ្ម ក៏ផ្ទុះកក្រើកដល់ “ប្រាសាទគុហាព្រះ” ដែលមានទីតាំងក្នុងគុហា លើជំនីរភ្នំ ប៉ែកខាងជើង កសាងតាំងពីសតវត្សទី៦ រជ្ជកាលព្រះបាទគុណវរ្ម័ន។

ទោះយ៉ាងណា “កម្ពុជាបៃតង” សំខាន់បំផុតនៅត្រង់រក្សាព្រៃឈើ ឱ្យនៅគង់វង្ស បញ្ឈប់ការកាប់បំផ្លាញ ជាស្ថាពរ ទោះជាឈើសង់ផ្ទះ សម្រាប់យកទៅទល់ទ្រការចាក់ពិតាន ក៏គួរប្រើដែកជំនួសវិញ ទើបគ្មានតម្រូវការឈើ។

តំបន់វាលស្បូវ ដែលឧកញ៉ាៗ ហ៊ុមព័ទ្ធរបងទុកលក់នោះ កន្លែងខ្លះឃើញតែវាលខ្សាច់ ឬអាចម៍ដីទើបនឹងចាក់លុប បើចង់ឱ្យមានពណ៌បៃតង លុះត្រាតែកុំទុកដីឱ្យនៅទំនេរយូរពេក គួរតែយកគំរូតាមឧកញ៉ាម៉ុង ប្ញទ្ធី ដែលដាំដូងប្រេង និង កៅស៊ូ បានរាប់ម៉ឺនហិកតារ។ ដូងប្រេង និងកៅស៊ូ ក៏អាចស្រូបទាញទឹកភ្លៀង និងទប់កម្លាំងព្យុះបាន ដែរ ប៉ុន្តែបើទុកដីឱ្យ នៅវាលល្វឹងយ៉ាងនេះ គ្រោះថ្នាក់ណាស់។

“កម្ពុជាបៃតង” នឹងអាចកើតឡើងបាន លុះត្រាតែ “គោរពច្បាប់” ឱ្យម៉ឺងម៉ាត់ តែបើមានច្បាប់តែលើក្រដាស ទៅ មិនរួចទេ។ ករណីមន្ត្រី ជភភ ខ្លះ និយាយផុយថា “បើមិនកាប់ឈើ បានដីឯណាអភិវឌ្ឍន៍” មិនសមរម្យទេ ព្រោះការនិយាយ មិនសំចៃមាត់បែបនេះ ដូច “លើកទឹកចិត្តអ្នកកាប់ឈើ”។

ការបង្កើត “រុក្ខទិវា” ជាការលើកទឹកចិត្តពលរដ្ឋឱ្យស្រលាញ់ព្រៃព្រឹក្សា គិរីបព្វតា ប៉ុន្តែ រុក្ខទិវា បានដាំត្រឹម១ឆ្នាំ ប្រហែល ១ម៉ឺនដើម ឯការកាប់ឈើរាប់សែនដើម ក៏គ្មានតុល្យភាពដែរ។ ដាំកូនឈើ ៥ហិកតារ តែគេឈូស ១ប្រាវ រាប់រយហិកតារ នោះ ក៏បង្ហាញពីភាពចន្លោះប្រហោងនៃច្បាប់ លុះត្រាតែធ្វើវិសោធនកម្ម “ច្បាប់ព្រៃឈើ” ឡើងវិញ ទើបទាន់សភាពការណ៍។

មានមន្ត្រី CPP ខ្លះ និយាយមិនទំនងថា “អ៊ុយក្រែន ល្ងង់មិនព្រមកាប់ឈើធ្វើអុសដុតកម្តៅខ្លួនទេ ទុកឱ្យមីសស៊ីលរុស្ស៊ី មកដុត” និយាយបែបនេះ គឺគេចង់ឱ្យអ៊ុយក្រែន កាប់ឈើដូចកម្ពុជា តែម្តង តែគួរយល់ថា នៅស្រុកគេ មិនខ្វះឈើទេ តែ គេទុកលម្អបរិស្ថាន ដោយចាំទទួលទិញឈើពីប្រទេសណាដែលចូលចិត្តកាប់ឈើ ទុកដីឱ្យក្លាយជាវាលស្បូវ។

ជាទស្សនៈ “នគរធំ” បើចង់ឱ្យច្បាប់ស្តីពី “បទល្មើសព្រៃឈើ” មានប្រសិទ្ធភាព លុះត្រាតែដាស់តឿនមន្ត្រីមូលដ្ឋាន ចាប់ពី “មេភូមិ មេឃុំ ចៅហ្វាយស្រុក” ឱ្យឃ្លាំមើលព្រៃ។ បើមានការកាប់ឈើចេញពីភូមិឃុំណា ត្រូវតែកោះហៅមេភូមិ មេឃុំនោះ ទៅបញ្ឈរជើង និងទុកឱ្យគាត់ឆ្លើយ “តើអ្នកណាបញ្ជាគាត់ឱ្យបិទភ្នែក ខ្ទប់ត្រចៀក?” បើមេភូមិ មេឃុំ ឆ្លើយថា “ចៅហ្វាយស្រុក” ជាអ្នកប្រើ ត្រូវចាប់ចៅហ្វាយស្រុក ទៅសួរ។ បើចៅហ្វាយស្រុក ឆ្លើយដាក់ចៅហ្វាយខេត្ត ឯចៅហ្វាយខេត្ត ឆ្លើយដាក់រដ្ឋមន្ត្រី ក៏មិនត្រូវឱ្យរួចខ្លួនដែរ ទាល់តែ “បោសពីលើទៅក្រោម” ឱ្យដូចសិតសក់ ឬសិតចៃ ទើបអស់មេចៃពីក្បាល។ អ៊ីចឹងសំខាន់ជាងគេគឺមេភូមិ ហ្នឹងហើយ រឿងអីគេកាប់ឈើ ដោយប្រើរណារង៉ោង!ៗ ខ្ទ័រព្រៃ គាត់មិនដឹង?

សរុបទៅ “កម្ពុជាបៃតង” ជាគំរូដ៏ល្អបំផុត ក្នុងការបបួលប្រទេសអាស៊ានទាំង១០ ឱ្យបង្កើត “អាស៊ានបៃតង”។ តាម ដឹង ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម ជាដើម មានច្បាប់ព្រៃឈើតឹងរ៉ឹងណាស់ តែគេឆ្លាត ដោយចាំទទួលទិញឈើពីកម្ពុជា។ ចំណែកកម្ពុជា ទោះជាមានបទបញ្ជាឱ្យបាញ់ឡានដឹកឈើ និងចាប់ប្រមូលដុតចោល ក៏ឃើញអនុវត្តបានតែមួយខ្យល់។ ដូច្នេះ ទាន់ពេលឈើនៅសល់ខ្លះប្រមាណ ៤០% គួរថែរក្សាឱ្យគង់វង្ស ចាប់ផ្តើមដាំឈើឡើងវិញ ទើបយើងឈានទៅ “កម្ពុជា បៃតង” ជាគំរូនាំមុខគេ…៕

RELATED ARTICLES