អតីតគណបក្សសង្គ្រោះជាតិ (CNRP) ជាង៤ឆ្នាំកន្លងមកនេះ ព្រោះតែឈ្លោះគ្នាឯងមិនស្វាង បានជាចាញ់ប្រៀបបក្ស កាន់អំណាច រហូត ទោះជាលោតចេញភ្លើងទៀន មកជំនួស CNRP ក៏នៅតែចាញ់គេ។ គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច បើសិនជាបែកបាក់ផ្ទៃក្នុង ឬធ្វើឱ្យប្រជាពលរដ្ឋអាក់អន់ចិត្ត ដោយសារការខូចខាតបរិស្ថានធម្មជាតិ ក៏ជាផ្លូវនាំទៅរកការចាញ់ប្រៀបអ្នកថ្មី។ មហាអំណាចរុស្ស៊ី និងមហាអំណាចចិន ឃើញឈ្លោះគ្នាឯង ឈាមហូររាល់ថ្ងៃ និង ត្រៀមបង្ហូរឈាមគ្នា នឹងចៀសមិនផុតពីការចាញ់ប្រៀបអាមេរិក ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ឈ្លោះគ្នាឯង ចាញ់ ប្រៀបគេ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
គ្រួសារមួយ សង្គមមួយ របបមួយ លុះត្រាតែមេគ្រួសារ មេដឹកនាំសង្គម មេដឹកនាំរបប រកគន្លឹះយ៉ាងណាកុំឱ្យមាន “ការបែកបាក់ផ្ទៃក្នុង ឈ្លោះតែគ្នាឯង” ទើបរកសុភមង្គល និងសុខសន្តិភាពឃើញ ប៉ុន្តែបើធ្វេសប្រហែស ទុកឱ្យកូនចៅ សហការីទាស់ទែងគ្នា “ដោយផ្ទាល់ ឬដោយសម្ងាត់” ធ្វើឱ្យការដឹកនាំនោះ “ចាញ់ប្រៀបគេ”។
យើងឃើញជាក់ស្តែង គណបក្សហ៊្វុនស៊ិនប៉ិច “ឈ្លោះតែគ្នាឯង” រហូតដល់រកតែកៅអីតំណាងរាស្ត្រមួយមិនបាន ខណៈ ដែលអាណត្តិទី១ បានយកកៅអីសភាទៅចែកគ្នាអង្គុយជាងពាក់កណ្តាល ឈ្នះ CPP។ ឥឡូវអតីតគណបក្សសង្គ្រោះជាតិ (CNRP) ឈ្លោះតែគ្នាឯងរញ៉េរញ៉ៃ រួចចោទថា គេបំបែកបានត្រឹមចាញ់ប្រៀប CPP រហូត។ ទោះបីជាមេប្រឆាំង សម រង្ស៊ី និងកឹម សុខា មិនទាន់ឈ្លោះគ្នា ក៏កូនចៅ សហការីពួកគាត់ ទរគ្នារាល់ថ្ងៃ តាមបណ្តាញសង្គម។
ដោយឡែកបក្សកាន់អំណាច ជភភ គ្មានឃើញសញ្ញាបែកបាក់ ឬឈ្លោះគ្នាទេ ប៉ុន្តែអ្នកមានភ្នែកមុត មើលឃើញថា អ្នកគាំទ្រ ជភភ កំពុងអាក់អន់ស្រពន់ចិត្ត ចំពោះវិនាសកម្មព្រៃឈើ ការចាក់ដីលុបបឹង លុបទន្លេ លុបសមុទ្រ ជាបណ្តើៗហើយ គ្រាន់តែគេនិយាយ។
លោក រស់ សារ៉ុម អ្នកវិភាគមិនលម្អៀង បានប្រាប់ “នគរធំ” និងផុសសំណេរតាមហ្វេសប៊ុកថា “កុំប្រមាថកម្លាំងមហាជន គ្រោះថ្នាក់ណាស់ លើលោកនេះ មានមេគណបក្សប្រឆាំង រត់ចោលស្រុក ក៏មានមេបក្សកាន់អំណាច ក៏រត់ចោលស្រុកដូចគ្នា អ្វីៗវាសុទ្ធតែមិនទៀងទាត់”។
សំណេរនេះ អ្នកវិភាគ រស់ សារ៉ុម ក្តាប់បានពី “កំហឹងអ្នកគាំទ្រ CPP” ជុំវិញការបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ការ ចាក់ដីលុបបឹងតាមោក ការកាប់ឈើនៅតំបន់ព្រៃឡង់ ដឹកទៅលក់ស្រុកយួន ជាដើម។ អ្នកគាំទ្រ ជភភ “មិនហ៊ាននិយាយ ទេ តែលាក់កំហឹង” ស្របតាមពាក្យទំនឹមថា “មនុស្សមិននិយាយ ជារឿងគួរខ្លាច” ពោលគឺទោះជាគេមិននិយាយ ក៏លាក់ គំនុំកំហឹង មិនខុសពី “បូសកខ្ទុះ” គង់តែដល់ពេលធ្លាយបូស។
បើកាលណា “គ្នាឯងឈ្លោះបង្ករឿង” ធ្វើឱ្យ “ចាញ់ប្រៀបគេ” មិនអាចចៀសរួចឡើយ សូម្បីតែមហាអំណាច គេរកល្បិច ប៉ែងផ្តួលគ្នាដណ្តើមឥទ្ធិលពលត្រួតត្រាពិភពលោក បើអ្នកកាន់ចង្កូតមហាអំណាចណាមួយ ចាញ់ល្បិចគេ ឈានដល់ “ឈ្លោះ គ្នាឯង” កុំសង្ឃឹមថា ឈ្នះគេឱ្យសោះ។
ឧទាហរណ៍ អតីតសហភាពសូវៀត ជំនាន់ឡេនីន ស្តាលីន ប្រេសណេហ្វ មាន១៥រដ្ឋ រួបរួមគ្នាជាមហាប្រទេស ខ្លាំងក្លា ណាស់។ លុះដល់លោកមីខាអ៊ីល ហ្គ័របាឆូវ ពន្លែងរដ្ឋតូចៗឱ្យមានឯករាជ្យ អធិបតេយ្យរៀងៗខ្លួន ធ្វើឱ្យអ្នកនយោបាយ កុម្មុយនីស្តខ្លះមិនពេញចិត្ត។ បន្ទាប់ពីលោកពូទីន កាន់អំណាចលើប្រទេសរុស្ស៊ី ក៏លាក់ចិត្តចង់ក្រសោបយកប្រទេសដែល បានឯករាជ្យនោះ ដាក់បញ្ចូលក្នុងសហភាព ដូចពីមុន តែមានរបៀបធ្វើសន្សឹមៗ។
មហាអំណាចអាមេរិក ទំនងជាស្គាល់ចិត្តលោកពូទីន ប្រើល្បិចអូសទាញប្រទេសអ៊ុយក្រែន “បញ្ចូលសហភាពអឺរ៉ុប ឬណាតូ” ជាហេតុនាំឱ្យលោកពូទីន ក្តៅក្រហាយ ក៏បញ្ជាកងទ័ពវាយលុកចូលអ៊ុយក្រែន ជាបងប្អូនឯង អតីតសហភាពសូវៀត ដូចគ្នា។
ចំណុចនេះ មានន័យថា “ឈ្លោះគ្នាឯង ចាញ់ប្រៀបគេ” ដូចឃើញស្រាប់សេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះបន្តិចម្តងៗ ឯជីវិតពលទាហានដែលស្លាប់លើសមរភូមិ កាន់តែច្រើនទៅៗ ដោយមិនបាច់និយាយពីអ៊ុយក្រែន ដែលរុស្ស៊ី ផ្លោងដាក់រាល់ថ្ងៃ ខ្ទេចខ្ទាំ នោះទេ។ បើរុស្ស៊ី និងអ៊ុយក្រែន បន្តសង្គ្រាមទៅមុខបន្តិចទៀត ធ្វើឱ្យចាញ់ប្រៀបអាមេរិក ដែលចាំតែស៊ីឡាកពីជម្លោះ បងប្អូនឯងនេះ។
ដោយឡែកមហាអំណាចចិន បើគិតតាំងពីឆ្នាំ១៩៤៩ មកនោះ មិនដែលឈ្លោះគ្នាជាមួយតៃវ៉ាន់ នោះទេ។ កោះតៃវ៉ាន់ ពិតជាអាណាខេត្តរបស់ចិន ប្រាកដមែនហើយ ប៉ុន្តែសេនាប្រមុខ ជាង កាយចៀក ដែលចាញ់សង្គ្រាមម៉ៅ សេទុង បានទៅ កវែកកឆ្នាំង បង្កើតជាសាធារណរដ្ឋឯករាជ្យមួយ រហូតបានរីកចម្រើនធំធាត់ដូចសព្វថ្ងៃ។ ម៉ៅ សេទុង ជូ អេនឡាយ តេង ស៊ាវពីង ចាង ស៊ីមិន ជាមេដឹកនាំចិន ឆ្លាតណាស់ “មិនវ៉ៃតៃវ៉ាន់” នោះទេ ព្រោះខ្លាចចិន បែកបាក់គ្នាដូចសម័យ “សាមកុក” ក៏ទុកតៃវ៉ាន់ ឱ្យឯករាជ្យរហូតដល់សព្វថ្ងៃ។
លុះអាមេរិក ដឹងថា ចិន កាន់តែរីកចម្រើនខាងសេដ្ឋកិច្ច និងមានឥទ្ធិពលនៅលើប្រទេសតូចៗ ដោយយកធ្វើកូនបំណុល ទើបអាមេរិក រកល្បិចឱ្យ “ចិនវ៉ៃតៃវ៉ាន់ ដោយប្រកាសចាំជួយតៃវ៉ាន់”។
បើចិន ចាញ់ល្បិចអាមេរិក បើកឆាកវាយប្រហារតៃវ៉ាន់ ច្បាស់ជាអាមេរិក និងសម្ព័ន្ធមិត្ត “បាំងដៃមើលដូចអ៊ុយក្រែន” មិនខានឡើយ តែគេជួយលុយកាក់ និងអាវុធ ទៅឱ្យតៃវ៉ាន់ ទប់ទល់ជាមួយចិន។ ចំណុចនេះមានន័យថា “ឈ្លោះគ្នាឯង ចាញ់ប្រៀបគេ” ច្បាស់ក្រឡែត ព្រោះថាសង្គ្រាម “អ្នកឈ្នះក៏ងាប់ អ្នកចាញ់ក៏ងាប់” ខ្ទេចខ្ទាំដល់ហេដ្ឋារចនាសម្ព័ន្ធ។
ឥឡូវឮថា ប្រទេសស៊ែប៊ី ចង់បង្ក្រាបប្រទេសកូសូវ៉ូ ដែលចង់ដោះដៃងាកទៅចងសម្ព័ន្ធមិត្តជាមួយណាតូ ដែលមាន អាមេរិក ជាមេខ្លោង។ ប្រទេសទាំងពីរនេះ ពីមុននៅក្នុង “ឆេកូស្លូវ៉ាគី” ដែលមាន ៦រដ្ឋ បង្កើតឡើងដោយលោកសេនាប្រមុខ ទីតូ មិត្តភក្តិរបស់សម្តេចឪ ព្រះនរោត្តម សីហនុ ក្នុងចលនាមិនចូលបក្សសម្ព័ន្ធ។ លុះរដ្ឋទាំង៦នេះ បំបែកជារដ្ឋតូចៗ ក៏ “ស៊ែប៊ី” ធំជាងគេ មិនចង់ឱ្យអាតូច ងាកទៅណារួច។ ដូច្នេះអាមេរិក ដឹងចិត្តមេដឹកនាំប្រទេសស៊ែប៊ី ក៏ប្រើយុទ្ធសាស្ត្រឱ្យបង្ក្រាបកូសូវ៉ូ ត្រៀមបង្ហូរឈាមគ្នា បានត្រឹម “ឈ្លោះគ្នាឯង ចាញ់ប្រៀបគេ” នេះឯង។
ដូច្នេះយើងឃើញថា អតីតបក្សសង្គ្រោះជាតិ (CNRP) ទោះបីក្លាយជា “បក្សភ្លើងទៀន” ក៏ចាញ់ប្រៀប ជភភ រហូត ព្រោះតែការបែកបាក់ឈ្លោះតែគ្នាឯង។ ទោះជាមេប្រឆាំង សម រង្ស៊ី ប្រកាសថា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” ក៏សហការីមិនព្រមធ្វើតាម ចង់តែចែកផ្លូវគ្នា។ បក្សកាន់អំណាច ជភភ ក៏យ៉ាងនេះដែរ បើធ្វើកំណែទម្រង់មិនបានល្អ ជឿ ស្តាប់តែរបាយការណ៍ភូតភរ បណ្តាលឱ្យខូចបរិស្ថានធម្មជាតិ ធ្វើឱ្យអ្នកគាំទ្រ ជភភ លែងទុកចិត្តគ្នា ព្រោះ “ម្ខាងមិនបានលុយ ម្ខាងទៀតបានលុយ” ជាកត្តាធំបំផុត។
សរុបទៅ “ឈ្លោះគ្នាឯង ចាញ់ប្រៀបគេ” ជាបទបរិយាយមិនបំផ្លើស ឃើញយ៉ាងណា ថាយ៉ាងហ្នឹង។ ពួកប្រឆាំង CNRP ឈ្លោះគ្នា កែលែងឡើងទៅហើយ ឃើញថា បោះឆ្នោតចាញ់ CPP រហូត។ ចំណែក ជភភ ដែលមានកម្លាំងមហាជនគាំទ្រ ច្រើន ក៏ដោយសារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ ប៉ុន្តែបើមន្ត្រីថ្នាក់ក្រោម គិតតែប្រយោជន៍ហោប៉ៅ មិនគិតដល់បរិស្ថានធម្មជាតិ ចេញក្បួនបោកប្រាស់ភូតកុហកថ្នាក់លើ ជាហេតុនាំឱ្យមហាជនខូច សតិអារម្មណ៍ ដកសេចក្តីទុកចិត្ត ដែលជាបរិបទសម្រាប់ CPP ពិចារណាតាមការគួរ…៕ ដោយ អាចារ្យថាំ