ភ្នំពេញ៖តារាចម្រៀងកាន់សាសនាគ្រិស្ដលោកប៉ុន សុណារិន ហៅខេម ស្ថិតក្នុងចំណោមអ្នកចម្រៀងសំខាន់ទាំង៣របស់Galaxy ក្នុងនោះ២ដួងទៀតគឺលោកឧកញ៉ាព្រាប សុវត្ថិ និងនាងតន់ ច័ន្ទសីម៉ា ប៉ុន្ដែខេម មិនមែនជាតួឯកដូចលោកនៅថោន ឡើយពោលគឺជាតួរងបន្ទាប់ពីលោកសុវត្ថិ ប៉ុណ្ណោះ ព្រោះឥទ្ធិពលរបស់តារាវ័យ៤៧ឆ្នាំរូបនេះបានគ្របលើតារាទាំងអស់របស់ផលិតកម្មមួយនេះ។យ៉ាងណាខេម ហាក់មានសង្ឃឹមឡើងវិញច្រើនថានឹងអាចក្លាយទៅជាតួឯកជាថ្មីព្រោះថាក្រោយលោកឧកញ៉ាស្នាយ ឡើងជាឧកញ៉ាជាង៣ខែមកនេះតារាវ័យ៤៧ឆ្នាំចាប់ផ្ដើមខ្មាយៗពីការរាំច្រៀងកាន់តែខ្លាំងពោលគឺ៣ខែទើបចេញបទថ្មីបាន១បទប៉ុណ្ណោះ ដែលនេះជាឱកាសបើកផ្លូវឲ្យលោកសុណារិន អាចសម្រុកទីផ្សារចម្រៀងឡើងវិញជាមួយការចាប់ដៃស្រីស្រស់ច័ន្ទសីម៉ា ដែលពេលនោះគេអាចមើលឃើញច្បាស់ថាតើខេម អាចនឹងក្លាយទៅជាតារានាំមុខគេរបស់Galaxy ឬយ៉ាងណា ?
គូរកតល់សម្គាល់ថាខេម ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាទោះជាGalaxy ទិញអ្នកចម្រៀងប្រុសរូបណាក៍មិនប៉ៈពាល់ដល់អាជីពលោកដែរព្រោះថាលោកសុណារិន ច្រៀងស្ទីលស្អកហើយពិរោះដែលត្រូវគ្នានិងនាងសីម៉ា ដែលប្រើសម្លេងស្អកដូចគ្នាដែរ។តែអាជីពចម្រៀងរបស់ខេម ហាក់មិនសូវមានសន្ទុះខ្លាំងដូចមុនក្រោយលោកមានជម្លោះដ៍ចម្រូងចម្រាសជាមួយថៅកែថោន ពេលដែលអតីតអ្នករត់ម៉ូតូឌុបរូបនេះដើរចេញពីផលិតកម្មមួយនេះ។ទោះជាយ៉ាងណាខេម ពេលនេះហាក់មានក្ដីសុខខ្លាំងព្រោះតែចំណងស្នេហាជាមួយអ្នកនាងស្រីកា ដែលជាអាណិកជនខ្មែរមកពីបារាំងបង្ហាញជាលក្ខណៈចំហ ក្រោយពួកគេសាងស្នេហ៍ដោយលាក់លៀមអស់ជាច្រើនឆ្នាំ។
តែខេម មិនទាន់កំណត់ពេលវេលាដឹកដៃកំពូលស្នេហ៍ចូលរោងការនៅថ្ងៃខែឆ្នាំណានោះទេ ខណៈដែលមុននេះគេសង្ស័យថាខេម មានកូន២(ស្រី១)តែត្រូវបានលោកសុណារិន ប្រកែក។ខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនចង់ទៅរស់នៅស្រុកគេតាមគូស្នេហ៍នោះទេ ពោលគឺចង់បន្ដអាជីពសិល្បៈនៅក្នុងស្រុក ព្រោះពេលនេះអនាគតភរិយាលោកក៍នៅខ្មែរជាមួយលោកជាច្រើនឆ្នាំមកហើយ។លោកថាមង្គលការលោកអាចនឹងមិនប្រើពេលយូពេកទៀតនោះទេ ចំណែករឿងយកកូនវិញគឺជារឿងដែលគ្រប់គ្នាប្រាថ្នាចង់បាន៕