Friday, November 22, 2024
Homeសម្រស់ស្បែកស្ងួត កែបាន

ស្បែកស្ងួត កែបាន

អ្នកជំនាញផ្នែកស្បែក បានឲ្យដឹងថា អ្នកដែលមានស្បែកស្ងួត រមែងឆាប់កើតមានស្នាមជ្រួញ ជាងស្បែកដែលមានសំណើមល្អ។ ដូច្នេះ គួរព្យាយាមថែទាំស្បែក ដោយការលាបក្រែមបំប៉នឬក្រែមផ្តល់សំណើម ជាប្រចាំ នៅពេលព្រឹក និងមុនចូលគេង។

ក្រែមថែស្បែក គួរជ្រើសប្រភេទដែលមានភាគផ្សំរបស់អាល់ហ្វាអាប៊ូទីន (Arbutin) ។  ការលាបក្រែមបំប៉ន ក្រៅពីជួយឲ្យស្បែកសឡើងហើយ ថែមទាំងធ្វើឲ្យស្បែកមានសំណើម មើលទៅមានសុខភាពល្អ ព្រោះយើងបានបន្ថែមសារធាតុអាហារឲ្យវាជាប្រចាំនោះឯង មិនខុសពីដើមឈើ ឬដើមផ្កា ដែលអ្នកថែទាំស្រោចទឹកជាប្រចាំ រមែងលូតលាស់ស្រស់បំព្រងដូច្នោះដែរ។

មូលហេតុស្បែកស្ងួត ៖

ស្បែកស្ងួត អាចបណ្តាលមកពីមូលហេតុសំខាន់ ៥យ៉ាង ខាងក្រោម ៖

១- អាយុ ឬជំងឺប្រចាំកាយ

២- សភាពធាតុអាកាស ជាពិសេស នៅរដូវរងា ដែលសំណើមក្នុងធាតុអាកាសមានតិច ឬរដូវក្តៅខ្លាំង

៣- ងូតទឹកក្តៅខ្លាំង ឬត្រជាក់ខ្លាំងញឹកញាប់

៤- ប្រើថ្នាំលេប ឬថ្នាំលាប ប្រភេទខ្លះ

៥- មានបញ្ហារោគស្បែក ឬតំណពូជ។

ស្បែកស្ងួត ត្រូវខាត់ស្បែក ៖

មនុស្សមួយចំនួនយល់ថា ស្បែកស្ងួត បើខាត់ស្បែក នឹងធ្វើឲ្យខូចខាតដល់ស្បែក កាន់តែខ្លាំង ប៉ុន្តែអ្នកជំនាញបានបកស្រាយថា ការយល់ឃើញបែបនេះ មិនត្រឹមត្រូវទេ ផ្ទុយទៅវិញ អ្នកដែលមានស្បែកស្ងួត គួរខាត់ស្បែក ១សប្តាហ៍ ២ដង ដើម្បីជម្រុះកោសិកាស្បែកដែលស្ងួតខូចនោះ គួរតែកម្ចាត់ចេញពីលើស្បែករបស់អ្នក (ជាពិសេសស្បែកមុខ) ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ដើម្បីឲ្យក្រែម ឡេ ឬផលិតផលថែស្បែកផ្សេងៗ អាចជ្រាបចូលទៅក្នុងស្បែកមុខបានងាយឡើង ។

ប្រការសំខាន់មួយទៀត បន្ទាប់ពីការខាត់ស្បែក អ្នកគួរលាបក្រែម ឬឡេផ្តល់សំណើម បំប៉នស្បែក ដើម្បីឲ្យបានផលល្អបំផុត។

ប្រការគួរធ្វើ សម្រាប់អ្នកមានបញ្ហាស្បែកស្ងួត ៖ 

១- ទទួលទានអាហារដែលមានជាតិអូមេហ្គា៣ ខ្ពស់ ដូចជាត្រីសាលម៉ន សណ្តែក ប្រេងសណ្តែកសៀង។

២- បន្ថែមវីតាមីនសេ ដល់ស្បែក តាមរយ:អាហារ

៣-បន្ថែមសំណើមដល់ស្បែក ដោយឡេ ឬប្រេងថែស្បែក

៤- លាបក្រែមការពារកម្តៅថ្ងៃ ជាប្រចាំ

៥- ចៀសវាងការកងូតទឹកក្តៅខ្លាំងពេក

៦- ផឹកទឹក យ៉ាងតិច ១ថ្ងៃ ២លីត្រ។

៧- ករណីស្បែកស្ងួតខ្លាំង រហូតរបក ឬប្រេះ គួរទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះនិងព្យាបាល៕

RELATED ARTICLES