ភ្នំពេញ៖ស្រីស្អាតប៉ាច គីមមួយ បានលេខមុខក្នុងភាពយន្ដថ្មីរឿង”ល្ខោន”របស់ហង្សមាសបន្ទាប់ពីនាងបានសម្ដែងកុនឲ្យផលិតកម្មរបស់ខ្លួនជាបន្ដបន្ទាប់ពោលគឺស្ទើតែស្មើអាជីពចម្រៀងទៅហើយ បើទោះជាជាភាគច្រើននាងបានត្រឹមធ្វើជាតួរងមិនដែលស្គាល់ជាតិធ្វើតួឯកក៍ដោយ តែការបន្ថែមអាជីពថ្មីនេះធ្វើឲ្យនាងមានសកម្មភាពសិល្បៈកាន់តែច្រើន ហើយត្រូវបានគេស្គាល់នាងក៍រឹតតែច្បាស់ថែមទៀតផងដែរ។យ៉ាងណាភាពយន្ដថ្មីនោះក្រៅពីនាងគីមមួយ ក៍មានស្រីស្អាតមាន សូនីតា និងនាងគីម ហួរ ផងដែរបង្អួតសម្រស់គ្នារៀងៗខ្លួនទើបធ្វើឲ្យពិបាកបែងចែកថាមួយណាស្អាតជាង ខណៈដែលអនាគតភរិយាតារាចម្រៀងសយ រតនៈ រូបនេះវិញនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជាស្រលាញ់ការងារសិល្បៈគ្រប់ទម្រង់ដូចៗគ្នាក្ដី ប៉ុន្ដែចិត្តនាងនៅតែផ្ដោតលើចម្រៀងជាអទិភាពឬជាជម្រើសទី១ដដែល។

គូរកត់សម្គាល់ថាប៉ាច គីមមួយ ជាតារាដែលមានសម្រស់លេចធ្លោនៅហង្សមាសក្នុងចំណោមនាងសុខ ស្រីនាង,ពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា ជាដើម តែគីមមួយ នៅមិនទាន់ត្រូវប៉ាន់ស្ពតពាណិជ្ជកម្មដូចស៊ូហ្សាណា ឡើយ។អតីតតារាCell Card Star និងបេក្ខភាពThe Voice Cambodia រដូវកាលទី១រូបនេះត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅពេលដែលនាងបានសម្ដែងជាមួយលោកព្រាប សុវត្ថិ បទ”មាន់ស្រែ បន្លែស្រស់”និងច្រៀងតពីលោកឧកញ៉ាស្នាយ បទ”កាឌឹបៗដាក់” ប៉ុន្ដែចាប់តាំងពីខែសីហាឆ្នាំ២០២០ គីមមួយ អស់ឱកាសធ្វើជាដៃគូលោកសុវត្ថិ ទៀតហើយដោយសារតែតារាវ័យ៤៧ឆ្នាំរូបនោះទៅជ្រកនៅGalaxy ទើបពេលនេះគេឃើញហង្សមាសច្រើនតែផលិតបទចម្រៀងឲ្យនាងឆ្លងឆ្លើយនិងជាដៃគូរបស់គូដណ្ដឹងនាងលោកសយ រតនៈ តែម្ដង ប៉ុន្ដែសន្ទុះនៃការគាំទ្រខុសគ្នាបើប្រៀបធៀបគីមមួយ ច្រៀងសម្ដែងជាមួយលោកសុវត្ថិ ។

សូមបញ្ជាក់ថាប៉ាច គីមមួយ បានប្រេះឆាស្នេហ៍ចាស់ជាមួយអតីតតារាចម្រៀងម្នាក់ហើយនាងទុកជីវិតជាស្រ្ដីមេម៉ាយជាច្រើនឆ្នាំទើបកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ នាងបានប្រគល់ចិត្តកាយ៉ាទៅឲ្យតារាចម្រៀងរួមទ្រនុំព្យាបាលដំបៅបេះដូងតាមរយៈការភ្ជាប់ពាក្យតាមប្រពៃណីខ្មែរជាផ្លូវការជាមួយគ្នា ធ្វើឲ្យមន្រ្ដីធំខ្លះៗដែលលង់សម្រស់នាងបានដកថយទៅវិញអស់ ព្រោះការពិតគីមមួយ ពិតជាស្នេហាតែប្រុសក្មេងមែន។តែគីមមួយ ប្រាប់ថានាងមិនទាន់ប្រាប់ថ្ងៃដែលត្រូវដឹកដៃលោករតនៈ ចូលរោងការឡើយ ពោលគឺដើម្បីឲ្យFan របស់នាងមានការភ្ញាក់ផ្អើលនាងរងចាំដល់ថ្ងៃពិសេសទើបបញ្ចេញឲ្យពួកគេSurprise ទាំងអស់គ្នាតែម្ដង៕

