មានហ្វេន (Fans) ជាច្រើនដែលបានស្គាល់ និងជឿជាក់លើវោហារសាស្ត្ររបស់លោក គ្រូជោគជ័យ សោម សម្បត្តិ ដែលពូកែនិយាយ និងអួតអាងព្រមទាំងផ្តល់គំនិតដើម្បីភាពជោគជ័យ លើមុខរបរជំនួញតាមរយ: គំនិតរបស់គាត់ដែលនាំឱ្យហ្វេនៗរបស់គាត់សង្ឃឹមថា នឹងឈានទៅរកភាពជោគជ័យក្នុងអាជីពជំនួញ របស់ពួកគេ។
ប៉ុន្តែបើយើងក្រឡេកមើលរឿងរ៉ាវពិតនៅពីក្រោយខ្នងរបស់លោកគ្រូជោគជ័យ សោម សម្បត្តិ វិញ គឺពោរពេញទៅដោយកលល្បិចទុច្ចរិត និងអសីលធម៌ ដែលហ្វេនៗរបស់គាត់ភាគច្រើនមិននឹកស្មាន ដល់ថាគាត់មានកលល្បិចព្រៃផ្សៃ គ្មានសីលធម៌នៅក្នុងខ្លួនបន្តិចណាឡើយ ដែលសូម្បីតែមនុស្ស ដែលគាត់ធ្លាប់បានស្បថស្បែររាប់អានគ្នាជាបងប្អូនធ៌មទៅហើយនោះក៏លោកមិនបានលើកលែងដែរ។
ខាងក្រោមនេះ ជាការរៀបរាប់របស់លោក សាមិត្ត វីរ: (ហៅ ពេជ្រ ធឿន) ដែលបានស្បថស្បែរជាជាបងប្អូនធ៌ម ជាមួយលោកគ្រូជោគជ័យ សោម សម្បត្តិ ។ លោក សាមិត្ត វីរៈរៀបរាប់ប្រាប់ថា លោកគ្រូជោគជ័យ សោម សម្បត្តិ បានទិញដីរបស់គាត់ដោយមានកិច្ចសន្យា និងឯកសារផ្លូវច្បាប់ជាក់លាក់ទាំងអស់ ប៉ុន្តែមិនបានឱ្យលុយគាត់មិនគ្រប់ចំនួនតាមកិច្ចសន្យាឡើយ។ លោក សាមិត្ត វីរ: បានធ្លាក់ខ្លួនឈឺ ហើយលោកគ្រូជោគជ័យស្មានតែគាត់ស្លាប់ និងបានកេណ្ឌជនអនាធិបតេយ្យឱ្យមកកាន់កាប់ដីរបស់គាត់។
គ្រូជោគជយ័បង្កើតជនអនាធិបតេយ្យទាំងនោះ ដើម្បីយកលេសថាដីមានទំនាស់ ហើយបានប្រើស៊ឺម ភាព ហៅ ស៊ឺម សារ៉ាត់ ដែលជាមនុស្សជំនិតរបស់លោក ឱ្យក្លែងសមាសភាពថាជាតំណាងរបស់ សាមិត្ត វីរ: (ហៅ ពេជ្រ ធឿន) ចូលទៅផ្សះផ្សារនិងចាត់ចែងកាត់ដីដែលអះអាងថាមានទំនាស់ ដើម្បីឱ្យគ្រូជោគជ័យ បានទិញដីនោះពីអ្នកអនាធិបតេយ្យវិញក្នុង ១ម៉ែត្រការ៉េ ៨ ដុល្លារ ជាជាងទូទាត់ថ្លៃលក់ដីក្នុង១ម៉ែត្រការ៉េ ១៧ ដុល្លារ ឱ្យទៅម្ចាស់ដីស្របច្បាប់ លោក សាមិត្ត វីរ: (ហៅ ពេជ្រ ធឿន)វិញ។
មិនតែប៉ុណ្ណោះ លោកគ្រូជោគជ័យ សោម សម្បត្តិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ Soum Sambath បរិហារកេរ្តរ៍ដោយឥតអៀនខ្មាស់លើរូបលោក សាមិត្ត វីរៈទៅវិញ។ លោក សាមិត្ត វីរ: បានបញ្ញាក់បន្តថា គ្រូជោគជ័យ សោម សម្បត្តិ និងប្រពន្ធឈ្មោះ អ៊ុក ចន្ថា បានទិញដីពីខ្ញុំ ទំហំ ១១៧ ៥០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃសរុប ១ ៩៨០ ០០០ ដុល្លារអាមេរិក ដូចមានក្នុងកិច្ចសន្យាលក់ទិញអចលនវត្ថុ (លិខិតយថាភូតដោយសារការី)ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។ ក្រោយពីចុះកិច្ចសន្យាលក់ទិញហើយ ឈ្មោះ សោម សម្បត្តិ និងប្រពន្ធមិនបានទូទាត់ប្រាក់គ្រប់ចំនួនជូនខ្ញុំបាទទេ ដោយអះអាងថា ដី ៦ ហិកតាទៀតរបស់ខ្ញុំបាទជាដីមានទំនាស់។ ខ្ញុំបាទសូមបញ្ជាក់ថា ដីដែលលក់ឱ្យគ្រូជោគជយ័នេះ មានចំនួន ១២ ហិកតា។ ក្នុងនោះ ដី ៣ ហិកតាជារបស់ខ្ញុំបាទ ហើយ ៩ ហិកតាទៀត ខ្ញុំបានបាទទិញពីឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា និង ឈ្មោះ ហ៊ិន ហុកជា ម្នាក់ៗ ៣ ហិកតា។ ពួកគេជាអ្នកលក់ដីឱ្យខ្ញុំបាទ ហើយពួគគេក៏បានទទួលលុយថ្លៃលក់ដីគ្រប់ចំនួនពីខ្ញុំបាទ តាមកិច្ចសន្យាផ្ទេរសិទ្ធិ (កិច្ចសន្យាទិញ លក់ដី)អំឡុងឆ្នាំ ១៩៩៨ ហើយប័ណ្ណសម្គាល់ដី ឆ្នាំ១៩៩៧(ច្បាប់ដើម)និងពាក្យសុំកាន់កាប់ប្រ់ប្រាស់ដីធ្លី ឆ្នាំ ១៩៩៨(ច្បាប់ដើម)ក៏បានប្រគល់ និងនៅរក្សាទុកនៅនឹងខ្ញុំបាទជារៀងរហូតមក។ ម៉្យាងទៀតគ្រប់ដំណាក់កាលនីតិវិធី នៃតុលាការគ្រប់ជាន់ថ្នាក់ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា និង ឈ្មោះ ហ៊ិន ហុកជា ជាសាក្សីបំភ្លឺថា ខ្លួនបានលក់ដីឱ្យខ្ញុំបាទ ជាហេតុធ្វើឱ្យខ្ញុំបាទឈ្នះក្តីជាមួយឈ្មោះ ខៀវ ស៊ីណាត រាប់ពីតុលាការខេត្តបន្ទាយមានជយ័ សាលាឧទ្ទរណ៏ និង តុលាការកំពូល ដែលការតតាំងក្តីជាមួយ ខៀវ ស៊ីណាត មានរយៈពេលជិត១៥ ឆ្នាំ។
ម្យ៉ាងទៀត កំណត់ហេតុអនុវត្តរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជយ័ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ បានសរសេរថា«យើងបានចុះមកដល់ទីតាំងដីទំនាស់ បន្ទាប់មកយើងបានប្រគល់ឱ្យមន្ត្រីជំនាញការិយាលយ័រៀបចំដែនដី ធ្វើការវាស់វែងជាក់ស្តែង ដែលដីនោះមានបណ្តោយខាងលិចមានប្រវែង ៥៨០ ម៉ែត្រ បណ្តោយខាងកើតមានប្រវែង ៥៩៥ ម៉ែត្រ ទទឹងខាងជើង ២០០ ម៉ែត្រ និង ទទឹងខាត្បូង ២០០ ម៉ែត្រជាកម្មសិទ្ធីរបស់ឈ្មោះ ពេជ្រ ធឿន តាមដីកាសម្រេចលេខ ៩១ ដ.ស ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ របស់តុលាការកំពូល ចាប់ពីពេលនេះតទៅ»។ នៅមានឯកសារ និង កិច្ចសន្យាជាច្រើនទៀតដែលលោកគ្រូជោគជ័យ សោម សម្បត្តិ មិនគោរព ដូចជា កិច្ចសន្យាប្រគល់លុយជាដំណាក់ៗជាដើម ។ (ដើម្បីឱ្យមិត្តអាន ជ្រាបកាន់តែច្បាស់នៅរឿងរ៉ាពិតប្រាកដដែលបង្កឡើងដោយ លោកគ្រូជោគជ័យ យើងសូមអញ្ញើញប្រិយមិត្តអានឱ្យចប់ទើបដឹងថា ល្បិចរបស់លោកគ្រូជោគច័យពិសពុលប៉ុណ្ណា?)។
ដោយមើលឃើញ លោកគ្រូជោគជ័យ សោម សម្បត្តិ បំពានលើកូនក្តីរបស់ខ្លូន លោក មេធាវី ឡុង បញ្ញាវុឌ្ឍ កញ្ញាមេធាវី គឹម រ័ត្ននិមល និង លោកមេធាវី ឡុង អានន្តបញ្ញា មានការិយាល័យឈ្មោះ ក្រុមហ៊ុនមេធាវី ភី អេ អិន និង សហការី ជាសហមេធាវីតំណាងដោយអាណត្តិឱ្យដើមបណ្តឹងរដ្ឋប្បវេណីលោក សាមិត្ត វិរៈ (ហៅ ពេជ្រ ធឿន) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤៨ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានធ្វើសេចក្តីថ្លែងការណ៍ និងឆ្លើយតបនឹងសេចក្តីអធិប្បាយរបស់លោក សោម សម្បត្តិ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ Soum Sambath កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ជូន បណ្តាសារព័ត៌មាន សារព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និង សាធារណជន មេត្តាជូនជ្រាបថា៖ ខ្លឹមសារនៃសេចក្តីអធិប្បាយរបស់លោក សោម សម្បត្តិ គឺខុសពីការពិត និងធ្វើឱ្យសាធារណជនយល់ច្រឡំមកលើកូនក្តីយើងខ្ញុំលោក សាមិត្ត វិរៈ (ហៅ ពេជ្រ ធឿន) ដែលជាជនរងគ្រោះ។
ក្នុងនាមយើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិឱ្យលោក សាមិត្ត វិរៈ សូមធ្វើការបដិសេធ និងច្រានចោលនៃរាល់ខ្លឹមសារនៃសេចក្តីអធិប្បាយរបស់លោក សោម សម្បត្តិ ទាំងស្រុង។
ដើម្បីជាមូលដ្ឋានច្រានចោលនៃខ្លឹមសាររបស់លោក សោម សម្បត្តិ និងជាការឆ្លើយតបនឹងសេចក្តីអធិប្បាយរបស់លោក សោម សម្បត្តិ យើងខ្ញុំសូមលើកយកទឡ្ហីករណ៍ ០២ ចំណុចធំៗ ជូនប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានអនឡាញ អ្នកសារព័ត៌មាន និងសាធារណជនជ្រាបដូចតទៅ៖
I. ទឡ្ហីករណ៍ទី០១៖ បញ្ជាក់ថា កូនក្តីយើងខ្ញុំពិតជាម្ចាស់កម្មសិទ្ធិលើទីតាំងដី ១២ ហិចតា
១.កូនក្តីយើងខ្ញុំ លោក សាមិត្ត វិរៈ (ហៅ ពេជ្រ ធឿន) ជាម្ចាស់កម្មសិទ្ធិលើទីតាំងដីទាំង ១២ ហិចតា ដែលបានលក់ឱ្យលោក សោម សម្បត្តិ ដូចមានក្នុងឯកសារលក់ទិញយថាភូត ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ របស់មន្ទីរសារការី ស៊ុន តុលា។ ដីទាំង ១២ ហិចតា នោះ ០៣ ហិចតា ជាដីដែលកូនក្តីយើងខ្ញុំទទួលអំណាចពីរដ្ឋក្នុងឆ្នាំ១៩៩៦ ហើយ ០៩ ហិចតា ទៀត កូនក្តីយើងខ្ញុំបានទិញពីឈ្មោះ ហ៊ិន ហុកជា (ចំនួន ០៣ ហិចតា ដីឡូតិ៍លេខ ៤៦០) ពីឈ្មោះ ហាំ សុជិត (ចំនួន ០៣ ហិចតា ដីឡូតិ៍លេខ ៤៦៤) និងពីឈ្មោះ ខ្ចៅ ចិន្តា (ចំនួន ០៣ ហិចតា ដីឡូតិ៍លេខ ៤៦៥) និងបានប្រគល់ប្រាក់គ្រប់ចំនួនឱ្យពួកគេទាំងបីនាក់ក្នុងឆ្នាំ១៩៩៨។ កាលនោះ ការលក់ទិញមិនបានធ្វើជាឯកសារឱ្យបានដុំកំភួន ឬត្រឹមត្រូវតាមទម្រង់ច្បាប់នោះទេ គឺកូនក្តីយើងខ្ញុំ ក្នុងនាមជាអ្នកទិញ និងអ្នកលក់ (ឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត និងឈ្មោះ ខ្ចៅ ចិន្តា) បានព្រមព្រៀងទិញលក់ និងបានធ្វើជាកិច្ចសន្យាផ្ទេរសិទ្ធិ ដើម្បីទុកជាភស្តុតាង (ភ្ជាប់ជូនភស្តុតាងនៃកិច្ចសន្យាផ្ទេរសិទ្ធិ) និងបានប្រគល់ឯកសារច្បាប់ដើមពាក់ព័ន្ធនឹងដីធ្លីទាំង ០៩ ហិចតា ឱ្យមកកូនក្តីយើងខ្ញុំផងដែរ។ បន្ទាប់ពីទិញដីនេះរួចហើយ កូនក្តីយើងខ្ញុំបានធ្វើការកាប់ឆ្ការ កាយប្រឡាយ កាយព្រំ និងបានសាងសង់ផ្ទះថ្មលើទីតាំងដីផងដែរ ដោយគ្មានការរំខានពីតតិយជនឡើយ។ ចំពោះការលើកឡើងរបស់លោក សោម សម្បត្តិ ថា កូនក្តីយើងខ្ញុំមានដីត្រឹមតែ ០៦ ហិចតា (០៣ ហិចតា ជាដីផ្ទាល់ខ្លួន និង ០៣ ហិចតា ទៀត ជាដីបានពីការស៊ីឈ្មួលតតាំងក្តីឱ្យគេ) ជាការគេចវេសមិនព្រមទូទាត់ប្រាក់ថ្លៃដីគ្រប់ចំនួនជូនកូនក្តីយើងខ្ញុំតែប៉ុណ្ណោះ។
២.ចំពោះការចោទប្រកាន់របស់លោក សោម សម្បត្តិ ថាកូនក្តីយើងខ្ញុំជាអ្នកស៊ីឈ្នួលតតាំងក្តី ឬការអះអាងថា ការផ្ទេរសិទ្ធិឱ្យកូនក្តីយើងខ្ញុំជាការផ្ទេរសិទ្ធិឱ្យរត់ការប្តឹងទាមទារដីពីឈ្មោះ ខៀវ ស៊ីណាត ជាការអះអាងមិនពិតទេ ព្រោះទំនាស់ដីធ្លី រវាងឈ្មោះ ខៀវ ស៊ីណាត និងកូនក្តីយើងខ្ញុំកើតឡើងក្នុងឆ្នាំ២០០១ ដែលមានសំណុំរឿងរដ្ឋប្បវេណីលេខ ៤១៩ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ ហើយកិច្ចសន្យាផ្ទេរសិទ្ធិក្នុងការលក់ទិញដី រវាងកូនក្តីយើងខ្ញុំ និងឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា បានធ្វើឡើងតាំងពីឆ្នាំ១៩៩៨ មុនមានរឿងទំនាស់ដី រវាងឈ្មោះ ខៀវ ស៊ីណាត និងកូនក្តីយើងខ្ញុំ។ ដូចដែលបញ្ជាក់ខាងលើស្រាប់ ក្រោយពីទិញដីខាងលើហើយ កូនក្តីយើងខ្ញុំបានគ្រប់គ្រង និងកាន់កាប់ដីទាំង ១២ ហិចតា ដោយមានការដឹងឮជាសាធារណៈថា កូនក្តីយើងខ្ញុំជាម្ចាស់ដីទាំង ១២ ហិចតា ទើបក្នុងឆ្នាំ២០០១ ឈ្មោះ ខៀវ ស៊ីណាត បានមករំលោភបំពាន និងដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្តឹងទាមទារយកដីពីកូនក្តីយើងខ្ញុំ មិនមែនកូនក្តីយើងខ្ញុំប្តឹងឈ្មោះ ខៀវ ស៊ីណាត ទេ។ បើដី ០៩ ហិចតា ជារបស់ឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា ម្ល៉េះសមឈ្មោះ ខៀវ ស៊ីណាត ដាក់ពាក្យបណ្តឹងប្តឹងទាមទារដីពីបុគ្គលទាំងបីនាក់នេះ មិនមែនប្តឹងទាមទារដីតែពីកូនក្តីយើងខ្ញុំតែម្នាក់នោះ។
៣.ក្នុងកំណត់ហេតុស្តីពីការទាញហេតុដោយផ្ទាល់មាត់ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៨ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ៤១៩ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ (សំណុំរឿងរដ្ឋប្បវេណី ដែលឈ្មោះ ខៀវ ស៊ីណាត ប្តឹងទាមទារដីពីកូនក្តីយើងខ្ញុំទាំង ១២ ហិចតា) សាក្សីឈ្មោះ ម៉ន លាប ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ិន ហុកជា បានឆ្លើយថា ខ្លួនបានលក់ដីភូមិ និងដីចំការទាំងបីហិចតាឱ្យទៅឈ្មោះ ពេជ្រ ធឿន (សាមិត្ត វិរៈ) ហើយអំឡុងពេលខ្លួនកាន់កាប់គឺមិនមានទំនាស់ទេ។ ចំណែកចម្លើយរបស់ឈ្មោះ ហាំ សុជិត ក៏បានឆ្លើយផងដែរថា ដីចំការរបស់ខ្លួនពិតជាបានលក់ទៅឱ្យឈ្មោះ ពេជ្រ ធឿន (សាមិត្ត វិរៈ) មែន។ ហេតុនេះការអះអាងថាកូនក្តីយើងខ្ញុំជាអ្នកស៊ីឈ្នួលតតាំងក្តី ឬជួញក្តីជាការប្រមាថក្នុងចេតនាធ្វើឱ្យសាធារណជនយល់ខុសមកលើកូនក្តីយើងខ្ញុំ ដែលជាជនរងគ្រោះ ពីសំណាក់លោក សោម សម្បត្តិ។
៤.តាំងពីសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតដល់តុលាការកំពូលបានសម្រេចសេចក្តី និងទទួលស្គាល់ថា កូនក្តីយើងខ្ញុំជាម្ចាស់កម្មសិទ្ធិ និងសម្រេចប្រគល់ដីទាំង១២ (ដប់ពីរ) ហិចតា ឱ្យកូនក្តីយើងខ្ញុំផងដែរ ក្នុងឆ្នាំ២០១៥ (ដីកាសម្រេចរបស់តុលាការកំពូល)។ មួយវិញទៀត ទីតាំងដីទាំង ១២ (ដប់ពីរ) ហិចតា របស់កូនក្តីយើងខ្ញុំក៏ត្រូវតំណាងអយ្យការខេត្តបន្ទាយមានជ័យ ក្នុងនាមជាមន្រ្តីអាជ្ញាសាលាចុះអនុវត្តតាមនីតិវិធីតុលាការ និងប្រគល់ដីជូនកូនក្តីយើងខ្ញុំ និងបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដីទាំង ១២ ហិចតា របស់កូនក្តីយើងខ្ញុំជាដីគ្មានទំនាស់ ដូចមានក្នុងកំណត់ហេតុអនុវត្ត ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្រោយការអនុវត្តប្រគល់ និងទទួលដីពីអាជ្ញាធរពាក់ព័ន្ធ និងមន្រី្តតុលាការរួចរាល់ កូនក្តីយើងខ្ញុំក៏បានកាយ និងបោះបង្គោលកំណត់ព្រំដីលើទីតាំងដីទាំង ១២ ហិចតា របស់ខ្លួន ដើម្បីឱ្យបានច្បាស់។ ពេលនោះមិនមាននរណាជំទាស់ ឬចេញមកហាមឃាត់ឡើយ សូម្បីឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា ឬតតិយជន។
៥.ចំណុចទី១ ដល់ចំណុចទី៤ បញ្ជាក់យ៉ាងច្បាស់ថា កូនក្តីយើងខ្ញុំ លោក សាមិត្ត វិរៈ ហៅ ពេជ្រ ធឿន ពិតជាម្ចាស់ដីទាំង ១២ ហិចតា ហើយកិច្ចសន្យាផ្ទេរសិទ្ធិរបស់បុគ្គលទាំងបីខាងលើជាកិច្ចសន្យាលក់ទិញដី និងការផ្ទេរកម្មសិទ្ធិឱ្យមកកូនក្តីយើងខ្ញុំ តាំងពីមុនមានរឿងទំនាស់ជាមួយឈ្មោះ ខៀវ ស៊ីណាត ម្ល៉េះ។ មួយវិញទៀត តាំងពីសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតដល់តុលាការកំពូលក៏បានទទួលស្គាល់ថា កូនក្តីយើងខ្ញុំជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងបានសម្រេចប្រគល់ដីទាំង ១២ ហិចតា ជូនកូនក្តីយើងខ្ញុំផងដែរ។
៥.ចំណុចទី១ ដល់ចំណុចទី៤ បញ្ជាក់យ៉ាងច្បាស់ថា កូនក្តីយើងខ្ញុំ លោក សាមិត្ត វិរៈ ហៅ ពេជ្រ ធឿន ពិតជាម្ចាស់ដីទាំង ១២ ហិចតា ហើយកិច្ចសន្យាផ្ទេរសិទ្ធិរបស់បុគ្គលទាំងបីខាងលើជាកិច្ចសន្យាលក់ទិញដី និងការផ្ទេរកម្មសិទ្ធិឱ្យមកកូនក្តីយើងខ្ញុំ តាំងពីមុនមានរឿងទំនាស់ជាមួយឈ្មោះ ខៀវ ស៊ីណាត ម្ល៉េះ។ មួយវិញទៀត តាំងពីសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតដល់តុលាការកំពូលក៏បានទទួលស្គាល់ថា កូនក្តីយើងខ្ញុំជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងបានសម្រេចប្រគល់ដីទាំង ១២ ហិចតា ជូនកូនក្តីយើងខ្ញុំផងដែរ។
II. ទឡ្ហីករណ៍ទី០២៖ នត្ថិភាពនៃសិទ្ធិចាត់ចែងរបស់លោក សោម សម្បត្តិ លើទីតាំងដី ១២ ហិចតា របស់កូនក្តីយើងខ្ញុំ
៦.យោងតាមកិច្ចសន្យាទិញលក់ជាឯកសារយថាភូត ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ រវាងកូនក្តីយើងខ្ញុំ និងលោក សោម សម្បត្តិ បានកំណត់យ៉ាងច្បាស់ថា លោក សោម សម្បត្តិ (អ្នកទិញ) គ្មានសិទ្ធិចាត់ចែងណាមួយ ដូចជាការលក់ ដូរ ផ្ទេរ ឬធ្វើសកម្មភាពផ្សេងលើទីតាំងដីទាំង ១២ ហិចតា របស់កូនក្តីយើងខ្ញុំបានឡើយ ដរាបណាមិនទាន់បានទូទាត់ប្រាក់គ្រប់ចំនួនថ្លៃដីជូនលោក សាមិត្ត វិរៈ (អ្នកលក់)។
៧.ផ្ទុយទៅវិញ ឆ្លៀតឱកាសដែលកូនក្តីយើងខ្ញុំកំពុងមានបញ្ហាសុខភាព និងបញ្ហាស្មារតីធ្ងន់ធ្ងរ លោក សោម សម្បត្តិ បានលួងលោម និងជំរុញកូនក្តីយើងខ្ញុំឱ្យផ្តិតមេដៃលើឯកសារនៃកិច្ចពិភាក្សា មានចំណងជើងថា “កិច្ចពិភាក្សារវាងលោក សោម សម្បត្តិ និងលោក សាមិត្ត វិរៈ ស្តីពីការដោះស្រាយវិវាទដីដែលបានទិញ-លក់ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨”។ ខ្លឹមសារនៃកិច្ចពិភាក្សានោះគឺអាចឱ្យលោក សោម សម្បត្តិ ចាត់ចែងទាំងស្រុងលើទីតាំងដី និងថែមទាំងមានខ្លឹមសារឱ្យកូនក្តីយើងខ្ញុំទទួលយកប្រាក់តាមអ្វី ដែលពួកគេផ្តល់ឱ្យ ផ្ទុយពីខ្លឹមសារនៃកិច្ចសន្យាទិញលក់ដើម។ ហេតុនេះ ទើបលោក សោម សម្បត្តិ អះអាងថា ខ្លួនជាតំណាង និងមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីកូនក្តីយើងខ្ញុំ ដើម្បីដោះស្រាយជាមួយឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា ឬជាមួយប្រជាពលរដ្ឋ ៣៣ គ្រួសារ។ យើងខ្ញុំសូមបញ្ជាក់ថា កូនក្តីយើងខ្ញុំមិនដែលបានប្រគល់សិទ្ធិឱ្យលោក សោម សម្បត្តិ ឬឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម សារ៉ាត់ ធ្វើជាតំណាងឱ្យគាត់ ដើម្បីធ្វើការដោះស្រាយណាមួយឡើយ។ ទង្វើនេះជាអំពើ រំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ តាមបញ្ញត្តិមាត្រា ៣៨៣ នៃក្រមព្រហ្មទណ្ឌ ទើបកូនក្តីយើងខ្ញុំប្រគល់សិទ្ធិឱ្យយើងខ្ញុំប្តឹងលោក សោម សម្បត្តិ និងបក្ខពួកផ្សេងទៀតមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដូចមានក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤៨ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ សំណុំរឿងខាងលើតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើចំណាត់ការ និងស៊ើបអង្កេតទៅតាមនីតិវិធីច្បាប់។
៨.ក្រោយពីបានស្នាមមេដៃរបស់កូនក្តីយើងខ្ញុំលើឯកសារនៃកិច្ចពិភាក្សានោះមក លោក សោម សម្បត្តិ បានរៀបចំឱ្យឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម សារ៉ាត់ ភេទប្រុស បុគ្គលិករបស់គាត់ តាំងខ្លួនធ្វើជាអ្នកតំណាងដោយខ្លួនឯង និងអះអាងថា បានទទួលសិទ្ធិពីកូនក្តីយើងខ្ញុំ និងតាំងខ្លួនជាម្ចាស់ដី ក្នុងការចាត់ចែង និងបែងចែកទៅតាមការសម្រេចរបស់លោក សោម សម្បត្តិ លើទីតាំងដីទំហំ ៦ ហិចតា ដែលនៅសល់មិនទាន់បានទូទាត់ ដោយមិនបានឆ្លងយោបល់ ឬមានការដឹងឮ និងយល់ព្រមពីកូនក្តីយើងខ្ញុំឡើយ។ សកម្មភាពបំភ័ន្តធ្វើជាតំណាងរបស់ពួកគេបាននាំឱ្យកូនក្តីយើងខ្ញុំបាត់បង់នូវផលប្រយោជន៍យ៉ាងច្រើន ដូចជា៖
៨.១ លោក សោម សម្បត្តិ បានធ្វើសកម្មភាពដោយចិត្តឯងដើរតួជំនួសកូនក្តីយើងខ្ញុំ គ្មានការដឹងឮពីកូនក្តីយើងខ្ញុំឡើយ ក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងលោក សោម សម្បត្តិ ដែលជាតំណាងសហភាគីអ្នកវិនិយោគ និងភាគីឈ្នះក្ដី លោក សាមិត្ត វិរៈ ហៅ ពេជ្រ ធឿន និងឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត និងឈ្មោះ ខ្ចៅ ចិន្តា ដែលជាភាគីម្ចាស់ដើមនៃដីទាំងបីគ្រួសារ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។ សកម្មភាពតំណាងដោយខុសច្បាប់របស់លោក សោម សម្បត្តិ និងការបំភ័ន្តសមាសភាពនេះ លោក សោម សម្បត្តិ បានសម្រេចដោយចិត្តឯងប្រគល់ដីមួយចំនួនធំរបស់កូនក្តីយើងខ្ញុំឱ្យទៅឈ្មោះ ហាំ សុជិត។ ជាងនេះទៅទៀត ក្រុមពួកគេបានកិបកេងទំហំដី និងបំប៉ោងតួលេខនៃការទូទាត់ ដើម្បីយកមកកាត់កងនឹងប្រាក់ត្រូវទូទាត់ជូនកូនក្តីយើងខ្ញុំ។
៨.២ កំណត់ហេតុស្ដីពីការប្រជុំសម្រុះសម្រួល បងប្អូនប្រជាពលរដ្ឋ ៣៣គ្រួសារ ជាមួយ ពេជ្រ ធឿន (សាមិត្ត វិរៈ) លើកទីមួយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ និងលើកទីពីរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ និងចុងក្រោយអនុស្សារណៈយោគយល់ រវាងភាគីលោក សោម សម្បត្តិ និងភាគីប្រជាជន ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ កំណត់ហេតុនេះពុំមានការចូលរួមពីកូនក្តីយើងខ្ញុំឡើយ ហើយឈ្មោះ ពេជ្រ ធឿន (សាមិត្ត វិរៈ) ដែលពួកគេបានដាក់លើកំណត់ហេតុនេះគឺពួកគេជាអ្នកដើរតួជំនួស។
៩.ចំណុចទី៦ ដល់ចំណុចទី៨ បញ្ជាក់ច្បាស់ថា លោក សោម សម្បត្តិ ពុំមានសិទ្ធិចាត់ចែងណាមួយលើទីតាំងដីឡើយ។ សកម្មភាពតំណាងរបស់លោក សោម សម្បត្តិ និងបក្ខពួកគឺផ្អែកលើកិច្ចពិភាក្សា ដែលកិច្ចពិភាក្សានោះទៀតសោតពុំមានមូលដ្ឋានគតិយុត្តិ ឬទំនាក់ទំនងសិទ្ធិណាអាចឱ្យលោក សោម សម្បត្តិ មានសិទ្ធិជាតំណាង ឬការចាត់ចែងណាមួយលើទីតាំងដីឡើយ។ មួយវិញទៀត សកម្មភាពតំណាងខុសច្បាប់របស់លោក សោម សម្បត្តិ បានធ្វើឱ្យកូនក្តីយើងខ្ញុំបាត់បង់នូវផលប្រយោជន៍អស់ជាច្រើន។
ជាចុងក្រោយ ក្នុងនាមយើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិឱ្យលោក សាមិត្ត វិរៈ សូមធ្វើការសំណូមពរ ប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានអនឡាញ អ្នកសារព័ត៌មាន និងសាធារណជនមេត្តាថ្លឹងថ្លែង និងត្រិះរិះពិចារណា ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដដល់ភាគីអ្នករងគ្រោះពិតប្រាកដ។ អាស្រ័យហេតុនេះ សូម បណ្តាសារព័ត៌មាន សារព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និងសាធារណជន ទទួលជ្រាបជាព័ត៌មាន៕