Tuesday, November 26, 2024
Homeព័ត៌មានជាតិរឿងរ៉ាវពិតនឹកស្មានដល់ នៅពីក្រោយខ្នងរបស់លោក តាថេន (គ្រូជោគជ័យ សោម សម្បត្តិ)

រឿងរ៉ាវពិតនឹកស្មានដល់ នៅពីក្រោយខ្នងរបស់លោក តាថេន (គ្រូជោគជ័យ សោម សម្បត្តិ)

មានហ្វេន (Fans) ជាច្រើនដែលបានស្គាល់ និងជឿជាក់លើវោហារសាស្ត្ររបស់លោក គ្រូជោគជ័យ សោម សម្បត្តិ ដែលពូកែនិយាយ និងអួតអាងព្រមទាំងផ្តល់គំនិតដើម្បីភាពជោគជ័យ លើមុខរបរជំនួញតាមរយ: គំនិតរបស់គាត់ដែលនាំឱ្យហ្វេនៗរបស់គាត់សង្ឃឹមថា នឹងឈានទៅរកភាពជោគជ័យក្នុងអាជីពជំនួញ របស់ពួកគេ។

ប៉ុន្តែបើយើងក្រឡេកមើលរឿងរ៉ាវពិតនៅពីក្រោយខ្នងរបស់លោកគ្រូជោគជ័យ សោម សម្បត្តិ វិញ គឺពោរពេញទៅដោយកលល្បិចទុច្ចរិត និងអសីលធម៌ ដែលហ្វេនៗរបស់គាត់ភាគច្រើនមិននឹកស្មាន ដល់ថាគាត់មានកលល្បិចព្រៃផ្សៃ គ្មានសីលធម៌នៅក្នុងខ្លួនបន្តិចណាឡើយ ដែលសូម្បីតែមនុស្ស ដែលគាត់ធ្លាប់បានស្បថស្បែររាប់អានគ្នាជាបងប្អូនធ៌មទៅហើយនោះក៏លោកមិនបានលើកលែងដែរ។

ខាងក្រោមនេះ ជាការរៀបរាប់របស់លោក សាមិត្ត វីរ: (ហៅ ពេជ្រ ធឿន) ដែលបានស្បថស្បែរជាជាបងប្អូនធ៌ម ជាមួយលោកគ្រូជោគជ័យ សោម សម្បត្តិ ។ លោក​​​​​​​​​​​ សាមិត្ត វីរៈរៀបរាប់ប្រាប់ថា លោកគ្រូជោគជ័យ សោម សម្បត្តិ បានទិញដីរបស់គាត់ដោយមានកិច្ចសន្យា និងឯកសារផ្លូវច្បាប់ជាក់លាក់ទាំងអស់ ប៉ុន្តែមិនបានឱ្យលុយគាត់មិនគ្រប់ចំនួនតាមកិច្ចសន្យាឡើយ។ លោក សាមិត្ត វីរ: បានធ្លាក់ខ្លួនឈឺ ហើយលោកគ្រូជោគជ័យស្មានតែគាត់ស្លាប់ និងបានកេណ្ឌជនអនាធិបតេយ្យឱ្យមកកាន់កាប់ដីរបស់គាត់។

 គ្រូជោគជយ័បង្កើតជនអនាធិបតេយ្យទាំងនោះ ដើម្បីយកលេសថាដីមានទំនាស់ ហើយបានប្រើស៊ឺម ភាព ហៅ ស៊ឺម សារ៉ាត់ ដែលជាមនុស្សជំនិតរបស់លោក ឱ្យក្លែងសមាសភាពថាជាតំណាងរបស់ សាមិត្ត វីរ: (ហៅ ពេជ្រ ធឿន) ចូលទៅផ្សះផ្សារនិងចាត់ចែងកាត់ដីដែលអះអាងថាមានទំនាស់ ដើម្បីឱ្យគ្រូជោគជ័យ បានទិញដីនោះពីអ្នកអនាធិបតេយ្យវិញក្នុង ១ម៉ែត្រការ៉េ ៨ ដុល្លារ ជាជាងទូទាត់ថ្លៃលក់ដីក្នុង១ម៉ែត្រការ៉េ ១៧ ដុល្លារ ឱ្យទៅម្ចាស់ដីស្របច្បាប់ លោក សាមិត្ត វីរ: (ហៅ ពេជ្រ ធឿន)វិញ។ 

មិនតែប៉ុណ្ណោះ លោកគ្រូជោគជ័យ  សោម សម្បត្តិ  នៅថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ ​បាន​បង្ហោះ​លើទំព័រហ្វេសប៊ុកឈ្មោះ Soum Sambath  បរិហារកេរ្តរ៍ដោយឥតអៀនខ្មាស់លើរូបលោក សាមិត្ត វីរៈទៅវិញ។​ លោក សាមិត្ត វីរ: បានបញ្ញាក់បន្តថា គ្រូជោគជ័យ សោម សម្បត្តិ និង​ប្រពន្ធ​ឈ្មោះ អ៊ុក ចន្ថា បានទិញ​ដី​ពី​ខ្ញុំ ទំហំ ១១៧ ៥០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃសរុប​ ១ ៩៨០ ០០០ ដុល្លារ​អាមេរិក ដូចមាន​ក្នុង​កិច្ចសន្យា​លក់ទិញអចលនវត្ថុ​ (លិខិត​យថាភូត​ដោយ​សារ​ការី)ចុះ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៧។ ក្រោយពីចុះកិច្ចសន្យា​លក់ទិញ​ហើយ ឈ្មោះ សោម សម្បត្តិ និង​ប្រពន្ធ​មិនបាន​ទូទាត់ប្រាក់​គ្រប់​ចំនួនជូន​ខ្ញុំបាទទេ ដោយអះអាងថា ដី ៦ ហិកតាទៀតរបស់ខ្ញុំបាទជាដីមានទំនាស់។ ខ្ញុំបាទសូមបញ្ជាក់ថា ដីដែលលក់​ឱ្យគ្រូជោគជយ័នេះ មានចំនួន ១២​ ហិកតា។ ក្នុងនោះ ដី ៣ ហិកតាជារបស់ខ្ញុំបាទ ហើយ ៩ ហិកតាទៀត ខ្ញុំបានបាទទិញពីឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា និង ឈ្មោះ ហ៊ិន ហុកជា ម្នាក់ៗ ៣ ហិកតា។ ពួកគេជាអ្នកលក់ដីឱ្យខ្ញុំបាទ ហើយពួគគេក៏បានទទួលលុយថ្លៃលក់ដីគ្រប់ចំនួនពីខ្ញុំបាទ តាមកិច្ចសន្យាផ្ទេរសិទ្ធិ (កិច្ចសន្យាទិញ លក់ដី)អំឡុងឆ្នាំ ១៩៩៨ ហើយប័ណ្ណសម្គាល់ដី ឆ្នាំ១៩៩៧(ច្បាប់ដើម)និងពាក្យសុំកាន់កាប់ប្រ់ប្រាស់ដីធ្លី ឆ្នាំ ១៩៩៨(ច្បាប់ដើម)ក៏បានប្រគល់ និងនៅរក្សាទុកនៅនឹងខ្ញុំបាទជារៀងរហូតមក។ ម៉្យាងទៀតគ្រប់ដំណាក់កាលនីតិវិធី នៃតុលាការគ្រប់ជាន់ថ្នាក់ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា និង ឈ្មោះ ហ៊ិន ហុកជា ជាសាក្សីបំភ្លឺថា ខ្លួនបានលក់ដីឱ្យខ្ញុំបាទ ជាហេតុធ្វើឱ្យខ្ញុំបាទឈ្នះក្តីជាមួយឈ្មោះ ខៀវ ស៊ីណាត រាប់ពីតុលាការខេត្តបន្ទាយមានជយ័ សាលាឧទ្ទរណ៏ និង តុលាការកំពូល ដែលការតតាំងក្តីជាមួយ ខៀវ ស៊ីណាត មានរយៈពេលជិត១៥ ឆ្នាំ។

ម្យ៉ាងទៀត កំណត់ហេតុអនុវត្តរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជយ័ ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៧ បានសរសេរថា«យើងបានចុះមកដល់ទីតាំងដីទំនាស់ បន្ទាប់មកយើងបានប្រគល់ឱ្យមន្ត្រីជំនាញការិយាលយ័រៀបចំដែនដី ធ្វើការវាស់វែងជាក់ស្តែង ដែលដីនោះមានបណ្តោយខាងលិចមានប្រវែង ៥៨០ ម៉ែត្រ បណ្តោយខាងកើតមានប្រវែង ៥៩៥ ម៉ែត្រ ទទឹងខាងជើង ២០០ ម៉ែត្រ និង ទទឹងខាត្បូង ២០០ ម៉ែត្រជាកម្មសិទ្ធីរបស់ឈ្មោះ ពេជ្រ ធឿន តាមដីកាសម្រេចលេខ ៩១ ដ.ស ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ របស់តុលាការកំពូល ចាប់ពីពេលនេះតទៅ»។ នៅមានឯកសារ និង កិច្ចសន្យាជាច្រើនទៀតដែលលោកគ្រូជោគជ័យ សោម សម្បត្តិ មិនគោរព ដូចជា កិច្ចសន្យាប្រគល់លុយជា​ដំណាក់ៗជាដើម ។ (ដើម្បីឱ្យមិត្តអាន ជ្រាបកាន់តែច្បាស់នៅរឿងរ៉ាពិតប្រាកដដែលបង្កឡើងដោយ លោកគ្រូជោគជ័យ យើងសូមអញ្ញើញប្រិយមិត្តអានឱ្យចប់ទើបដឹងថា ល្បិចរបស់លោកគ្រូជោគច័យពិសពុលប៉ុណ្ណា?)។

ដោយមើលឃើញ លោកគ្រូជោគជ័យ សោម សម្បត្តិ បំពានលើកូនក្តីរបស់ខ្លូន លោក មេធាវី ឡុង បញ្ញាវុឌ្ឍ កញ្ញាមេធាវី គឹម រ័ត្ននិមល និង លោក​មេធាវី ឡុង អានន្ត​បញ្ញា មាន​ការិយា​ល័យ​ឈ្មោះ ក្រុមហ៊ុនមេធាវី ភី អេ អិន និង សហការី ជា​សហមេធាវី​តំណាង​ដោយអាណត្តិ​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណីលោក សាមិត្ត វិរៈ (ហៅ ពេជ្រ ធឿន) ក្នុង​​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៣៣៤៨ ចុះថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ របស់​អយ្យការ​អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ ក៏បានធ្វើសេចក្តីថ្លែងការណ៍ និង​ឆ្លើយតប​នឹង​​សេចក្តី​អធិប្បាយ​របស់​លោក សោម សម្បត្តិ ចុះថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​បាន​បង្ហោះ​លើទំព័រហ្វេសប៊ុកឈ្មោះ Soum Sambath កាលពីថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ ជូន ​បណ្តាសារព័ត៌មាន សារព័ត៌មាន​តាមបណ្តាញសង្គមហ្វេសប៊ុក និង​ សាធារណជន មេត្តា​ជូនជ្រាបថា៖ ខ្លឹមសារ​​​នៃ​សេចក្តី​អធិប្បាយ​របស់​លោក សោម សម្បត្តិ គឺ​ខុសពីការពិត និងធ្វើឱ្យសាធារណជន​​យល់ច្រឡំ​មក​លើ​កូនក្តី​យើង​ខ្ញុំ​លោក សាមិត្ត វិរៈ (ហៅ ពេជ្រ ធឿន) ដែល​ជា​ជន​រងគ្រោះ​។

​ក្នុង​នាម​​យើង​ខ្ញុំ​ជា​មេធាវីតំណាង​ដោយ​អាណត្តិ​​​ឱ្យលោក សាមិត្ត វិរៈ សូមធ្វើការ​បដិសេធ​ និង​​ច្រាន​ចោល​​​នៃ​រាល់​ខ្លឹមសារ​នៃ​សេចក្តី​អធិប្បាយ​របស់​លោក សោម សម្បត្តិ ទាំង​ស្រុង។

ដើម្បី​ជាមូលដ្ឋាន​ច្រានចោលនៃខ្លឹមសារ​របស់​លោក សោម សម្បត្តិ និង​ជាការ​ឆ្លើយ​តប​នឹង​​សេចក្តី​អធិប្បាយ​របស់​លោក សោម សម្បត្តិ យើង​ខ្ញុំសូមលើកយក​ទឡ្ហីករណ៍ ០២ ចំណុចធំៗ ជូន​​ប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានអនឡាញ អ្នកសារព័ត៌មាន និង​សាធារណជនជ្រាប​​ដូច​តទៅ៖​

I. ទឡ្ហីករណ៍ទី០១៖ បញ្ជាក់ថា​ កូនក្តីយើង​ខ្ញុំពិត​ជាម្ចាស់កម្មសិទ្ធិ​លើទីតាំងដី ១២ ហិចតា

១.កូន​ក្តី​យើង​ខ្ញុំ លោក សាមិត្ត​ វិរៈ (ហៅ ពេជ្រ ធឿន) ជា​ម្ចាស់កម្មសិទ្ធិ​​លើទីតាំង​ដី​ទាំង ១២ ហិចតា ដែល​បាន​​​លក់​ឱ្យ​លោក សោម សម្បត្តិ ដូចមាន​ក្នុង​ឯកសារ​លក់ទិញ​យថាភូត​​​ ចុះថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៧ របស់មន្ទីរសារការី ស៊ុន តុលា។ ដី​ទាំង​ ១២ ហិចតា នោះ ០៣ ហិចតា ​ជា​ដី​ដែល​កូនក្តី​យើង​ខ្ញុំ​ទទួល​អំណាច​ពី​រដ្ឋ​ក្នុងឆ្នាំ​១៩៩៦ ហើយ​ ០៩ ហិចតា ទៀត​ ​កូនក្តីយើង​ខ្ញុំ​បាន​ទិញ​ពី​ឈ្មោះ ហ៊ិន ហុកជា (ចំនួន ០៣ ហិចតា ដីឡូតិ៍លេខ ៤៦០) ពីឈ្មោះ ហាំ សុជិត (ចំនួន ០៣ ហិចតា ដីឡូតិ៍លេខ ៤៦៤) និង​ពីឈ្មោះ ខ្ចៅ ចិន្តា (ចំនួន ០៣​ ហិចតា ដីឡូតិ៍លេខ ៤៦៥) និង​បាន​ប្រគល់ប្រាក់​គ្រប់​ចំនួន​ឱ្យ​ពួកគេ​ទាំងបី​នាក់​ក្នុង​ឆ្នាំ​១៩៩៨។ កាលនោះ ការលក់​ទិញ​មិនបាន​ធ្វើជា​ឯកសារ​ឱ្យបាន​ដុំកំភួន​ ឬត្រឹមត្រូវ​តាមទម្រង់ច្បាប់នោះទេ គឺ​​កូនក្តី​យើង​ខ្ញុំ ក្នុងនាម​ជា​អ្នកទិញ និង​អ្នកលក់ (ឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត និង​ឈ្មោះ ខ្ចៅ ចិន្តា) បានព្រមព្រៀងទិញលក់​ និង​បាន​ធ្វើ​ជាកិច្ចសន្យា​ផ្ទេរសិទ្ធិ ដើម្បី​ទុក​ជា​​ភស្តុ​តាង (ភ្ជាប់ជូន​ភស្តុតាង​​នៃ​​កិច្ច​សន្យា​​ផ្ទេរសិទ្ធិ​) និង​បាន​ប្រគល់​ឯកសារ​ច្បាប់​ដើម​ពាក់ព័ន្ធ​នឹងដី​ធ្លី​ទាំង ០៩ ហិចតា ឱ្យ​មក​កូនក្តី​យើង​​ខ្ញុំផង​ដែរ។ បន្ទាប់​ពី​ទិញ​ដី​នេះ​រួច​ហើយ កូនក្តីយើង​ខ្ញុំ​បាន​ធ្វើការ​កាប់ឆ្ការ កាយប្រឡាយ កាយព្រំ និង​បាន​​សាង​សង់​​ផ្ទះ​ថ្ម​លើទីតាំង​ដី​ផងដែរ ដោយគ្មានការ​រំខានពីតតិយជនឡើយ។ ចំពោះការ​លើកឡើងរបស់​លោក សោម សម្បត្តិ ថា​ កូនក្តី​យើង​ខ្ញុំ​មាន​ដីត្រឹមតែ​ ០៦ ហិចតា (០៣ ហិចតា ជា​ដី​ផ្ទាល់ខ្លួន និង​ ០៣ ហិចតា ទៀត ជា​​ដី​​បាន​ពី​ការស៊ីឈ្មួលតតាំង​ក្តី​ឱ្យ​គេ) ជា​ការគេចវេស​​មិនព្រម​ទូទាត់​ប្រាក់ថ្លៃ​ដី​គ្រប់​ចំនួនជូន​កូនក្តី​យើង​ខ្ញុំតែប៉ុណ្ណោះ។

២.ចំពោះ​ការ​ចោទ​ប្រកាន់​របស់លោក សោម សម្បត្តិ ថាកូនក្តីយើង​ខ្ញុំ​ជា​អ្នកស៊ីឈ្នួល​តតាំង​ក្តី ឬ​ការអះអាង​ថា ការផ្ទេរសិទ្ធិ​ឱ្យកូនក្តីយើង​ខ្ញុំ​​ជា​ការផ្ទេរ​សិទ្ធិ​ឱ្យរត់​ការប្តឹងទាមទារ​ដី​ពីឈ្មោះ ខៀវ ស៊ីណាត ជាការអះអាង​មិនពិត​ទេ ព្រោះទំនាស់​​ដី​ធ្លី​ រវាង​ឈ្មោះ ខៀវ ស៊ីណាត និង​កូនក្តីយើង​ខ្ញុំ​កើត​ឡើង​ក្នុងឆ្នាំ​២០០១ ដែល​មាន​សំណុំ​រឿង​រដ្ឋប្បវេណី​លេខ ៤១៩ ចុះថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០១ របស់សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ។ ហើយ​​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ក្នុង​ការ​លក់ទិញ​ដី​ រវាងកូនក្តីយើង​ខ្ញុំ និងឈ្មោះ ហ៊ិន     ហុកជា ឈ្មោះ ហាំ សុជិត ​ឈ្មោះ ខ្ចៅ ចិន្តា ​បាន​ធ្វើឡើង​តាំង​ពីឆ្នាំ​១៩៩៨ មុនមាន​រឿង​ទំនាស់​ដី​ រវាង​ឈ្មោះ ខៀវ ស៊ីណាត និង​កូនក្តីយើង​ខ្ញុំ។ ដូច​ដែល​បញ្ជាក់​ខាង​លើស្រាប់ ក្រោយពីទិញដីខាងលើហើយ កូនក្តីយើង​ខ្ញុំបាន​​គ្រប់គ្រង និង​កាន់កាប់​ដី​ទាំង ១២ ហិចតា ដោយ​មាន​​ការ​ដឹង​ឮ​​ជា​សាធារណៈ​ថា កូនក្តី​យើង​ខ្ញុំ​ជា​ម្ចាស់ដី​ទាំង​ ១២ ហិចតា ទើបក្នុង​​ឆ្នាំ​២០០១ ឈ្មោះ ខៀវ ស៊ីណាត បាន​មក​រំលោភ​បំពាន និង​ដាក់ពាក្យបណ្តឹង​រដ្ឋប្ប​វេណី​ប្តឹង​​ទាមទារ​យក​ដី​ពីកូនក្តីយើង​ខ្ញុំ មិនមែន​កូនក្តី​យើង​ខ្ញុំប្តឹងឈ្មោះ​ ខៀវ ស៊ីណាត ទេ។ ​បើ​ដី​ ០៩ ហិចតា ជា​របស់​​ឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា ម្ល៉េះសម​ឈ្មោះ ខៀវ ស៊ីណាត ដាក់​ពាក្យ​បណ្តឹង​​ប្តឹងទាមទារ​ដី​ពីបុគ្គលទាំង​បីនាក់នេះ​ មិនមែន​ប្តឹង​ទាមទារដី​តែ​ពីកូនក្តីយើង​ខ្ញុំ​តែម្នាក់​នោះ។

៣.ក្នុង​កំណត់ហេតុស្តីពីការ​ទាញហេតុដោយផ្ទាល់មាត់​ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០០៨ ក្នុង​សំណុំរឿង​រដ្ឋប្ប​វេណី​​លេខ ៤១៩ ចុះថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០១ របស់សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ (សំណុំរឿង​រដ្ឋប្បវេណី ដែល​ឈ្មោះ ខៀវ ស៊ីណាត ប្តឹង​ទាមទារ​ដី​ពី​កូនក្តីយើង​ខ្ញុំទាំង ១២ ហិចតា) សាក្សីឈ្មោះ ម៉ន លាប ត្រូវ​ជា​ប្រពន្ធ​របស់​ឈ្មោះ ហ៊ិន ហុកជា បាន​ឆ្លើយថា ខ្លួនបានលក់ដី​ភូមិ និង​ដីចំការ​ទាំងបីហិចតាឱ្យទៅ​ឈ្មោះ ពេជ្រ ធឿន (សាមិត្ត វិរៈ) ហើយ​អំឡុងពេលខ្លួនកាន់កាប់គឺ​មិនមានទំនាស់ទេ។ ចំណែកចម្លើយរបស់​ឈ្មោះ ហាំ សុជិត ក៏បាន​ឆ្លើយផងដែរថា ដីចំការ​របស់​ខ្លួនពិតជាបាន​លក់​ទៅឱ្យឈ្មោះ ពេជ្រ ធឿន (សាមិត្ត វិរៈ) មែន។ ហេតុនេះ​ការអះអាង​ថា​កូនក្តីយើង​ខ្ញុំជាអ្នកស៊ីឈ្នួល​តតាំង​ក្តី ឬជួញក្តី​ជា​ការប្រមាថ​ក្នុង​ចេតនា​​ធ្វើ​​ឱ្យ​សាធារណជន​​​យល់ខុស​មក​លើកូនក្តីយើង​ខ្ញុំ​ ដែលជាជនរងគ្រោះ ពីសំណាក់លោក សោម សម្បត្តិ។

៤.តាំងពីសាលា​ដំបូង​ខេត្តបន្ទាយមានជ័យ រហូត​ដល់តុលាការកំពូល​បាន​សម្រេច​សេចក្តី និង​ទទួលស្គាល់​ថា កូនក្តីយើង​ខ្ញុំ​ជា​ម្ចាស់កម្មសិទ្ធិ និង​សម្រេច​ប្រគល់​ដី​ទាំង​១២ (ដប់ពីរ) ហិចតា​ ឱ្យកូនក្តី​យើង​ខ្ញុំ​ផងដែរ ក្នុង​ឆ្នាំ​​២០១៥ (ដីកាសម្រេច​របស់​តុលាការកំពូល)។ មួយវិញទៀត ទីតាំង​ដីទាំង ១២ (ដប់ពីរ) ហិចតា របស់​កូនក្តី​យើង​ខ្ញុំ​ក៏ត្រូវតំណាង​អយ្យការ​ខេត្ត​បន្ទាយមានជ័​យ ក្នុងនាម​ជា​មន្រ្តី​អាជ្ញាសាលា​ចុះអនុវត្ត​​តាមនីតិវិធី​តុលាការ​ និង​ប្រគល់​ដី​ជូនកូនក្តីយើង​ខ្ញុំ​ និង​បញ្ជាក់យ៉ាង​ច្បាស់ថា ទីតាំង​ដី​ទាំង ១២ ហិចតា របស់កូនក្តី​យើង​​​​ខ្ញុំ​ជា​ដី​គ្មាន​ទំនាស់ ដូចមាន​ក្នុង​កំណត់​ហេតុ​​​អនុវត្ត​ ចុះថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៧ របស់អយ្យការ​អម​​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ។​ ក្រោយការអនុវត្ត​ប្រគល់ និង​ទទួលដី​​ពីអាជ្ញាធរពាក់ព័ន្ធ​ និង​មន្រី្ត​តុលាការ​រួច​រាល់ កូនក្តី​យើង​ខ្ញុំ​​ក៏បាន​កាយ​ និង​បោះបង្គោលកំណត់​ព្រំ​ដី​លើ​ទីតាំង​ដី​ទាំង​ ១២ ហិចតា របស់​ខ្លួន ដើម្បី​ឱ្យ​បាន​​​ច្បាស់។ ពេលនោះមិនមាន​នរណា​ជំទាស់ ឬ​ចេញមកហាមឃាត់ឡើយ សូម្បីឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា ឬ​តតិយជន។

៥.ចំណុចទី១ ដល់ចំណុចទី៤ បញ្ជាក់យ៉ាង​ច្បាស់ថា កូនក្តីយើង​ខ្ញុំ​ លោក សាមិត្ត វិរៈ ហៅ ពេជ្រ ធឿន ពិត​ជា​ម្ចាស់​ដី​ទាំង ១២ ហិចតា ហើយ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​របស់​បុគ្គល​ទាំង​បី​ខាង​លើ​​ជា​កិច្ចសន្យា​លក់ទិញ​ដី និង​ការ​ផ្ទេរ​​កម្ម​សិទ្ធិ​​ឱ្យ​មកកូនក្តីយើង​ខ្ញុំ តាំងពី​មុនមាន​រឿងទំនាស់​​ជាមួយ​ឈ្មោះ ខៀវ ស៊ីណាត ម្ល៉េះ។ មួយវិញទៀត តាំងពី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ រហូតដល់តុលាការកំពូលក៏បាន​​ទទួលស្គាល់​ថា កូនក្តី​យើង​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ និង​បាន​សម្រេច​ប្រគល់ដីទាំង ១២ ហិចតា ជូនកូនក្តី​យើង​ខ្ញុំផងដែរ។

៥.ចំណុចទី១ ដល់ចំណុចទី៤ បញ្ជាក់យ៉ាង​ច្បាស់ថា កូនក្តីយើង​ខ្ញុំ​ លោក សាមិត្ត វិរៈ ហៅ ពេជ្រ ធឿន ពិត​ជា​ម្ចាស់​ដី​ទាំង ១២ ហិចតា ហើយ​កិច្ចសន្យា​ផ្ទេរសិទ្ធិ​របស់​បុគ្គល​ទាំង​បី​ខាង​លើ​​ជា​កិច្ចសន្យា​លក់ទិញ​ដី និង​ការ​ផ្ទេរ​​កម្ម​សិទ្ធិ​​ឱ្យ​មកកូនក្តីយើង​ខ្ញុំ តាំងពី​មុនមាន​រឿងទំនាស់​​ជាមួយ​ឈ្មោះ ខៀវ ស៊ីណាត ម្ល៉េះ។ មួយវិញទៀត តាំងពី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ រហូតដល់តុលាការកំពូលក៏បាន​​ទទួលស្គាល់​ថា កូនក្តី​យើង​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ និង​បាន​សម្រេច​ប្រគល់ដីទាំង ១២ ហិចតា ជូនកូនក្តី​យើង​ខ្ញុំផងដែរ។

II.​ ទឡ្ហីករណ៍ទី០២៖ នត្ថិភាពនៃ​សិទ្ធិចាត់ចែងរបស់លោក ​សោម សម្បត្តិ លើទីតាំងដី ១២ ហិចតា របស់​កូនក្តីយើង​ខ្ញុំ

៦.យោងតាមកិច្ចសន្យា​ទិញលក់ជាឯកសារ​យថាភូត ចុះថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៧ រវាង​កូនក្តីយើង​ខ្ញុំ និង​លោក សោម សម្បត្តិ បាន​កំណត់យ៉ាង​ច្បាស់ថា លោក សោម សម្បត្តិ (អ្នកទិញ) គ្មាន​សិទ្ធិ​ចាត់ចែង​ណា​មួយ ដូចជា​ការ​លក់ ដូរ ផ្ទេរ ឬ​ធ្វើសកម្មភាពផ្សេងលើ​ទីតាំង​ដីទាំង ១២ ហិចតា របស់​កូនក្តីយើង​ខ្ញុំបាន​ឡើយ ដរាបណា​មិនទាន់បាន​ទូទាត់ប្រាក់​គ្រប់​ចំនួនថ្លៃដី​ជូន​លោក សាមិត្ត វិរៈ (អ្នកលក់)។

៧.ផ្ទុយទៅវិញ ឆ្លៀតឱកាស​ដែល​កូន​ក្តី​យើង​ខ្ញុំ​កំពុងមានបញ្ហា​សុខភាព និង​បញ្ហា​ស្មារតី​ធ្ងន់ធ្ងរ​ លោក សោម សម្បត្តិ បាន​លួង​លោម​​ និង​ជំរុញ​កូនក្តីយើង​​ខ្ញុំ​​​ឱ្យ​ផ្តិត​មេ​ដៃ​លើ​ឯកសារ​នៃ​កិច្ច​ពិភាក្សា មានចំណង​ជើង​ថា “កិច្ចពិភាក្សា​រវាង​លោក សោម សម្បត្តិ និង​លោក សាមិត្ត វិរៈ ស្តីពីការ​ដោះ​ស្រាយ​វិវាទ​ដី​ដែល​បាន​ទិញ-លក់ ចុះថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​”​។ ខ្លឹមសារ​នៃ​​កិច្ចពិភាក្សា​នោះ​គឺ​​អាច​​ឱ្យ​លោក សោម សម្បត្តិ ចាត់ចែង​ទាំងស្រុង​លើ​ទីតាំង​ដី​ និង​​ថែមទាំង​មានខ្លឹម​សារ​​ឱ្យ​កូន​ក្តី​យើង​ខ្ញុំ​​​​ទទួល​យក​ប្រាក់​​តាមអ្វី ​ដែល​ពួក​គេ​​ផ្តល់ឱ្យ ផ្ទុយ​ពី​ខ្លឹម​សារ​​នៃ​កិច្ច​សន្យា​​ទិញលក់ដើម។ ហេតុនេះ ទើបលោក សោម សម្បត្តិ​ អះអាង​ថា ខ្លួន​ជា​តំណាង និង​​​មាន​ការ​យល់​​ព្រមជាលាយលក្ខណ៍អក្សរ​ពីកូនក្តី​យើង​ខ្ញុំ ​ដើម្បី​​ដោះស្រាយ​​ជាមួយឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត ឈ្មោះ ខ្ចៅ ចិន្តា ឬ​ជាមួយប្រជាពលរដ្ឋ​ ៣៣ គ្រួសារ។ យើង​ខ្ញុំ​សូម​បញ្ជាក់​ថា កូនក្តីយើង​ខ្ញុំ​មិន​ដែល​​​បាន​ប្រគល់​សិទ្ធិ​ឱ្យ​លោក សោម សម្បត្តិ ឬ​ឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម​ សារ៉ាត់ ធ្វើ​ជា​​​តំណាង​​ឱ្យ​​គាត់ ដើម្បី​ធ្វើ​ការ​​ដោះ​​ស្រាយ​ណា​មួយ​ឡើយ។ ទង្វើនេះជា​អំពើ រំលោភ​លើ​ភាព​ល្ងង់​ខ្លៅ ឬ​ភាព​ទន់​ខ្សោយ តាមបញ្ញត្តិមាត្រា ៣៨៣ នៃក្រមព្រហ្មទណ្ឌ ទើប​កូនក្តីយើង​ខ្ញុំ​​ប្រគល់​​សិទ្ធិ​ឱ្យ​យើង​ខ្ញុំប្តឹងលោក សោម សម្បត្តិ និង​បក្ខពួក​ផ្សេង​ទៀតមកអយ្យការ​អមសាលា​ដំបូង​រាជធានី​​ភ្នំពេញ ដូចមាន​ក្នុង​សំណុំរឿង​​ព្រហ្ម​ទណ្ឌ​​លេខ ៣៣៤៨ ចុះថ្ងៃ​ទី​​១១ ខែ​កក្កដា ឆ្នាំ​២០២២ របស់​អយ្យការ​អម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​នេះ សំណុំរឿង​​ខាងលើតំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញកំពុង​ធ្វើ​​ចំណាត់​ការ​ និង​ស៊ើបអង្កេត​ទៅ​តាម​នីតិ​វិធី​​ច្បាប់។

៨.ក្រោយ​ពីបានស្នាមមេដៃ​របស់​កូនក្តីយើង​ខ្ញុំលើឯកសារ​នៃ​កិច្ចពិភាក្សានោះមក លោក សោម សម្បត្តិ បាន​​រៀបចំ​ឱ្យ​ឈ្មោះ ស៊ឹម ភាព ហៅ ស៊ឹម​ សារ៉ាត់ ភេទ​ប្រុស បុគ្គលិក​របស់​គាត់ តាំងខ្លួនធ្វើ​ជា​អ្នក​តំណាង​ដោយ​ខ្លួនឯង​ និង​អះអាងថា បានទទួលសិទ្ធិ​ពីកូនក្តីយើង​ខ្ញុំ ​និង​តាំង​ខ្លួនជា​ម្ចាស់ដី​ ក្នុងការ​​ចាត់ចែង​ និង​បែង​ចែក​ទៅ​​តាម​​ការ​​សម្រេច​​​របស់​លោក សោម សម្បត្តិ លើ​ទីតាំង​ដី​ទំហំ ៦ ហិចតា ដែល​នៅ​សល់​មិន​​ទាន់​បាន​ទូទាត់ ដោយមិន​បាន​ឆ្លងយោបល់ ឬមានការដឹងឮ និង​យល់ព្រម​​ពីកូនក្តីយើង​ខ្ញុំឡើយ។ សកម្ម​ភាព​​បំភ័ន្ត​ធ្វើ​ជា​តំណាង​​​របស់​ពួកគេ​បាន​នាំ​ឱ្យកូនក្តីយើង​ខ្ញុំ​បាត់បង់​នូវ​ផល​ប្រយោជន៍​​យ៉ាង​ច្រើន ដូចជា​៖

៨.១ លោក សោម សម្បត្តិ បាន​ធ្វើសកម្មភាព​ដោយ​ចិត្ត​ឯង​​​ដើរ​តួ​ជំនួស​កូនក្តីយើង​ខ្ញុំ​ គ្មាន​ការ​ដឹង​ឮពី​កូន​ក្តី​យើង​​ខ្ញុំ​ឡើយ ក្នុងការ​​ចុះ​​អនុស្សារណៈនៃការយោគយល់គ្នា រវាងលោក សោម សម្បត្តិ ដែលជា​តំណាង​​សហ​ភាគី​អ្នក​វិនិ​យោគ​ និង​ភាគីឈ្នះក្ដី លោក សាមិត្ត វិរៈ ហៅ ពេជ្រ ធឿន និងឈ្មោះ ហ៊ិន ហុកជា ឈ្មោះ ហាំ សុជិត និងឈ្មោះ ខ្ចៅ ចិន្តា ដែល​ជា​ភាគីម្ចាស់ដើមនៃដីទាំងបីគ្រួសារ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។ សកម្មភាពតំណាង​ដោយខុស​ច្បាប់​របស់​លោក សោម សម្បត្តិ និង​ការ​​បំភ័ន្តសមាសភាពនេះ លោក សោម សម្បត្តិ បាន​សម្រេច​ដោយចិត្ត​ឯង​ប្រគល់ដី​មួយចំនួនធំរបស់​កូនក្តីយើង​ខ្ញុំ​ឱ្យទៅ​ឈ្មោះ ហាំ សុជិត។ ជាង​នេះ​ទៅទៀត ក្រុមពួកគេបាន​កិបកេង​ទំហំ​ដី និង​បំប៉ោងតួលេខ​នៃ​ការទូទាត់​ ដើម្បី​យក​មក​កាត់​កង​​នឹង​ប្រាក់​ត្រូវ​​ទូទាត់​ជូនកូនក្តីយើង​ខ្ញុំ។ ​

៨.២ កំណត់ហេតុស្ដីពីការប្រជុំសម្រុះសម្រួល បងប្អូនប្រជាពលរដ្ឋ ៣៣គ្រួសារ ជាមួយ ពេជ្រ ធឿន (សាមិត្ត វិរៈ) លើកទីមួយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ និងលើកទីពីរ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ និងចុង​ក្រោយ​​អនុស្សារណៈយោគយល់ រវាងភាគីលោក សោម សម្បត្តិ និងភាគីប្រជាជន ចុះថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨។ កំណត់ហេតុនេះ​ពុំមាន​ការ​ចូលរួម​ពីកូនក្តី​យើង​ខ្ញុំឡើយ ​ហើយ​ឈ្មោះ ពេជ្រ ធឿន (សាមិត្ត វិរៈ) ដែល​ពួកគេ​បាន​ដាក់​លើ​កំណត់ហេតុនេះ​គឺ​ពួកគេ​ជាអ្នកដើរ​តួ​ជំនួស​។

៩.ចំណុចទី៦ ដល់ចំណុចទី៨ បញ្ជាក់​ច្បាស់ថា លោក សោម សម្បត្តិ ពុំមានសិទ្ធិ​ចាត់ចែង​ណាមួយលើ​ទីតាំង​ដី​ឡើយ។ សកម្មភាពតំណាង​របស់​លោក សោម សម្បត្តិ និង​បក្ខ​ពួក​គឺ​ផ្អែក​លើកិច្ចពិភាក្សា ដែល​កិច្ច​ពិភាក្សា​នោះ​ទៀតសោត​ពុំមានមូលដ្ឋានគតិយុត្តិ ឬ​ទំនាក់ទំនង​សិទ្ធិ​ណា​អាចឱ្យ​លោក សោម សម្បត្តិ មាន​សិទ្ធិ​ជា​តំណាង ឬ​ការចាត់ចែងណាមួយលើ​ទីតាំង​ដី​ឡើយ។ មួយវិញទៀត សកម្មភាពតំណាង​ខុស​ច្បាប់​របស់​លោក សោម​ សម្បត្តិ បាន​ធ្វើ​ឱ្យកូនក្តីយើង​ខ្ញុំ​បាត់បង់នូវផលប្រយោជន៍អស់ជាច្រើន។

ជាចុងក្រោយ ក្នុងនាម​យើង​ខ្ញុំជាមេធាវី​តំណាង​ដោយអាណត្តិ​ឱ្យលោក សាមិត្ត វិរៈ សូមធ្វើការ​​សំណូម​​ពរ​ ​ប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានអនឡាញ អ្នកសារព័ត៌មាន និង​សាធារណជនមេត្តា​ថ្លឹងថ្លែង ​និង​ត្រិះរិះ​ពិចារណា​ ​ដើម្បី​ផ្តល់យុត្តិធម៌​ពិតប្រាកដដល់ភាគី​អ្នក​រងគ្រោះ​ពិត​ប្រាក​ដ​។ អាស្រ័យហេតុនេះ សូម ​បណ្តាសារព័ត៌មាន សារព័ត៌មាន​តាមបណ្តាញសង្គមហ្វេសប៊ុក និង​សាធារណជន ទទួលជ្រាបជាព័ត៌មាន៕

RELATED ARTICLES