Sunday, November 24, 2024
Homeតារាខ្មែររឿង ”កំពូលល្ងង់នៅអាស៊ី” បើកសម្ភោធកក្រើករោងកុន

រឿង ”កំពូលល្ងង់នៅអាស៊ី” បើកសម្ភោធកក្រើករោងកុន

ខ្សែភាពយន្តខ្នាតធំរឿង ”កំពូលល្ងង់នៅអាស៊ី” ដែលជាស្នាដៃដំបូងរបស់ផលិតកម្ម Galaxy បានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ដែលមានតារាល្បីៗជាច្រើនចូលរួមកក្រើករោងភាពយន្ត Major Cineplex ផ្សារទំនើប AEON តែម្ដង ខណៈដែលមានការអះអាងថា ភាពយន្តនេះល្អមើលកំប្លែងសើចតាំងពីដើមរហូតដល់ចប់។
ក្រោយសម្រិតសម្រាំងការផលិតអស់រយៈពេលជាច្រើនខែ ជាមួយនិងការប្រើទុនចំណាយអស់ខ្ទង់៦ម៉ឺនដុល្លារផងនោះ ទីបំផុតភាពយន្តរឿង ”កំពូលល្ងង់នៅអាស៊ី” ក៏បានដាក់បញ្ចាំងជាផ្លូវការហើយ ហើយនៅថ្ងៃបើកសម្ភោធម្សិលមិញនេះ គឺមានអ្នកចូលរួមទស្សនាកក្រើករោងកុនតែម្ដង។ ជាពិសេសតារាល្បីៗមកពីក្រុមគ្រួសារតារាកម្ពុជាបានមកបង្អួតសម្រស់គួរឲ្យភ្ញាក់ផ្អើល។
លោកឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy ដែលជាអតីតពលករកូរ៉េ បានថ្លែងឲ្យដឹងថា លោកពិតជារំភើបចិត្តយ៉ាងក្រៃលែង ដែលថ្ងៃបើកសម្ពោធរឿង ”កំពូលល្ងង់នៅអាស៊ី” មានតារាល្បីៗចូលរួមគាំទ្រយ៉ាងច្រើនកុះករបែបនេះ ដែលជាចលករមួយជួយជំរុញឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងលើភាពយន្តមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ធ្វើឲ្យលោកកាន់តែមានកម្លាំងចិត្តប្រឹងប្រែងតស៊ូជួយលើកស្ទួយវិស័យភាពយន្តខ្មែរបន្តទៀតផងដែរ។ ជាមួយគ្នានោះ លោកឡេង ណាវ៉ាត្រា ក៏សំណូមពរឲ្យទស្សនិកជនជួយគាំទ្រស្នាដៃដំបូងរបស់ផលិតកម្ម Galaxy ឲ្យច្រើនកុះករផងដែរ ខណៈដែលភាពយន្តនេះបានសម្រិតសម្រាំងគុណភាពមិនចាញ់ភាពយន្តល្បីៗរបស់ខ្មែរមួយចំនួននាពេលកន្លងមក ដែលមានទាំងឈុតឆាកកម្សត់ និងកំប្លែងបែបទំនើប ដែលជារសជាតិថ្មីមួយប្លែកមិនធ្វើឲ្យទស្សនិជនខកចិត្តឡើយ។
រឿង ”កំពូលល្ងង់នៅអាស៊ី” មានការចូលរួមសម្ដែងដោយនាយពែកមី, នាយគ្រឿន, កញ្ញាអារីយ៉ា, លោកម៉ារ៉ា ប៊ុណ្ណា, ឌីជេ កណ្ដុរ និងតារាសម្ដែងជាច្រើនរូបទៀត ហើយរឿងនេះនឹងលក់សំបុត្រដាក់បញ្ចាំងចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ តទៅ នៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ហើយនៅចាប់ពីថ្ងៃទី២១ ខែធ្នូ និងបើកឲ្យកម្មករកម្មការិនីរោងចក្រចូលរួមទស្សនាចំនួន២០០នាក់ ដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តកម្មករឲ្យបានស្គាល់រោងកុនទំនើប និងបានទស្សនាស្នាដៃដំបូងរបស់អតីតពលករកូរ៉េ លោកឡេង ណាវ៉ាត្រា ផងដែរ៕

 

RELATED ARTICLES