Friday, September 20, 2024
Homeព័ត៌មានជាតិស្នេហាត្រីកោណ ក្លាយជាចតុកោណ ប្រុសចាក់ស្រី៣កាំបិត រួចចាក់សម្លាប់ខ្លួន

ស្នេហាត្រីកោណ ក្លាយជាចតុកោណ ប្រុសចាក់ស្រី៣កាំបិត រួចចាក់សម្លាប់ខ្លួន

ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់ មានប្រពន្ធកូនរួចទៅហើយ បែរជាបែកគំនិតក្បត់ផិតចិត្តប្រពន្ធ ទៅលួចលាក់ទាក់ទងស្នេហាជាមួយស្ត្រីមេម៉ាយវ័យចំណាស់ដូចគ្នា ដែលរស់នៅក្បែរផ្ទះគ្នា អស់រយៈពេលជាច្រើនខែ ដោយព្យាយាមលាក់បាំងមិនឱ្យគេឯងដឹងឡើយ ស្រាប់តែក្រោយមក ខាងស្រីបែកចិត្តទៅទាក់ទងជាមួយនឹងប្រុសថ្មី និងសុំបែកចែកផ្លូវជាមួយខាងប្រុស ធ្វើឱ្យកើតជាទំនាស់នឹងគ្នាយ៉ាងខ្លាំង រហូតដល់ខាងប្រុស ចាក់ប្រហារស្ត្រីរងគ្រោះចំនួន ៣កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចចាក់ខ្លួនឯង ១កាំបិត បណ្តាលឱ្យស្លាប់តាមក្រោយ។

ករណីស្នេហាត្រីកោណ ក្លាយជាចតុកោណ ប្រុសចាក់ស្រី ៣កាំបិត រួចចាក់សម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ។

ស្ត្រីរងគ្រោះដែលត្រូវប្រុសស្នេហ៍ចាក់សម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះគង់ វណ្ណា អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ (រងរបួស ៣កាំបិត)។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះហង្ស វ៉ាន ភេទប្រុស អាយុ៦០ឆ្នាំ មានប្រពន្ធនិងកូន៨នាក់ មានលំនៅក្នុងភូមិជាមួយគ្នា។

លោកជា ហេង អធិការនគរបាលស្រុកពាមជរ បានឱ្យដឹងថា ស្ត្រីរងគ្រោះ ជាស្ត្រីមេម៉ាយកូន២ ចំណែកជនដៃដល់ មានប្រពន្ធ និងកូន៨នាក់ ប៉ុន្តែអ្នកទាំង២ បានលួចទាក់ទងយកគ្នាអស់រយៈពេលជាច្រើនខែមកហើយ ដោយភាគីខាងប្រុស បានទៅស៊ីឈ្នួលដេកយាមបង្គោលអង់តែនទូរស័ព្ទ នៅកណ្តាលវាលស្រែ ហើយខាងស្រី ទៅធ្វើស្រែក្បែរៗនោះ បន្ទាប់មក ពួកគាត់ទាំងពីរ បានសារសងគ្នារាល់ៗថ្ងៃ ក៏ត្រូវគ្នា ហើយគ្មានអ្នកណាដឹងឡើយ។ លុះរហូតមកដល់ថ្មីៗនេះ ខាងស្រីបានទៅស៊ីឈ្នួលដាំបាយឱ្យគេ ហើយក៏មានទំនាក់ទំនងស្នេហាជាមួយនឹងបុរសថ្មីម្នាក់ទៀត ទើបធ្វើឱ្យមានទំនាស់កើតឡើងតែម្តង។

លោកអធិការ បញ្ជាក់ថា នៅយប់ពេលកើតហេតុ ជនដៃដល់បានឡើងទៅលើផ្ទះស្ត្រីរងគ្រោះ ហើយនិយាយសុំត្រូវគ្នាវិញ តែស្ត្រីរងគ្រោះមិនព្រម ទើបជនដៃដល់ ប្រើកាំបិតចុងស្រួច ចាក់ស្ត្រីរងគ្រោះ ២កាំបិត ចំកណ្តាលខ្នង ភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកហៅកូនស្រីអាយុ ១៥ឆ្នាំម្នាក់ ដែលដេកក្នុងមុងជាប់គ្នា ឱ្យជួយ។ លុះកូនស្រីចេញមកឃើញ ក៏ប្រតាយប្រតប់ដណ្តើមកាំបិតពីជនដៃដល់ តែដណ្តើមមិនឈ្នះ ហើយជនដៃដល់ បានលោតទៅចាក់ស្ត្រីរងគ្រោះ ចំក្រោមដោះខាងស្តាំ ១កាំបិតទៀត បណ្តាលឱ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាង អាណោចអាធ័ម។ ភ្លាមនោះ ជនដៃដល់បានរត់ចេញទៅក្រៅ រួចចាក់ខ្លួនឯង ១កាំបិត ចំទ្រូងខាងឆ្វេង ហើយក៏រត់ទៅផ្ទះរបស់ខ្លួន ដែលមានចម្ងាយប្រមាណ ២៤០ម៉ែត្រ ពីផ្ទះស្ត្រីរងគ្រោះ ហើយក៏ដេកស្លាប់នៅលើផ្ទះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានតាមទៅរកចាប់ជនបង្កហេតុដែរ ប៉ុន្តែពេលទៅដល់ ឃើញជនបង្កហេតុបានស្លាប់បាត់ទៅហើយ។

សពអ្នកទាំង២ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES