ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ តវ៉ាផ្លូវការដាច់ខាត ចំពោះភាគីថៃ ដែលបានលួចប្រាសាទខ្មែរ ហើយរៀបចំចុះបញ្ជីជារបស់ខ្លួន ។ ក្រសួងវប្បធម៌កម្ពុជា តវ៉ាក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយ តាមបណ្ដោយព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ ។ ការចុះបញ្ជីបែប នេះ គ្មានមូលដ្ឋានស្របច្បាប់ ហើយមិនអាចប្រើប្រាស់ជាភ័ស្តុតាងសម្រាប់អះអាងអធិបតេយ្យទឹកដី ឬជាឧប ករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ ។ ដូច្នេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋា ភិបាលថៃ លុបចោលជាបន្ទាន់ នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគី ដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារសង្ខេបថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរា ជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយ តាមបណ្ដោយព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។
សកម្មភាពនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភ័ស្តុតាងសម្រាប់អះអាងអធិបតេយ្យទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យ និងការកំណត់ព្រំដែន រវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគី ដែលបានបង្កើតឡើង ជាពិសេសអនុស្ស រណៈយោគយល់គ្នា ឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈ កម្មការចម្រុះព្រំដែន នៃភាគីទាំងពីរ (JBC)។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកការចុះបញ្ជីនេះ ថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយ លើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់ នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគី ដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធី នូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី ដែលបានបង្កើតឡើង» ។
សូមបញ្ជាក់ថា សេចក្ដីថ្លែងការណ៍តវ៉ា របស់ក្រសួងវប្បធម៌កម្ពុជា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសារ ព័ត៌មានថៃ khaosod English បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា នាយកដ្ឋានសិល្បៈរបស់ថៃ បានដាក់បញ្ចូលទីតាំងប្រវត្តិសាស្ត្រជាច្រើន នៅក្នុងខេត្តសុរិន្ទ ទៅក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ ដែលនៅក្នុងនោះ រួមមានទាំងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ផងដែរ។ នាយកដ្ឋានរបស់ថៃ មួយនេះ ថែមទាំងបាននិយាយថា ការចុះបញ្ជីនេះ មានគោលបំណងផ្តល់ការការពារផ្នែកច្បាប់ កាន់តែច្បាស់ លាស់ សម្រាប់បូជនីយដ្ឋានបុរាណ ក្រោមច្បាប់អភិរក្សបេតិកភណ្ឌថៃ ។

បញ្ជីឈ្មោះបុរាណដ្ឋាន ដែលថៃទើបនឹងចុះបញ្ជីថ្មីនោះ រួមមាន ៖ ១. ប្រាសាទមនចរើន (Prasat Mon Charoen) ២. ប្រាសាទបេង (Prasat Beng) ៣. ប្រាសាទជេម (Prasat Chem) ៤. ប្រាសាទណងខៈណា (Prasat Nong Khana) ៥. ប្រាសាទអូថៈឡាន (Prasat O Thalan) ៦. ប្រាសាទបានណងខៈណា (Prasat Ban Nong Khanna) ៧. ប្រាសាទតាមាន់ (Prasat Ta Muen ឬថៃហៅថា ប្រាសាទបាយគ្រីម) ៨. ប្រា សាទតាក្របី (Prasat Ta Kwai ឬថៃហៅថា ប្រាសាទតាក្វាយ) និង៩ ប្រាសាទតៅថង (Prasat Tao Thong) ។

គួរជម្រាបថា ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ខណៈប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ ចំណែកប្រាសាទខ្នារ មានទីតាំងស្ថិតនៅក្នុងភូមិក្រឡា ពាស ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទទាំង៤ គឺជារបស់កម្ពុជា ព្រោះនៅក្នុងប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទទាំងនេះ កសាងដោយព្រះមហាក្សត្រខ្មែរ និងស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រាសាទបុរាណខ្មែរ ទាំងនេះ ជាពិសេសប្រាសាទតាក្របី បានរងការបាញ់ផ្លោង ទម្លាក់គ្រាប់បែកបំផ្លាញពីពួកទាហានចោរសៀម (ថៃ) ឈ្លនាពាន ក្នុងសង្គ្រាមឈ្លានពាន ២លើក កាល ពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ហើយជាតិសាសន៍ចោរប្រវត្តិសាស្ត្រមួយនេះ បានឈ្លានពានកាន់កាប់ប្រាសាទ ខ្មែរ ទាំងនេះ ក្រោយមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងពេលនេះបានប្រកាសចុះបញ្ជីជារបស់ខ្លួន ដោយឥតអៀនខ្មាស រំលោភច្បាប់អន្តរជាតិ ដែលពិភពលោកសុទ្ធតែបានដឹងថា ប្រាសាទទាំងនេះ ជារបស់ដូន តាខ្មែរ បានកសាងឡើង មានអាយុកាលជិត១ពាន់ឆ្នាំ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយអ្វីដែលបញ្ជា ក់ច្បាស់នោះ គឺប្រាសាទទាំងនេះ ត្រូវបានទាហានថៃ បាញ់ផ្លោងគ្រាប់បែក បំផ្លាញ ខូចខាតយ៉ាងធ្ងន់ ដែលនេះសបញ្ជាក់ច្បាស់ថា បើថៃ ជាម្ចាស់ប្រាសាទទាំងនេះ ពុំមែនហ៊ានបាញ់ប្រហារបំផ្លាញបែបនេះទេ៕