Friday, September 20, 2024
Homeព័ត៌មានជាតិចងកលើកទី១ ដាច់ខ្សែទ​ល់ផ្អក លើកទី២ ស្លាប់បានសម្រេច

ចងកលើកទី១ ដាច់ខ្សែទ​ល់ផ្អក លើកទី២ ស្លាប់បានសម្រេច

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ អស់រយៈពេលប្រមាណ ១ឆ្នាំ មកហើយ រហូតដល់មានគំនិតប៉ុនប៉ងសម្លាប់ខ្លួនម្តងរួចមកហើយ ដោយធ្លាប់ចងកម្តង តែមិនបានសម្រេច ដោយសារដាច់ខ្សែ ធ្លាក់ដី បណ្តាលឱ្យទល់ផ្អក លុះលើកទី២ ចងកនៅក្នុងផ្ទះ បណ្តាលឱ្យស្លាប់បានសម្រេចដូចបំណង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិទួលក្រូច ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះប៉ែន និត អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិទួលក្រូច ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

តាមសម្តីរបស់ស្ត្រីឈ្មោះប៉ែន វាន អាយុ៥២ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាបថា កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ គាត់បានយកបាយទៅឱ្យប្អូនឈ្មោះប៉ែន និត (ជនរងគ្រោះ) ហូបនៅលើផ្ទះ ដូចសព្វដង។ ក្រោយមក គាត់បានទៅដេកលេងជាមួយម្តាយ នៅផ្ទះខាងត្បូងជាប់គ្នា ដោយទុកឱ្យប្អូន នៅផ្ទះតែម្នាក់ឯង។ រហូតមកដល់ព្រឹកឡើងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ប្រហែលម៉ោង ៦និង៣០នាទីព្រឹក ដោយមិនឃើញប្អូនប្រុសចុះពីលើផ្ទះ ក៏មានការសង្ស័យ ទើបឡើងទៅបើកទ្វារផ្ទះមើលស្រាប់តែឃើញប្អូនចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ស្ត្រីជាបងស្រីជនរងគ្រោះ បានបញ្ជាក់ថា កន្លងមក ប្អូនប្រុស (ជនរងគ្រោះ) ធ្លាប់បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ម្តងរួចមកហើយ តែចៃដន្យដាច់ខ្សែ ធ្លាក់មកក្រោម បណ្តាលឱ្យអុកគូទទល់ផ្អក។

បងស្រីជនរងគ្រោះ​បន្តថា ប្អូនរបស់គាត់ ចងកសម្លាប់ខ្លួន ដោយសារមូលហេតុមានជំងឺសរសៃប្រសាទ រយៈពេលជាង១ឆ្នាំ មកហើយ បន្ទាប់ពីទៅពេទ្យ ព្យាបាលដែរ ប៉ុន្តែមិនបានធូរស្រាលសោះ រហូតដល់បែកគំនិតគិតខ្លីបែបនេះតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីលោកមេភូមិទួលក្រូច ថា មានអ្នកភូមិម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នៅលើផ្ទះ សមត្ថកិច្ចបានចុះមកធ្វើការស្រាវជ្រាវ និងពិនិត្យជាមួយលោកវេជ្ជបណ្ឌិត ប៊ូ សុខគង់ ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែករមាសហែក។

ក្រោយពីសមត្ថកិច្ចនិងគ្រូពេទ្យធ្វើកោសល្យវិច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត ចងកខ្លួនឯងប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES