Friday, September 20, 2024
Homeព័ត៌មានជាតិពេទ្យបំភ្លឺ ករណីក្មេងស្រីឪម៉ាល់ទិចស្លាប់

ពេទ្យបំភ្លឺ ករណីក្មេងស្រីឪម៉ាល់ទិចស្លាប់

ខេត្តស្វាយរៀង ៖ ករណីក្មេងស្រីវ័យ៧ឆ្នាំ ត្រូវសត្វឪម៉ាល់ទិច ប្រមាណ១០០ទ្រនិច បណ្តាលឱ្យស្លាប់ និងត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះ បន្ទោសក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ថាអត់មានលទ្ធភាពសង្គ្រោះ ទុកតាមដានពន្យារពេលរាប់ម៉ោង រហូតដល់ហួសពេលនោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បំភ្លឺថា ស្ថានភាពក្មេងស្រីរងគ្រោះ មានសភាពធ្ងន់ធ្ងរខ្លាំង ហើយក្រុមគ្រូពេទ្យ ក៏បានពន្យល់ដល់ក្រុមគ្រួសារសពដែរថា ពុំអាចធ្វើការបញ្ជូនបាន ព្រោះអាចបណ្តាលឱ្យអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ ចំណែកករណីថ្លៃសេវារថយន្តពេទ្យដឹកទៅភ្នំពេញ នោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពវិញ ជាការចូលបុណ្យសព ខណៈដែលការដឹកសពត្រឡប់មកផ្ទះ មិនបានគិតថ្លៃសេវានោះទេ។

យោងតាមសេចក្តីបំភ្លឺរបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង សូមបំភ្លឺជូនសាធារណជន និងក្រុមគ្រួសារនៃសព ចំពោះករណីមរណភាពកុមារីឈ្មោះភឿន ចន្ថា ភេទស្រី អាយុ៧ឆ្នាំ អាសយដ្ឋានភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ម៉ោង១៧ៈ១១នាទី ដោយមូលហេតុឪម៉ាល់ទិច ប្រហែលលើសពី ៣០ទ្រនិច នៅលើដៃទាំងសងខាង ជើងទាំងសងខាង នៅលើក្បាល និងដងខ្លួន ដែលតម្រូវឱ្យក្រុមគ្រួសារធ្វើការសង្គ្រោះបឋម។ នៅវេលាម៉ោង ១៧ៈ៤០នាទី ក្រុមគ្រូពេទ្យ បានធ្វើការវាយតម្លៃពីស្ថានភាពអ្នកជំងឺឡើងវិញ ដោយពិនិត្យឃើញថា ជាតិពុលរបស់សត្វទិច បានពុលទៅលើសរីរាង្គសំខាន់ៗគ្រប់ទីកន្លែង ដូចជា តម្រងនោម ខួរក្បាល បេះដូង ប្រព័ន្ធដកង្ហើម ប៉ុន្តែក្រុមគ្រូពេទ្យ នៅតែបន្តការព្យាបាលដោយយកចិត្តទុកដាក់ និងពន្យល់ដល់ក្រុមគ្រួសារសព ពុំអាចធ្វើការបញ្ជូនបានទេ ព្រោះអាចបណ្តាលឱ្យអ្នកជំងឺគ្រោះថ្នាក់តាមផ្លូវ។ ក្រោយពីការសង្គ្រោះ អស់រយៈពេលជាង ២ម៉ោង ស្ថានភាពនៅតែធ្ងន់ធ្ងរ។ នៅវេលាម៉ោង ២០ៈ១០នាទី ដោយមានការទទូចស្នើសុំពីក្រុមគ្រួសារ ទើបក្រុមគ្រូពេទ្យ បានសម្រេចចិត្តធ្វើការបញ្ជូនអ្នកជំងឺ តាមរថយន្តសង្គ្រោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ទាំងស្ថានភាពនៅតែធ្ងន់ធ្ងរ ដែលបានទៅដល់មន្ទីរពេទ្យ វេលាម៉ោង ២២ៈ១៥នាទី។ សពកុមារី ត្រូវបានរថយន្តសង្គ្រោះ ដឹកជូនដល់លំនៅឋាន ដោយពុំគិតថ្លៃសេវាដឹកជញ្ជូន រីឯថ្លៃសេវាដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ក៏បានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីជាការចូលរួមរំលែកទុក្ខផងដែរ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសពកុមារី ភឿន ចន្ថា ដោយក្តីក្រៀមក្រំក្រៃលែង…»។

គួររំលឹកថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅត្រង់ចំណុចភ្លឺបឹងតាបែន ស្ថិតនៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ដោយក្មេងស្រី អាយុ៧ឆ្នាំម្នាក់ កំពុងជិះកង់តាមវាលស្រែសុខៗ ក៏មានសំបុកឪម៉ាល់ ១សំបុក ត្រូវខ្យល់បោកបក់ខ្លាំង ដាច់ធ្លាក់ចំ ធ្វើឱ្យផ្អើលសត្វឪម៉ាល់ទិចក្មេងស្រីរងគ្រោះ ប្រមាណជាង១០០មេ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះ បន្ទោសថា ដោយសារតែក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក អត់មានលទ្ធភាពសង្គ្រោះ មិនព្រមបញ្ជូនអ្នកជំងឺទៅពេទ្យភ្នំពេញ ភ្លាមទេ ចេះតែទុកតាមដាន ពន្យារពេលរាប់ម៉ោង រហូតដល់ហួសពេល។

ក្មេងស្រីរងគ្រោះ ដែលត្រូវសត្វឪម៉ាល់ទិច បណ្តាលឱ្យស្លាប់នោះ មានឈ្មោះភឿន ចន្ថា អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ២ធ្នូ មានឪពុកឈ្មោះខៀវ ថេន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះហ៊ូ ស៊ីណា អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។

តាមប្រភពពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ទាំងអួលដើមកថា មុនពេលកើតហេតុ កូនស្រីរបស់គាត់ឈ្មោះ ភឿន ចន្ថា (ក្មេងស្រីរងគ្រោះ) បានជិះកង់ទៅលេងនៅវាលស្រែ ទៅតាមជីតាដែលចេញទៅឃ្វាលគោ នៅមាត់បឹងតាបែន។ ខណៈដែលកំពុងជិះ កង់ទៅដល់ភ្លឺបឹង ស្រាប់តែមានខ្យល់យ៉ាងខ្លាំង បោកបក់ បណ្តាលឱ្យដាច់ធ្លាក់សំបុកឪម៉ាល់ពីលើចុងត្នោត មកដី ទាំងសំបុក (ប៉ុនល្អី) ចំពីមុខកង់របស់កូនស្រីគាត់ និងធ្វើឱ្យសត្វឪម៉ាល់ ១សំបុកនោះ ផ្អើលហើរចេញពីសំបុក មកទិចកូនស្រីរបស់គាត់ បណ្តាលឱ្យរងរបួសសុសខ្លួនប្រាណ ប្រមាណ ១០០មេ។ ភ្លាមនោះ កូនស្រីរបស់គាត់ បានផ្តួលកង់ចោល រួចរត់ចេញ ហើយស្រែកហៅតាឱ្យជួយ ចំណែកជីតា ក៏រត់ទៅជួយ ចម្ងាយពីសំបុកឪម៉ាល់ ប្រមាណ ៥០ម៉ែត្រ។ សត្វឪម៉ាល់ ក៏លែងដេញ បានហើរទៅសំបុកវិញ។

ឪពុកម្តាយក្មេងស្រីរងគ្រោះ បន្តថា ពេលនោះ កូនស្រីគាត់ ឈឺចុកចាប់យ៉ាងខ្លាំង ក៏ប៉ុន្តែមានស្មារតីរឹងមាំ ហើយជីតា ក៏នាំត្រឡប់មកផ្ទះ ដើរមកដល់ផ្ទះខ្លួនឯង ទើបពួកគាត់ជាឪពុកម្តាយ ប្រញាប់ដឹកបញ្ជូនកូនស្រី តាមម៉ូតូ ឆ្ពោះទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ ពេលទៅដល់មន្ទីរពេទ្យខេត្ត គឺនៅវេលាម៉ោង ៥ល្ងាច ពេលនោះក្រុមគ្រូពេទ្យ ត្រូវធ្វើតេស្តកូវីដ-១៩ លទ្ធផលអវិជ្ជមាន ទើបពេទ្យឱ្យឪពុកបីកូន ទៅអគារកុមារ រួចបន្តោកសេរ៉ូម មួយប្លោក និងចាក់ថ្នាំ ២ម្ជុល ក៏ទៅបាត់ រហូតដល់ម៉ោង ៧និង៣០នាទីយប់ មានលោកគ្រូពេទ្យម្នាក់ មកមើល ហើយនិយាយថា កូននេះធ្ងន់ហើយ បើមានលទ្ធភាព បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ ទៅ ហើយក៏ចេញទៅវិញបាត់ទៅ។

ក្រោយមក មានគ្រូពេទ្យក្មេងៗ ២នាក់ មកមើល ទើបពួកគាត់ជាឪពុកម្តាយ និយាយថា “បើគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ខ្ញុំសុំបញ្ជូនទៅភ្នំពេញ” ខណៈនោះ គ្រូពេទ្យសុំទុកតាមដានរយៈពេល ១ម៉ោងទៀតសិន មិនអីទេ ចាំឱ្យកូននោមសិន ក្រែងធូរ។ ក៏ប៉ុន្តែកូនស្រីគាត់ កាន់តែឈឺចុកចាប់ពេញខ្លួនប្រាណខ្លាំងឡើងៗ រហូតម៉ោង ៨និង១០នាទីយប់ ទើបបញ្ជូន ហើយបានហៅរថយន្តសាមុយឯកជន ឱ្យមកដឹក ដោយម្ចាស់រថយន្ត យកតម្លៃ ១៨០ដុល្លារ ដឹកដល់មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ។ ប៉ុន្តែដោយរថយន្តសាមុយឯកជននោះ ចាស់ ទើបបើកមិនបានលឿន រហូតដល់ម៉ោង ១០និង៣០យប់ ទើបដល់មន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ។ លុះទៅដល់ ក្រុមគ្រូពេទ្យ លើកយកកូនចុះពីរថយន្ត  កូនស្រីគាត់ក៏បានដាច់ខ្យល់ស្លាប់តែម្តង។

ម្តាយក្មេងស្រីរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា អាណិតកូនស្រីខ្លោចចិត្ត និយាយរហូត ឱ្យគ្រូពេទ្យជួយ និយាយរហូតដល់នាងដាច់ខ្យល់ស្លាប់ ហើយអ្វីដែលគាត់កាន់តែហួសចិត្តនោះ រថយន្តសាមុយ ដែលដឹកកូនគាត់ទៅ យក១៨០ដុល្លារ លុះពេលកូនគាត់ស្លាប់ហើយ ដឹកត្រឡប់មកវិញ យកថ្លៃដឹកសព ថែម១២០ដុល្លារទៀត៕

RELATED ARTICLES