Friday, September 20, 2024
Homeព័ត៌មានជាតិរំដោះចិន ៤នាក់ គេបង្ខាំងឱ្យធ្វើការហួសម៉ោង

រំដោះចិន ៤នាក់ គេបង្ខាំងឱ្យធ្វើការហួសម៉ោង

ខេត្តឧត្តរមានជ័យ ៖ ជនជាតិចិន រងគ្រោះចំនួន ៤នាក់ ក្នុងករណីបង្ខាំងមនុស្ស ត្រូវបាននគរបាលចុះអន្តរាគមន៍ និងជួយសង្គ្រោះរំដោះ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដោយក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅចំណុចក្រុមហ៊ុនអូរស្មាច់ រីសត ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងអរស្មាច់។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានផ្តល់ដំណឹងដល់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង ៣រសៀល ថ្ងៃដដែល ដោយបានចុះធ្វើការស្រាវជ្រាវ និងមានសហការពីម្ចាស់ទីតាំង ក្រុមហ៊ុនអូរស្មាច់ រីសត សមត្ថកិច្ចបានសង្គ្រោះជនជាតិចិន ចំនួន៤នាក់ (ប្រុស)។

ក្រោយធ្វើការសាកសួរបំភ្លឺ ជនរងគ្រោះទាំង៤នាក់ខាងលើ គឺមិនមែនជាករណីបង្ខាំងចាប់ជំរិត ការធ្វើទារុណកម្ម ឬការគំរាមកំហែងនោះទេ គ្រាន់តែធ្វើការច្រើនម៉ោង នឿយហត់ ចង់ឈប់ពីការងារ ហើយក្នុងនោះ មានម្នាក់ចង់ទៅផ្ទះ ជួបប្រពន្ធដែលជិតសម្រាលកូន។ ជនរងគ្រោះទាំង៤នាក់ ខាងលើនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំនីតិវិធីបន្ត៕

RELATED ARTICLES