ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា បានបាត់មុខពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជិត២ឆ្នាំមកហើយ ក្រោយអតីតអ្នកចាត់ការទូទៅរបស់Galaxy លោកយឹម តាស្រង់ បានបញ្ចេញតម្លៃខ្លួននាងកាលពីចុងខែធ្នូឆ្នាំ២០២០ ថាសីម៉ា ច្រៀងកម្មវិធីធំម្ដងស៊ីថ្លៃ៥ពាន់ដុល្លារ ខណៈដែលច្រៀងនៅតាមឆាកប៉ុស្ដិ៍ទូរទស្សន៍តម្លៃចាប់ពី១០០០ទៅ២០០០ដុល្លារដែលធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីទាំងឡាយថ្ងូរដូចព្រាបមកអតីតអ្នកស្មូតជាប់លេខ១នៅខេត្តតាកែវរូបនេះត្រូវបានគេដាក់តារាផ្សេងៗជំនួសព្រោះអ្នកផលិតកម្មវិធីគ្មានលទ្ធភាពជួលនាងឡើងច្រៀងឡើយ។ប៉ុន្ដែសម្រាប់សីម៉ា ផ្ទាល់វិញនាងក៍មិនក្វាយក្វល់ពីការបញ្ចុះតម្លៃខ្លួនដើម្បីឲ្យមានឱកាសឡើងឆាកដូចមុនវិញដែរ ព្រោះថ្នាក់ដឹកនាំGalaxy ចាត់ទុកនាងជាតារាលំដាប់Grade A ហេតុនេះហើយត្រូវតែថ្លៃជាងគេបន្ដិចនិងមិនអាចកែប្រែបានឡើយ។
គូរបញ្ជាក់ថាក្រៅពីតន់ ច័ន្ទសីម៉ា តារាដែលរយាលៗពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍នារយៈពេលចុងក្រោយនេះមានដូចជាលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ ,សួស វីសា និងសុខ ពិសី ជាដើម ខណៈដែលឱក សុគន្ធកញ្ញា វិញក្រោយនាងក្លាយទៅប្អូនថ្លៃថៅកែហង្សមាសជាង២ឆ្នាំមកនាងមិនដែលឡើងប៉ុស្ដិ៍ទូរទស្សន៍ណាក្រៅពីស្ថានីយ៍របស់បងថ្លៃនាងឡើយ។សម្រាប់នាងច័ន្ទសីម៉ា វិញកន្លងមកអ្នកគ្រប់គ្រងGalaxy ថាបើមានគេថាតម្លៃដែលបានកំណត់នោះថ្លៃពេក មិនហ៊ានជួលក៍មិនអីដែរព្រោះផលិតកម្មមួយនេះមានលទ្ធភាពចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានសុខស្រួលហើយ។
អំឡុងពេលតន់ ច័ន្ទសីម៉ា បាត់ខ្លួនពីឆាកទូរទស្សន៍ជាច្រើនខែនេះគេឃើញអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះប្រឹងបន្ទំស្បែកឲ្យកាន់តែសខ្ចីទើបធ្វើឲ្យសម្រស់នាងរឹតតែគូឲ្យក្នក់ក្នាញ់ក្រោយតារាវ័យ២៥ឆ្នាំបានកែកុនសម្រស់ដូចជាធ្វើច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញមក។ប៉ុន្ដែរឿងរ៉ាវដែលធ្លាប់លេចឭថាសីម៉ា មានឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហ៍យ៉ាងប្រកិតបំផុតនោះ ពេលនេះបែជាស្ងប់ស្ងាត់ទៅវិញ ទើបធ្វើឲ្យអ្នកគិតថាច័ន្ទសីម៉ា នឹងឡើងជាជំទាវនាពេលអនាគតនោះបែជាលែងមានដំណឹង ខណៈដែលរាល់លើកទាំងFan និងអ្នកសារព័តមានសួររឿងស្នេហារបស់នាងនោះសីម៉ា តែងតែអះអាងថាបេះដូងនាងមិនទាន់មានម្ចាស់នោះទេ។តែការអះអាងរបស់នាងបែបនោះមិនត្រូវបានគេជឿរជាក់ទេនាំឲ្យតារាសម្លេងស្អករូបនេះទ័លតម្រេះព្រោះខំនិយាយថាអត់សង្សារយ៉ាងណាក៍នាងថាគ្មានអ្នកណាម្នាក់ជឿរលើនាងឡើយ៕