Friday, September 20, 2024
Homeព័ត៌មានជាតិបាត់ប្អូនក្រមុំជិត២០ថ្ងៃ បងស្រីប្រកាសរក

បាត់ប្អូនក្រមុំជិត២០ថ្ងៃ បងស្រីប្រកាសរក

ខេត្តព្រះសីហនុ ៖ យុវតីម្នាក់ បានប្រាប់ក្រុមគ្រួសារថា ខ្លួនបានផ្លាស់ប្តូរការងារពីកម្មការិនីរោងចក្រ ទៅធ្វើជាអ្នកកត់ឆ្នោតឡូតូ ជាមួយមិត្តភក្តិ ដោយមិនប្រាប់ថា ទៅធ្វើការនៅទីតាំងណាឱ្យពិតប្រាកដទេ រួចក៏ប្តូរតាំងពីបន្ទប់ស្នាក់នៅ និងលេខទូរស័ព្ទ ធ្វើឱ្យក្រុមគ្រួសារទាក់ទងសួរសុខទុក្ខមិនបានសោះ ទើបនាំគ្នាដើរតាមស្វែងរក អស់រយៈពេលជិត ២០ថ្ងៃ ទៅហើយ នៅតែមិនមានដំណឹង ជាហេតុធ្វើឱ្យបងស្រីព្រួយបារម្ភពីសុវត្ថិភាពប្អូនស្រី ក៏ប្រកាសស្វែងរកតាមបណ្តាញសង្គម។

យុវតីដែលបាត់ខ្លួន មានឈ្មោះមុំ ម៉ាលី អាយុ១៩ឆ្នាំ ជាអតីតកម្មការិនីរោងចក្រ និងធ្លាប់ស្នាក់នៅភូមិអង្គតាកូវ សង្គាត់គោករកា ខណ្ឌព្រែកព្នៅ។ យុវតីរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មកម៉្លេះ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា យុវតីឈ្មោះមុំ ម៉ាលី ពីមុនធ្លាប់បម្រើការងារនៅរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ឈូកវ៉ា១ ភូមិអង្គតាកូវ សង្គាត់គោករកា ខណ្ឌព្រែកព្នៅ។ ប៉ុន្តែនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នាងបានប្រាប់អ្នកផ្ទះថា នាងផ្លាស់ប្តូរការងារទៅធ្វើនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ធ្វើជាអ្នកកត់ឆ្នោតឡូតូ ជាមួយមិត្តភក្តិ តែមិនបានប្រាប់ថា នៅម្តុំណាឱ្យប្រាកដទេ លុះដល់ថ្ងៃទី១៤ សីហា ក៏ទាក់ទងលែងបានតែម្តង។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បងស្រីរបស់នារីដែលបាត់ខ្លួន បានបង្ហោះរូបថតរបស់យុវតីដែលបាត់ខ្លួន ដែលត្រូវជាប្អូនស្រីពៅរបស់ខ្លួន ចំនួន៤សន្លឹក តាមគណនីហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំបានបាត់ប្អូនស្រី ឈ្មោះ មុំ ម៉ាលី អាយុ១៩ឆ្នាំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ កាលពីដើមប្អូនស្រី ធ្លាប់ធ្វើការនៅរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ឈូកវ៉ា១ ភូមិអង្គតាកូវ សង្គាត់ គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប៉ុន្តែនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ប្អូនស្រីបានប្រាប់មកកាន់អ្នកផ្ទះថា “គាត់នឹងផ្លាស់ប្តូរការងារទៅធ្វើនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើជាអ្នកកត់ឆ្នោតឡូតូ ជាមួយមិត្តភក្តិ” តែមិនបានប្រាប់ថា នៅម្តុំណាឱ្យប្រាកដទេ ប៉ុន្តែនៅតែអាចទាក់ទងចូលធម្មតា ប៉ុន្តែនៅថ្ងៃទី១៤ រហូតមកដល់ថ្ងៃនេះ យើងខ្ញុំទាក់ទងទៅប្អូនស្រីមិនបានសោះ។

បើពុកម៉ែ បងប្អូន បានឃើញប្អូនស្រីដូចនៅក្នុងរូបខាងលើនេះ សូមទាក់ទងមកនាងខ្ញុំផងណាចា៎ សូមអគុណទុកជាមុន ០១៥ ៦៦ ៥២ ៥១, ០៧០ ៦៥៦ ២៩៧ និង០៨៩ ៦៩០ ៩១៤…”៕

RELATED ARTICLES