ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីគ្នាយ៉ាងស្រួចស្រាល់ រហូតឈានដល់ផ្ទុះជាអំពើហិង្សា ដោយភាគីបុរសជាបងថ្លៃ បានស្ទុះទាញដំបងឈើ សំពងទៅលើជនរងគ្រោះជាប្អូនថ្លៃ ទាំងកំរោល បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាង អាណោចអាធ័ម។ ចំណែកជនដៃដល់ជាឃាតករ ក្រោយពីវាយសម្លាប់ប្អូនថ្លៃរួច បានព្យាយាមរត់គេចទៅសម្ងំនៅផ្ទះឪពុកបង្កើតរបស់ខ្លួន ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ បងថ្លៃវាយសម្លាប់ប្អូនថ្លៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។
ជនសង្ស័យជាឃាតករវាយសម្លាប់ប្អូនថ្លៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ កែវ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ មានឈ្មោះដោក នី ភេទប្រុស មុខរបរកសិករ មានលំនៅក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ (ស្នាក់នៅផ្ទះជាមួយគ្នា)។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ប៉ុន្តែមិនដឹងថា ផ្តើមចេញពីរឿងអ្វីឱ្យពិតប្រាកដនៅឡើយ។ ស្រាប់តែបន្តិចក្រោយមក ភាគីបុរសជាបងថ្លៃ ផ្ទុះកំហឹងខ្លាំងទប់មិនជាប់ ក៏ស្ទុះទៅទាញដំបងឈើ ប្រវែងជាង១ម៉ែត្រ សំពងទៅលើជនរងគ្រោះជាប្អូនថ្លៃ ទាំងកំរោល ជាច្រើនដំបង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ក្រោយពីវាយសម្លាប់ប្អូនថ្លៃរួចហើយ ជនសង្ស័យបានព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយរត់ទៅសម្ងំលាក់ខ្លួននៅផ្ទះឪពុកបង្កើតរបស់ខ្លួន ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។
បន្ទាប់ពីស្រាវជ្រាវដឹងពីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ នៅថ្ងៃដដែលនោះ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ត្បែងខ្ពស់ សហការជាមួយកម្លាំងប្រជាការពារ បានចុះតាមចាប់ខ្លួនជនសង្ស័យ រួចនាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕