Friday, September 20, 2024
Homeព័ត៌មានជាតិម៉ែឪអត់នៅ កូនដុតផ្ទះឆេះហ្មត់

ម៉ែឪអត់នៅ កូនដុតផ្ទះឆេះហ្មត់

ខេត្តកណ្តាល ៖ បុរសម្នាក់ ខណៈដែលឪពុកម្តាយមិននៅ (ចេញទៅភ្នំពេញ) ក៏បែកគំនិតដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែមិនអាចសង្គ្រោះបាន ដោយផ្ទះទាំងមូល បានក្លាយជាចំណីភ្លើងអស់។

ករណីដុតផ្ទះខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុច ភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះសុខ រិទ្ធ ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះគា ហេង អាយុ៥២ឆ្នាំ មានលំនៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក (ពេលកើតហេតុ ម្ចាស់ផ្ទះនៅភ្នំពេញ)។ ចំណែកជនបង្កហេតុដែលដុតផ្ទះខ្លួនឯង និងកំពុងរត់គេចខ្លួន មានឈ្មោះរិទ្ធ សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សញៀនថ្នាំ ប្រើប្រាស់ថ្នាំញៀនរហូតដល់បាត់បង់សតិស្មារតី រហូតមកដល់ថ្ងៃកើតហេតុ ស្រាប់តែធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើ លោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែក និងលោកវរសេនីយ៍ទោ ឡុង អូណា អធិការរង បានដឹកនាំបញ្ជាកម្លាំងអន្តរាគមន៍របស់អធិការស្រុកលើកដែក សហការជាមួយមេឃុំកំពង់ភ្នំ កម្លាំងប៉ុស្តិ៍កំពង់ភ្នំ ប្រជាការពារភូមិ និងកងកម្លាំងអន្តរាគមន៍បង្ការ ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកលើកដែក ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប រហូតដល់រលត់ជាស្ថាពរ នៅវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃដដែល ដោយមិនបណ្តាលឱ្យមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ។

នៅក្នុងហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ទូដាក់ខោអាវ ចំនួន១ រួមនិងសម្ភារ:ជាច្រើនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន មូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបង្កឡើងដោយឈ្មោះ រិទ្ធ សុភាព ត្រូវជាកូនម្ចាស់ផ្ទះ ជាអ្នកដុត ដោយសារតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត៕

RELATED ARTICLES